កូរ៉េខាងជើង​បង្ហាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ក្នុង​ក្បួនព្យុហយាត្រា​យោធា​

11-10-2020 3:28 pm 804

​កូរ៉េ​ខាងជើង​កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១០​តុលា បាន​ដង្ហែ​ក្បួនព្យុហយាត្រា​យោធា​ដ៏​កម្រ​មួយ រួម​ជាមួយ​ការបង្ហាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដ៏​ធំ​អស្ចារ្យ​ជាច្រើន ខណៈ​ក្បួនព្យុហយាត្រា​មាន​ការចូលរួម​ពី​លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន​។ ក្បួនព្យុហយាត្រា​នេះ​ទៀតសោត ជាការ​ប្រារព្ធ​ខួប​លើក​ទី​៧៥​នៃ​ការ​ចាប់កំណើត​គណបក្ស​ពលករ​របស់​កូរ៉េខាងជើង​។​

​គួរបញ្ជាក់​ថា មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​ដ៏​ធំ​នេះ កូរ៉េខាងជើង​ពុំដែល​បាន​បង្ហាញ​ពី​មុន​មក​ឡើយ​។ ដ្បិត​ជាធម្មតា​កូរ៉េខាងជើង​ប្រើ​ព្យុហយាត្រា​របស់​ខ្លួន​ដើម្បី​បង្ហាញ​កាំជ្រួច​និង​អាវុធ​ថ្មី​របស់​ខ្លួន​ក៏​ដោយ​។ វា​ក៏​ជា​ក្បួន​ដង្ហែរ​លើកដំបូង​របស់​កូរ៉េខាងជើង​ផងដែរ​ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បាន​ប្រព្រឹត្ត​ទៅ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក​។​

​កូរ៉េខាងជើង​មិនដែល​បានបង្ហាញ​មី​ស៊ី​ល​ផ្លោង​នៅក្នុង​ព្យុហយាត្រា​របស់​ខ្លួន​ឡើយ បើ​គិត​ចាប់តាំងពី​ពេល​ដែល​មាន​ការរៀបចំ​កិច្ចប្រជុំ​កំពូល​លើកដំបូង​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ជាមួយនឹង​លោក​គីម ជុង​អ៊ុន កាលពី​ឆ្នាំ​២០១៨​។​

​យ៉ាងណាមិញ ពុំ​មាន​សារព័ត៌មាន​ក្នុងស្រុក​ឬ​សារព័ត៌មាន​បរទេស​ណា​មួយ ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រួម​ក្នុង​ក្បួនព្យុហយាត្រា​កាលពី​ថ្ងៃ​សៅរ៍​នោះទេ​។ អ្នកវិភាគ​ជា​ច្រើន​កំពុង​ពឹងផ្អែក​លើ​ខ្សែ​វីដេអូ​សារព័ត៌មាន​ដែល​បាន​កែសំរួល ក្នុង​ការវិភាគ​និង​វាយតម្លៃ​លើ​ក្បួនព្យុហយាត្រា​យោធា​នេះ​។ បើ​តាម​អាជ្ញាធរ​នៃ​ទីក្រុង​ព្យុង​យ៉ាង​អះអាងថា រាល់​ការធ្វើដំណើរ​ឆ្លងកាត់​ទី​ក្រុង ក៏​ដូច​ជា​ការ​ទៅ​ជិត​កន្លែង​ប្រារព្ធ​ពិធី និង​ថតរូប​ក្នុង​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ហាមប្រាមទាំង​ស្រុង​។ ក្នុង​សុន្ទរកថា​លោក​គីម បាន​ថ្លែងថា ប្រទេស​កូរ៉េខាងជើង​នឹង​បន្ត​ពង្រឹង​វិស័យ​យោធា​របស់​ខ្លួន ដើម្បី​ការពារ​ខ្លួន​និង​ទប់ទល់​ពី​ការវាយប្រហារ​ណាមួយ​។ 

​ដោយឡែក​ពាក់ព័ន្ធ​នឹង​វីរុស​កូវី​ដ​-១៩​វិញ លោក​គីម បាន​ថ្លែង​អរគុណ​ជា​សាធារណៈ ដោយសារ​ពុំ​មាន​ពលរដ្ឋ​កូរ៉េខាងជើង​ណា​ម្នាក់ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ថ្មី​ទៀត​ឡើយ​។ ទន្ទឹម​នោះ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​រូបនេះ ថែមទាំង​បាន​ជូនពរ​ដល់​ប្រជាជន​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​អាក្រក់​នេះ​ឲ្យមាន​សុខភាព​ល្អ​ទាំងអស់​គ្នា​។ ប៉ុន្តែ​ទោះបីជា​មាន​ការអះអាង​ថា​កូរ៉េខាងជើង​មិន​មាន​ករណី​ឆ្លង​វីរុស​កូវី​ដ​-១៩​ថ្មី​ក៏​ដោយ តែ​សម្រាប់​ក្រុមអ្នកវិភាគ​វិញ​បាន​និយាយថា វា​មិន​ទំនង​នោះ​ទេ​ដែល​ថា​ប្រទេស​កូរ៉េខាងជើង​មិន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ថ្មី​នោះ​៕

​ដោយ​៖ យឺន សីហា

ព័ត៌មានផ្សេងទៀត