លោក​ត្រាំ​រៀបចំ​វេទិកា​សាធារណៈ​លើក​ដំបូង​ក្រោយ​ធូរស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩

11-10-2020 11:46 am 332

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​សៅរ៍​ទី​១០​តុលា បាន​បង្ហាញ​មុខ​ជា​សាធារណៈ​នៅក្នុង​សេត​វិមាន​(White House) ដោយ​បាន​ថ្លែង​សុន្ទរកថា​ចំពោះមុខ​អ្នកគាំទ្រ​រាប់រយ​នាក់​របស់​លោក​។ នេះ​ក៏​ជា​លើកដំបូង​បំផុត​ក្នុង​ការរៀបចំ​វេទិកា​ជា​សាធារណៈ​នៅក្នុង​សេត​វិមាន​របស់លោក​ត្រាំ ចាប់តាំងពី​លោក​ត្រាំ​ត្រូវបាន​ទទួល​នូវ​ការព្យាបាល​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​នៅក្នុង​មន្ទីរពេទ្យ​។​

​ក្នុងការ​ថ្លែង​សុន្ទរកថា​លោក​ត្រាំ បាន​ប្រាប់​ហ្វូង​មនុស្ស​រាប់រយ​នាក់​ដែល​ភាគច្រើន​ពាក់​ម៉ាស ប៉ុន្តែ​ហាក់​មាន​ការរក្សា​គម្លាត​សង្គម​តិចតួច​ថា ប្រជាជាតិ​យើង​កំពុង​នឹង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​កម្ចាត់​មេរោគ​ដើមកំណើត​ពី​ប្រទេស​ចិន​ដ៏​គួរឱ្យ​ភ័យខ្លាច​នេះ​។ ជាមួយ​គ្នា​លោក​ត្រាំ​បានបង្ហាញ​ពី​ផលប៉ះពាល់​ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ដែល​បាន​សម្លាប់​ប្រជាជន​អាមេរិក​ជាង ២១​ម៉ឺន​នាក់​។ មិនតែប៉ុណ្ណោះ​លោក​ត្រាំ​ថា វីរុស​នេះ​អាច​នឹង​រួមចំណែក​ធ្វើ​លោក​ខកខាន​ឱកាស ក្នុង​ការ​យក​ឈ្នះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិ​ទី​២​របស់​លោក​នា​ថ្ងៃ​ទី​៣​វិច្ឆិកា​ខាង​មុខ​ថែមទៀត​ផង​។​

​ជុំវិញ​ស្ថានភាព​សុខភាព​របស់​លោក​ត្រាំ​វិញ លោក​បាន​និយាយប្រាប់​ទូរទស្សន៍​Fox News កាលពី​យប់​ថ្ងៃ​សុក្រ​ទី​០៩​តុលា​ថា ឥឡូវនេះ​លោក​មិនបាន​ប្រើ​ឱសថ​ព្យាបាល​បន្តទៀត​ទេ​។ លោក​ត្រាំ​បានគ្រោង​នឹង​ធ្វើ​ក្បួន​ឃោសនា​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​ទី​១២​តុលា ក្នុង​រដ្ឋ​ផ្លរីដា​។ ហើយ​នេះ​ជា​ការសម្រេចចិត្ត​មួយ ដែល​ត្រូវបាន​ចាត់ទុក​ជា​ការគិត​គូរ​របស់​លោក​ត្រាំ ក្នុង​ការប្រកួតប្រជែង​ជាមួយ​លោកចូ បៃ​ដិន ដែល​ជា​បេក្ខភាព​ប្រធានាធិបតី​មួយ​រូប​មកពី​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក​។ លើសពីនេះ លោក​ត្រាំ​បាន​ប្រកាស​រួច​ហើយ ពី​ការប្រមូលផ្តុំ​គ្នា​ក្នុង​យុទ្ធនាការ​ឃោសនា​ចំនួន​ពីរ​ផ្សេងទៀត គឺ​ទី​១.​នៅក្នុង​រដ្ឋ​Pennsylvania នៅ​ថ្ងៃ​អង្គារ៍​និងទី​២.​នៅក្នុង​រដ្ឋ​Iowa នៅ​ថ្ងៃ​ពុធ​។​

​គួររម្លឹកថា លោក​ត្រាំ និង​ភរិយា​គឺ​លោកស្រី​Melania Trump ត្រូវបាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ កាលពីដើម​ខែ​តុលា​នេះ​។ ការ​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​សកល​លើ​ខ្លួន​មេដឹកនាំ​កំពូល​របស់​អាមេរិក​រូ​ប​នេះ ធ្វើឡើង​ក្រោយ​ពី​ជំនួយការ​របស់​លោក​ម្នាក់ គឺ​លោកស្រី​Hope Hicks ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩​។ នេះ​បើ​តាម​លោក​ត្រាំ​បញ្ជាក់​នៅ​តាម​បណ្តាញ​ធ្វី​ត​ទ័​រ​ផ្លូវការ​របស់​លោក​។ លោក​ត្រាំ​ដែល​មាន​វ័យ​៧៤​ឆ្នាំ​និង​ជំទាវ​ទីមួយ​ជា​ភរិយា​ដែល​មាន​វ័យ​៥០​ឆ្នាំ បាន​ចាប់ផ្តើម​ធ្វើ​ចត្តា​ឡី​ស័ក តាំងពី​មុន​ចេញ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​មកម្ល៉េះ​។ ពោល​ក្រោយពី​ដឹងថា ជំនួយការ​របស់​លោក​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ លោក​ត្រាំ​និង​ភរិយា​សម្រេច​នាំគ្នា​ធ្វើ​ចត្តា​ឡីស័​ក​តែម្តង​។​

​ដោយឡែក ក្រៅពី​លោក​ត្រាំ ក៏​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​លេចធ្លោ​មួយចំនួន​ក៏​បាន​ឆ្លង​វីរុស​សកល​កូវី​ដ​-១៩​នេះ​ដូច​គ្នា​ដែរ រួមមាន សមាជិក​ព្រឹទ្ធសភា​ចំនួន​៣​រូប គឺ​លោក​Mike Lee លោក​Thom Tillis និង​លោកស្រី​Ron Johnson​។ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សេត​វិមាន​លោក​Kellyanne Conway និង​អតីត​អភិបាលរដ្ឋ​New Jersey​លោក​Chris Christie​ជាដើម​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត