លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានឲ្យដឹងថា រដ្ឋាភិបាលចិនសន្យាថានឹងផ្ដល់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេស គឺកម្ពុជាដែលជាមិត្តដែកថែប។ លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះបន្ថែមទៀតថា ការវិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយសារវីរុសកូវីដ-១៩នោះទេ ផ្ទុយទៅវិញកាន់តែមានការរីកចម្រើន។ លោករដ្ឋមន្ត្រីការបរទេសចិនថ្លែងយ៉ាងដូច្នេះក្នុងឱកាសជួបប្រជុំការងារជាមួយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងកាលពីថ្ងៃទី១១តុលា។
ដោយឡែកក្រៅពីការសន្យាផ្ដល់វ៉ាក់សាំងដល់កម្ពុជា លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានបញ្ជាក់អំពីការប្រើប្រាស់ឥណទានសម្បទាន(Loan) និងហិរញ្ញប្បទានឥតសំណង(Grant)ដែលរដ្ឋាភិបាលចិនផ្ដល់ជូនកម្ពុជា សម្រាប់បេក្ខភាពគម្រោងអាទិភាពឆ្នាំ២០២០ ដើម្បីអនុវត្តន៍គម្រោងចំនួន៨។ ជាក់ស្ដែងភាគីចិនបានប្រគល់នូវកំណត់ទូតអំពី ជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍដែលមានទឹកប្រាក់ចំនួន ៩៥០លានយាន់ ស្មើនឹងប្រមាណ ១៤០លានដុល្លារអាមេរិកដល់កម្ពុជា។
គួរបញ្ជាក់ថាគម្រោងប្រញាប់អភិវឌ្ឍទាំង៨ខាងលើនេះ រួមមាន៖ ទី១.គម្រោងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រពីទីក្រុងព្រះសីហនុទៅកាន់ទីក្រុងហុងកុង។ ទី២.គម្រោងសាងសង់ផ្លូវជាតិលេខ៧១C។ ទី៣.គម្រោងខ្សែបញ្ជូនអគ្គិសនីជនបទជំហានទី៧។ ទី៤.គម្រោងជម្រុញផលិកម្មស្រូវ និងនាំចេញអង្ករ។ ទី៥.គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត។ ទី៦.គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៤១ លេខ៣៣ និងលេខ៣១។ ទី៧.កម្ពុជាស្នើឲ្យមិត្តចិនជួយដោះស្រាយបញ្ហាផ្ដាច់មុខ របស់ក្រុមហ៊ុនCOFCOរបស់ចិន ដែលជារបាំងសម្រាប់ការនាំចូលអង្ករកម្ពុជា ដែលមានចំនួន៤០០,០០០តោន និងទី៨.ភាគីចិនបានយល់ព្រមទិញស្វាយនិងត្រីទៅប្រទេសចិន និងបានស្នើជំរុញការនាំចូលឲ្យបានឆាប់ផងដែរ។
យ៉ាងណា កន្លងមកភាគីចិនបានទទួលទិញកសិផលកម្ពុជាបានច្រើនមួយចំនួនរួចមកហើយ ដែលរួមមានដូចជា ចេក ស្វាយ ដំឡូងមី កៅស៊ូ គ្រាប់ស្វាយចន្ទី។ លើសពីនេះភាគីកម្ពុជាក៏បានជំរុញឲ្យចិនជួយទិញម្រេច ទុរេន ស្ករស ផ្លែតាង៉ែនបន្ថែមទៀតផង។
យ៉ាងណាមិញសម្រាប់ទំនាក់ទំនងផ្នែកវិស័យឧស្សាហកម្មរវាងកម្ពុជានិងចិនវិញ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានស្នើឲ្យភាគីចិនពិនិត្យលទ្ធភាពលើកទឹកចិត្តដល់វិនិយោគិនចិន ក្នុងការផ្ទេររោងចក្រពីប្រទេសចិនមកប្រទេសកម្ពុជាឲ្យបានច្រើន ស្របតាមគោលនយោបាយជាតិអភិវឌ្ឍន៍កសិកម្ម៕
ដោយ៖ យឺន សីហា