វិធានការ​ការពារ​សុវត្ថិភាព​បញ្ចៀស​គ្រោះថ្នាក់​ក្នុងអំឡុងពេល​ទឹកជំនន់​និង​ក្រោយ​ទឹកជំនន់​

13-10-2020 10:56 am 286

​ស្រប​ពេល​ខេត្ត​មួយចំនួន​របស់​កម្ពុជា​កំពុង​រង​នូវ​ការលិចលង់​ពី​ទឹកជំនន់​ក្រសួងសុខាភិបាល​បាន​ក្រើនរំលឹក​និង​ណែនាំ​វិធានការ​មួយចំនួន ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ផ្សេងៗ​នៅ​អំឡុង​ពេល និង​ក្រោយពេល​មាន​ទឹកជំនន់​។ 

​ដើម្បី​កាត់បន្ថយ​ឲ្យបាន​ជា​អតិបរមា​នូវ​ផល​ប៉ះពាល់​សុខភាព អាយុជីវិត​ជនរងគ្រោះ និង​មូលដ្ឋាន​សុខាភិបាល​ពី​គ្រោះធម្មជាតិ ក្រសួង​សុខាភិបាល​បាន​ក្រើនរំលឹក និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ​ដូចជា មិន​ត្រូវ​ចូល​ទៅក្នុង​ផ្ទះ​ចាស់​ឬ​អគារ​ទ្រុឌទ្រោម ព្រោះ​អាច​ស្រុត​បាក់បែក​បង្ក​ជា​គ្រោះថ្នាក់​។ មិន​ត្រូវ​ប៉ះពាល់​គ្រឿងអគ្គិសនី​ដោយ​ដៃ​សើម​ឬ​កំពុង​ឈរ​នៅ​ក្នុង​ទឹក និង​ត្រូវមាន​ភ្លើង​បំភ្លឺ​ពេល​ធ្វើដំណើរ​ដោយ​ជិះទូក​ឬ​កាណូត​នៅពេល​យប់​។ ត្រូវ​សម្រាន្ត​ក្នុង​មុង​ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុនចាញ់​និង​ជំងឺ​ផ្សេងៗ​។ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​កុមារី និង​ក្មេង​ស្រី​នៅ​ទី​ទួល​សុវត្ថិភាព​ក្រែង​មាន​អំពើ​ហិង្សា​ផ្លូវភេទ​។ ត្រូវ​ជួយ​មនុស្ស​ចាស់ និង​ផ្ដល់​ការគាំទ្រ​ដល់​សមាជិក​គ្រួសារ​ឬ​កុមារ​ពិការ ដូចជា ឈើច្រត់ រទេះរុញ ឬ​ថ្នាំពេទ្យ​ដែល​ពួកគេ​កំពុង​ប្រើប្រាស់​ជាប្រចាំ​មួយចំនួន​ជា​ចាំបាច់​។ ត្រូវ​ប្រុងប្រយ័ត្ន​ចៀសវាង​នូវ​គ្រោះថ្នាក់​លង់ទឹក ត្រូវ​ការពារ​កុមារ​តូចៗ​កុំឲ្យ​ចុះទឹក ពន្យល់​ពួកគេ​ពី​គ្រោះថ្នាក់​នៃ​ការ​លង់ទឹក និង​ត្រូវ​នាំ​ពួកគេ​ទៅ​កន្លែង​ខ្ពស់ មាន​អ្នក​ថែទាំ ប្រើ​អាវ​ពោង​ឬ​ប៊ីដុង​ជ័រ​គ្រប់ពេល​កុមារ​ចេញពីផ្ទះ​។ ពេល​ធ្វើដំណើរ​តាម​ទូក​មិន​ត្រូវ​ដាក់​មនុស្ស​ហួស​កម្រិត បើ​មាន​នរណា​ម្នាក់​លង់ទឹក​ត្រូវ​ហៅ​ជំនួយ​បន្ទាន់​។​

​ក្នុង​សេចក្ដីណែនាំ​ដដែល ក្រសួង​ក៏​បាន​ណែនាំ​ឲ្យ​ប្រុងប្រយ័ត្ន​គ្រោះថ្នាក់​ដោយសារ​សត្វ​ពស់​ចឹក ឬ​សត្វ​អាសិរពិស​ផ្សេងៗ ដោយ​ត្រូវ​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​មុន​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព​ឬ​មុន​ទៅ​ធ្វើការ​ជិត​គំនរ​ឧស​ឬ​គំនរ​ឈើ​ជា​ដើម​។ ត្រូវ​ស្លៀក​ខោជើងវែង និង​ពាក់​ស្បែកជើង​កវែង​ពេល​ធ្វើដំណើរ​ពេលយប់​ឬ​ធ្វើ​ការងារ និង​ត្រូវ​ចៀសវាង​កន្លែង​ដែល​មាន​ស្មៅ​ស៊ុប​ទ្រប់ និង​ដាច់ខាត​មិន​ត្រូវ​យក​ដៃ​ទៅ​ចាប់​ពស់​ឬ​សត្វ​អាសិរពិស​ឡើយ​។ តែ​ប្រសិនបើ​ករណី​មាន​អ្នក​ត្រូវ​ពស់​ចឹក ឬ​សត្វ​អាសិរពិស​ទិច​ឬ​ខាំ ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​។ ក្រៅពីនេះ​ត្រូវ​បរិភោគ​ទឹកស្អាត ឬ​ទឹក​ដាំ​ពុះ ឬ​ទឹក​ប្រើ​ដ្នាំ​ក្ល​រីន ហើយ​សម្រាប់​អាហារ​ត្រូវ​រក្សា និង​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​ដើម្បី​ចៀសវាង​ជំងឺ​ផ្សេងៗ​ដូចជា ជំងឺរាក ជំងឺរាក​មួល ពុល ជំងឺ​រលាក​ផ្លូវដង្ហើម​ស្រួចស្រាវ និង​ជំងឺ​ផ្សេងៗ​ទៀត​។ លើសពីនេះ​ត្រូវ​ធ្វើ​អនាម័យ​ខ្លួនប្រាណ និង​បោក​សម្លៀកបំពាក់​ឲ្យបាន​ស្អាត ចៀសវាង​ជំងឺ​សើ​ស្បែក ពងទឹក និង​កមរមាស់​ជាដើម​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត