យោធាកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានធ្វើព្យុហយាត្រាយោធាដ៏កម្រមួយ នៅក្នុងពិធីប្រារព្ធខួបលើកទី៧៥ នៃការបង្កើតគណបក្សពលករ នៅទីលានគីម អ៊ីលស៊ុងនាព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២០។ ក្រុមអ្នកវិភាគនិយាយថា កូរ៉េខាងជើងអាចនឹងបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី នៅក្នុងព្រឹត្តិការណ៍នេះ។ មន្ត្រីកូរ៉េខាងត្បូងវិញនិយាយថា កូរ៉េខាងជើងអាចយកឱកាស នៃការប្រារព្ធខួបបង្កើតគណបក្សពលករ ដើម្បីបង្អួតមីស៊ីលបាញ់ផ្លោងឆ្លងទ្វីបថ្មី (ICBM) ឬមីស៊ីលផ្លោងឆ្លងទ្វីបបាញ់ចេញពីនាវាមុជទឹកថ្មី បន្ទាប់ពីខកខានបង្ហាញមីស៊ីលបាញ់ផ្លោងឆ្លងទ្វីបតាំងពីឆ្នាំ២០១៧មក។ យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង មិនបានបញ្ចេញរូបភាពឬរបាយកាណ៍ណាមួយ ស្តីពី ព្យុហយាត្រានោះទេ។
ព្រឹត្តិការណ៍នៅក្នុងប្រទេសកូរ៉េខាងជើង ធ្វើឡើងនៅពេលប្រទេសនេះ កំពុងតែអនុវត្តវិធានការការពារការឆ្លងរាលដាលនៃវីរុសកូរ៉ូណាយ៉ាងតឹងរ៉ឹង បើទោះបីជាប្រទេសឯកោមួយនេះ មិនបានបើកកកាយឲ្យដឹង អំពី ករណីឆ្លងកូវីដ១៩ក្នុងស្រុកក៏ដោយ។ គេចាត់ទុកថាព្យុហយាត្រាយោធា នៅក្នុងពិធីប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃការបង្កើតគណបក្សពលករកូរ៉េខាងជើងពេលនេះ ជាព្រឹត្តិការណ៍ដ៏ធំនៅក្នុងប្រទេសកូរ៉េខាងជើង និងក្នុងពិភពលោកផងដែរ ពីព្រោះតែស្ថិតក្នុងបរិបទកូវីដ១៩ ពិភពលោកកំពុងរក្សាគម្លាតសង្គម ផ្អាកការជួបជុំទ្រង់ទ្រាយធំ ដើម្បីការពារការឆ្លងនិងចម្លងដោយវីរុស៕ ដោយ៖អ៊ុន សុខឡា