រដ្ឋមន្ដ្រីក្រសួងការបរទេសចិនលោកវ៉ាង យី នឹងធ្វើទស្សនកិច្ចផ្លូវការមកកម្ពុជារយៈពេលពីរថ្ងៃគឺពីថ្ងៃទី១១ដល់១២តុលា។ តាមការបញ្ជាក់ឲ្យដឹងទស្សនកិច្ចផ្លូវការនេះលោកវ៉ាង យីនឹងចូលជួបសម្ដែងការគួរសមជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រីហ៊ុន សែន ជួបសម្ដែងការគួរសមជាមួយលោកឧបនាយករដ្ឋមន្ដ្រីហោ ណាំហុង និងជួបលោកប្រាក់ សុខុនឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងការបរទេស។
ជាការកត់សម្គាល់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់រូបនេះ គឺធ្វើឡើងជួនពេលដែលកម្ពុជាកំពុងរងការសង្ស័យពីសហរដ្ឋអាមេរិក និងរងការចោទប្រកាន់ពីបណ្ដាអ្នកមាននិន្នាការនយោបាយផ្ទុយពីរដ្ឋាភិបាលថាកម្ពុជាបានផ្ដល់ទីតាំងសម្រាប់កងទ័ពចិនដាក់មូលដ្ឋាន បើទោះបីកម្ពុជាបានបកស្រាយថាមិនមែនជាការពិតហើយក្ដី។ ដូច្នេះតើអ្វីជាគោលបំណងពិតប្រាកដនៃទស្សនកិច្ចមកកម្ពុជាក៏ដូចជាទៅបណ្ដាប្រទេសមួយចំនួនទៀត?
បើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ទស្សនកិច្ចលោកវ៉ាង យី មានរបៀបវារៈសំខាន់ៗមួយចំនួនដូចជា ពិភាក្សាពីកិច្ចសហប្រតិបត្ដិការទ្វេភាគីក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់និងអន្ដរជាតិ ដែលជាប្រយោជន៍និងកង្វល់រួម។ ម្យ៉ាងវិញទៀតក៏នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់ពីរទៀត គឺលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងនូវមន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ និងលិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋាចរនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្ដកម្មទឹកកខ្វក់នៅខេត្ដព្រះសីហនុ។
ទស្សនកិច្ចរបស់លោករដ្ឋមន្ដ្រីចិន ក៏ជាការបង្ហាញនឹងបន្ដពង្រឹងបន្ថែមនូវចំណងមិត្ដភាពជាប្រពៃណី សាមគ្គីភាព ភាតរភាព ក្នុងបរិបទនៃបញ្ហាប្រឈមសកលនៃជំងឺកូវីដ-១៩ផងដែរ។ ជារួមអាចនិយាយបានថា គោលបំណងសំខាន់នៃទស្សនកិច្ច គឺការពង្រឹងបន្ថែមនូវទំនាក់ទំនងការទូតហើយក៏មិនភ្លេចពីទំនាក់ទំនងពាណិជ្ជកម្ម។
ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីមកកម្ពុជាក៏មិនមែនជារឿងចម្លែកអ្វីដែរ ត្បិតក្រោយពីចាកចេញពីកម្ពុជា លោកវ៉ាង យី នឹងបន្ដធ្វើទស្សនកិច្ចទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន៤ទៀត មានម៉ាឡេស៊ី ឡាវ ថៃ និងទៅសិង្ហបុរីរហូតដល់ថ្ងៃទី១៥តុលានេះ។ នៅចុងខែនេះលោកវ៉ាង យីនឹងទៅជប៉ុនបន្ដទៀត ហើយត្រូវគេគិតថានឹងជួបជាមួយនាយករដ្ឋមន្ត្រីថ្មីលោកយូស៊ីហ៊ីដិ ស៊ូហ្គា។ ក្រៅពីនេះគេរំពឹងទុកថានឹងបញ្ជាក់ជាថ្មីពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងទ្វេភាគី និងពិភាក្សាអំពីប្រធានបទដូចជាកោះសេនកាគូ និងច្បាប់សន្តិសុខថ្មីរបស់ហុងកុង។
គួរជម្រាបជូនថា មុនទស្សនកិច្ចមកកាន់៥ប្រទេសនៅអាស៊ីអាគ្នេយ៍នាពេលនេះ លោកវ៉ាង យីក៏បានបំពេញទស្សនកិច្ចទៅកាន់តំបន់អឺរ៉ុប ពីថ្ងៃទី២៥ខែសីហាដល់ថ្ងៃទី០១ខែកញ្ញាផងដែរក្នុងឆ្នាំ២០២០នេះ។ ក្នុងនោះមានដូចជាទៅអ៊ីតាលី ហូឡង់ ន័រវេស បារាំង និងអាល្លឺម៉ង់ ដែលទស្សនកិច្ចធ្វើឡើងចន្លោះពេលផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
ចង់មិនចង់អឺរ៉ុបទោះមិនបានប្រតិកម្មខ្លាំងដូចសហរដ្ឋអាមេរិកជុំវិញការផ្ទុះឡើងនូវជំងឺកូវីដ-១៩ តែអឺរ៉ុបក៏មិនសប្បាយចិត្ដនៅពេលជំងឺបង្កជាវិបត្ដិសកលមួយនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខមាលភាពប្រជាជន ប៉ះពាល់សេដ្ឋកិច្ច និងវិស័យផ្សេងៗជាច្រើន។
ដូច្នេះចិនក្នុងនាមជាប្រទេសផ្ទុះកូវីដ-១៩ដំបូងគេ ថ្វីបើខ្លួនមិនមែនជាអ្នកបង្កឡើង ប៉ុន្ដែចាំបាច់ត្រូវស្ដារមុខមាត់ពីការចោទប្រកាន់របស់អាមេរិកឡើងវិញ និងត្រូវបង្ហាញពីការប្រកៀកស្មាជាមួយបណ្ដាប្រទេសសម្ព័ន្ធមិត្ដដោះស្រាយវិបត្ដិរួម ឲ្យសមជាមេដឹកនាំនិងជាមហាអំណាចមួយរូបដែរ។ ទៅកាន់តំបន់អឺរ៉ុបលោកវ៉ាង យីក៏នាំយកទៅជាមួយនូវរបៀបវារៈការទូត និងសេដ្ឋកិច្ច ដើម្បីពិភាក្សាជាមួយមេដឹកនៅទីនោះ។
ដោយឡែកចន្លោះពីថ្ងៃទី១០ដល់ថ្ងៃទី១៦ខែមុន លោកវ៉ាង យីក៏បានធ្វើទស្សនកិច្ចទៅរុស្ស៊ី កាហ្សាក់ស្ថាន គីជីស្ថាន និងម៉ុងហ្គោលី ដែលសុទ្ធតែមានគោលដៅរឹតចំណងមិត្ដភាពនិងបង្កើនកិច្ចសហប្រតិបត្ដិការ ដូចទស្សនកិច្ចទៅអឺរ៉ុបនិងមកតំបន់អាស៊ានក្នុងពេលនេះអ៊ីចឹង។
សរុបមកតាមរយៈដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី ទៅកាន់បណ្ដាប្រទេសនានាក្នុងពិភពលោក ឆ្លុះបញ្ចាំងថា ចិនកំពុងបង្កើនទំនាក់ទំនងល្អជាមួយអន្ដរជាតិ និងពង្រីកបន្ថែមលើវិស័យពាណិជ្ជកម្មក្រៅពីការទូត។ ធ្វើដូច្នេះស្របតាមគោលនយោបាយខ្សែក្រវាត់និងផ្លូវរបស់លោកប្រធានាធិបតីស៊ី ជីនពីង បង្កើតឡើងតាំងពីឆ្នាំ២០១៣ ក្នុងគំនិតផ្ដួចផ្ដើមយុទ្ធសាស្ដ្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការផ្សារភ្ជាប់នានាឆ្លងកាត់តំបន់ ពីអាស៊ីទៅអាហ្វ្រិក អឺរ៉ុប មជ្ឈិមបូព៌ា និងអាមេរិក៕(ដោយ៖ពេញ ផេង)