បច្ចេកទេសដាំគូលែន

13-10-2020 9:09 am 799

១. ការរៀបចំរណ្តៅ ៖
- ត្រូវជីករណ្តៅ៦តឹកបួនជ្រុង និងជម្រៅ៦តឹក
- រោយកំបោរស ប្រមាណ២ស្លាបព្រាបាយក្នុងរណ្តៅ
- ត្រូវដាក់ផេះ ឬអង្កាម កំប្លោក ចំបើងពុក អាចម៍មាន់ ឬអាចម៍ជ្រូក ឬអាចម៍គោ មួយស្រទាប់កម្រាស់១តឹក រួចដាក់ដីពីលើ១តឹក ធ្វើយ៉ាងនេះ រហូតទាល់តែពេញរណ្តៅ
- ត្រូវទុករណ្តៅ រៀបចំហើយ ក្នុងរយៈពេល២ ទៅ៣សប្តាហ៍
- ចម្ងាយពីរណ្តៅមួយទៅរណ្តៅមួយ មានប្រវែង៨ម៉ែត្រ

២. ការដាំដុះ ៖
- កូនគូលែន ត្រូវរក្សាផ្សាំទុក១សប្តាហ៍ មុនដាំ
- ផ្អាកស្រោចទឹក២ថ្ងៃមុនដាំ ដើម្បីកុំឱ្យបែកដី និងឫស
- មុនដាំត្រូវជញ្ជូនកូនគូលែនដាក់ក្បែររណ្តៅទាំងអស់
- ត្រូវបកថង់ចេញ ធ្វើយ៉ាងណាកុំឱ្យបែកដី
- កប់កូនគូលែនក្នុងរណ្តៅ ដោយធ្វើយ៉ាងណាឱ្យដីកន្ទោងកូនគូលែន ស្មើមាត់រណ្តៅរួចយកមែកឈើ ដោតក្បែររណ្តៅចងទប់ជាមួយកូនគូលែន
- លប់ដីបន្តិចម្តងៗ ដោយសង្កត់ថ្នមៗ ហាមសង្កត់លើដីកន្ទោងកូនគូលែន ដែលបណ្តាលឱ្យដាច់ឫស

៣. ការថែទាំ និងដាក់ជី ៖ 
- ខែវស្សា ត្រូវពូនគល់ ការពារទឹកជាំ នៅគល់បណ្តាលឱ្យរលួយឫស
- នៅដើមរដូវប្រាំង គួរដាក់ជីបំប៉នដោយប្រើជីអាចម៍មាន់ ឬអាចម៍ជ្រូក ឬអាចម៍គោ លាយជាមួយអង្កាមពុក ចំបើង ឬកំប្លោករលួយកាយកប់ក្នុងដីធ្វើជាកំពែង
- ប្រសិនបើកូនគូលែន មានសត្វល្អិតស៊ីត្រួយ ត្រូវប្រើថ្នាំសម្លាប់សត្វល្អិត (ណាតូ)

៤. ការស្រោចទឹក ៖
- កូនគូលែនអាយុតិចជាង២ឆ្នាំ ត្រូវស្រោចទឹក១ដង ក្នុង១សប្តាហ៍ នៅរដូវប្រាំង
- យើងត្រូវស្រោចទឹកតែម្តងគត់ នៅពេលវាកំពុងផ្កា

៥. ការកាត់តែងមែក ៖
- ត្រូវកាត់ត្រួយចុងចេញនៅឆ្នាំទីមួយ
- ត្រូវកាត់មែក មិនសូវល្អចេញរៀងរាល់ឆ្នាំដោយទុកតាមប្រព័ន្ធ ១-៣-៦-១៨ (ដើម១ - មែកធំ៣-ខ្នែងធំ៦ និងខ្នែងត្រួយ១៨) បើអាចធ្វើបានជាការល្អ
- នៅពេលផ្លែគូលែនមានទំហំប៉ុនមេដៃ យើងត្រូវបាញ់ថ្នាំសម្លាប់សត្វល្អិត (ណាតូ) ទៅលើផ្លែ ដើម្បីការពារដង្កូវស៊ីផ្លែនៅពេលវាទុំ

៦. ការប្រមូលផល ៖
- មិនត្រូវបេះផ្លែគូលែនទម្លាក់លើដីទេ
- ត្រូវបេះផ្លែគូលែនឱ្យមានជាប់ទងជាការប្រសើរ

ចំណាំ ៖ លោកអ្នកអាចរកទិញកូនគូលែនបានតាមរយៈ ១. អ្នកស្រី ជា ធារិទ្ធ អ្នកលក់កូនពូជឈើហូបផ្លែគ្រប់ប្រភេទ ក្បែរស្ពានទឹកវិល ខណ្ឌក្រុងសៀមរាប តាមរយៈទូរស័ព្ទលេខ ០១២ ៣៥ ១០ ៣០ / ០១៧ ៦៨ ៨៤ ៤៩ ២. លោកគឹម សុធា អ្នកលក់កូនពូជឈើហូបផ្លែគ្រប់ប្រភេទ សួនបុប្ផាអង្គរ ក្រុងសៀមរាប ទូរស័ព្ទលេខ ០១២ ៩៨ ០៦ ៣. លោក គឹម ឈុំ អ្នកលក់កូនពូជឈើហូបផ្លែគ្រប់ប្រភេទ សួនច្បារអេដែន ក្រុងសៀមរាប ទូរស័ព្ទលេខ ០១២ ៣១ ២០ ៥៥ ៤. លោក វ៉ាន់ ហឿន អ្នកលក់កូនពូជឈើហូបផ្លែគ្រប់ប្រភេទ ក្បែរផ្សារអង្រ្គង ស្រុកប្រាសាទបាគងខេត្តសៀមរាប ទូរស័ព្ទលេខ ០១២ ៧០ ៨០ ៤៣ ៥. អ្នកស្រី គឹម សាវេត អ្នកលក់កូនពូជឈើហូបផ្លែគ្រប់ប្រភេទ ភូមិស្ពានជ្រាវ ខណ្ឌក្រុងសៀមរាប ទូរស័ព្ទលេខ ០៨៩ ៨០ ៥៤ ៦៦

ដកស្រង់ចេញពីសៀវភៅឯកសារបច្ចេកទេសកសិកម្ម របស់ក្រសួងកសិកម្ម ៕ 

 ពាក្យគន្លឹះ  កសិកម្មគូលែន

ព័ត៌មានផ្សេងទៀត