យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើននាក់បាត់ខ្លួន បន្ទាប់ពីគ្រោះទឹកជំនន់វាយប្រហារតំបន់ភាគកណ្ដាលប្រទេសវៀតណាម នេះបើតាមការបញ្ជាក់ពីអាជ្ញាធរ។ ស្របពេលជាមួយគ្នា ព្យុះថ្មីក៏កំពុងជះឥទ្ធិពលធ្វើឲ្យភ្លើងបន្ដធ្លាក់ខ្លាំងក្នុងប្រទេសវៀតណាម។ តាមរូបភាពបង្ហាញដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឃើញមានភូមិទាំងអស់ខេត្ដQuang Tri និងនៅក្នុងខេត្ដQuang Namត្រូវជន់លិច ខណៈទឹកជំនន់ក៏បានហូរកាត់ទីក្រុងHue និងទីក្រុងទេសចរណ៍Hoi Anផងដែរ។
មនុស្សជិត៤៦,០០០នាក់ហើយត្រូវបានជម្លៀសចេញទៅកន្លែងមានសុវត្ថិភាព ស្របពេលផ្ទះរាប់ពាន់ខ្នងត្រូវលិចក្នុងទឹក។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្ដរាយវៀតណាម។ ក្រុមជួយសង្គ្រោះក៏កំពុងអន្ដរាគមន៍នៅទីតាំងជន់លិច ខណៈយោធាបានប្រើឧទ្ធម្ភាគចក្រជួយសង្គ្រោះអ្នកនេសាទ៨នាក់ ដែលត្រូវរលកបោកបក់ទូកពួកគេចូលទៅឆ្ងាយក្នុងសមុទ្រ។
គួរជម្រាបជូនថា វៀតណាមជាញឹកញាប់តែងរងគ្រោះដោយសារបញ្ហាអាកាសធាតុមិនល្អនៅរដូវស្សា ចន្លោះពីខែមិថុនានិងវិច្ឆិកា ដោយតំបន់ឆ្នេរភាគកណ្ដាលជាតំបន់ងាយរងគ្រោះបំផុត។ កាលពីឆ្នាំមុនមានមនុស្ស១៣២នាក់បានស្លាប់និងបាត់ខ្លួន ដោយសារតែគ្រោះធម្មជាតិនេះ៕(ដោយ៖ពេញ ផេង)