ត្រឹមតែពីរថ្ងៃប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងប្រារព្ធខួប៧៥ឆ្នាំនៃការបង្កើតគណបក្សពលករ ប្រទេសជប៉ុននៅថ្ងៃទី១២តុលានេះ បានប្រកាសពង្រឹងសមត្ថភាពបន្ថែម ដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។ កូរ៉េខាងជើងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានរៀបចំព្រឹត្ដិការណ៍ដ៏ធំបំផុតមួយ មានទាំងក្បួនព្យុហយាត្រាកងទ័ព សម្ភារយោធា និងមានបង្ហាញនូវគ្រឿងសព្វាវុធទំនើបៗ ក្នុងនោះក៏មាននូវមីស៊ីលដែលស្គាល់ថាមីស៊ីលអន្ដរទ្វីបICBMផងដែរ។ មីស៊ីលនេះមានសមត្ថភាពអាចបាញ់ឆ្លងទ្វីបបាន ដោយកូរ៉េខាងជើងមិនដែលបង្ហាញឲ្យឃើញទេ ពោលគឺតាំងពីមានទំនាក់ទំនងល្អប្រសើរជាមួយអាមេរិកនិងកូរ៉េខាងត្បូងក្នុងឆ្នាំ២០១៨។
យ៉ាងណាក៏ដោយមីស៊ីលអន្ដរទ្វីបICBMបានលេចវត្ដមានជាថ្មី ចន្លោះពេលកំពុងជាប់គាំងនៃកិច្ចព្រមព្រៀងរំលាយនុយក្លេអ៊ែរ ដែលកូរ៉េខាងជើងបានឯកភាពជាមួយសហរដ្ឋអាមេរិក។ ក្នុងជំនួបកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នៅក្នុងប្រទេសសិង្ហបុរី កូរ៉េខាងជើងនិងអាមេរិកបានឈានដល់កិច្ចព្រមព្រៀងរំលាយកម្មវិធីនុយក្លេអ៊ែរ រួមនឹងការប្ដេជ្ញាចិត្ដមួយចំនួនទៀត ដើម្បីស្ដារទំនាក់ទំនងការទូតឡើងវិញ។ ប៉ុន្ដែមិនបានប៉ុន្មាន កិច្ចព្រមព្រៀងត្រូវនៅហ្នឹងថ្កល់ដោយសារខ្វែងគំនិតជុំវិញការបន្ធូរបន្ថយទណ្ឌកម្ម។
តាំងពីជំនួបលើកទីពីរក្នុងខែកុម្ភៈឆ្នាំ២០១៩ក្នុងទីក្រុងហាណូយប្រទេសវៀតណាម ដែលលោកគីម ជុងអ៊ុននិងលោកដូណាល់ ត្រាំ មិនចុះសម្រុងលើការដោះដូរទណ្ឌកម្មសេដ្ឋកិច្ច ដោយលោកគីមចង់ឲ្យលោកត្រាំដកទណ្ឌកម្មសេដ្ឋកិច្ចចេញខ្លះ តែលោកត្រាំថាឲ្យលោកគីមរំលាយកម្មវិធីនុយក្លេអ៊ែរជាមុនសិន។ ទីបំផុតកិច្ចជំនួបកាលនោះបញ្ចប់ទាំងគ្មានលទ្ធផល ជាហេតុធ្វើឲ្យដំណើរការរំលាយនុយក្លេអ៊ែរត្រូវកល់ជាប់មួយកន្លែង។
បន្ទាប់ពីនោះមកទោះតិចតួចក្ដីកូរ៉េខាងជើងហាក់អន់ចិត្ដនឹងអាមេរិក មិនថាលោកត្រាំបង្ហាញសុទិដ្ឋិនិយមលើកិច្ចព្រមព្រៀងរំលាយនុយក្លេអ៊ែរក៏ដោយ។ កូរ៉េខាងជើងក៏ធ្លាប់បានធ្វើតេស្ដមីស៊ីលរយៈចម្ងាយខ្លីជាច្រើនលើកច្រើនសារ ជាសកម្មភាពដែលអន្ដរជាតិមិនចង់បាន។ គាប់ជូននៅក្នុងព្រឹត្ដិការណ៍រម្លឹកខួប៧៥ឆ្នាំនៃការបង្កើតគណបក្សពលករកាលពីថ្ងៃសៅរ៍សប្ដាហ៍ កូរ៉េខាងជើងបានបង្ហាញនូវមីស៊ីលដ៏មានអានុភាពថែមទៀត ជាអាវុធសង្ស័យថាទើបអភិវឌ្ឍថ្មីអាចបាញ់ចេញពីនាវាមុជទឹកបាន។ ឥរិយាបថបែបនេះ ចង់ឬមិនចង់កូរ៉េខាងជើងត្រូវបានគេមើលឃើញថា កំពុងព្យាយាមបង្អួតសាច់ដុំសព្វាវុធជាថ្មី។
សម្រាប់ប្រទេសជប៉ុន ឆ្លើយតបនឹងអ្វីដែលខ្លួនចាត់ទុកថាជាការគំរាមកំហែង និងភាពស្មុគស្មាញនៃការអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង មន្ដ្រីជាន់ខ្ពស់ជប៉ុនលោកកាត្សឹណូប៊ូ កាតូបានធ្វើសន្និសីទកាសែតបញ្ជាក់ជំហរថា ជប៉ុននឹងបង្កើនការប្រុងប្រយ័ត្នចំពោះសមត្ថភាពទប់ស្កាត់មីស៊ីលផ្លោង។ ដ្បិតមិនបង្ហាញលម្អិតថាត្រូវបង្កើនសមត្ថភាពយ៉ាងម៉េច ប៉ុន្ដែលោកថាជប៉ុននឹងបន្ដសហការជាមួយអាមេរិកនិងប្រទេសពាក់ព័ន្ធ ដើម្បីការពារសុវត្ថិភាពប្រជាជនជប៉ុន។
គួរជម្រាបជូនថា ស្ថិតក្រោមការដឹកនាំរបស់លោកស៊ីនហ្ស៊ូ អាបេអស់រយៈពេលជិត៨ឆ្នាំ ជប៉ុនបានពង្រីកតួនាទីយោធាជាអន្ដរជាតិស្ថិតក្រោមសម្ព័ន្ធភាពជប៉ុន-អាមេរិក ចន្លោះពេលកើនឡើងការគំរាមកំហែងពីកូរ៉េខាងជើងនិងចិន។ ទីក្រុងតូក្យូបានចាត់ទុកប្រទេសទាំងពីរគំរាមកំហែងដល់សន្ដិសុខប្រទេសខ្លួន ហើយជប៉ុនកំពុងសិក្សាពីលទ្ធភាពនៃការផ្លាស់ប្ដូរគោលនយោបាយដ៏សំខាន់មួយ ដែលអាចរួមបញ្ចូលលទ្ធភាពនៃការអភិវឌ្ឍសមត្ថភាពវាយប្រហារលើសត្រូវលើកដំបូងផងដែរ៕(ដោយ៖ពេញ ផេង)