ក្រសួង​ធនធានទឹក​​៖​កម្ពុជា​នឹង​បន្ដ​ធ្លាក់ភ្លៀង​ជាច្រើន​ថ្ងៃ​ទៀត​​

10-10-2020 2:29 pm 1231

​កម្ពុជា​នឹង​បន្ដ​ធ្លាក់ភ្លៀង​ច្រើន​ថ្ងៃ​ទៅមុខទៀត ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​ធ្វើឲ្យ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង​ស្ថិតក្នុង​ភូមិសាស្ត្រ ជាប់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ អាច​បន្ត​មាន​ជំនន់​ទឹកភ្លៀង​បន្ថែមទៀត​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ 

ក្រសួង​ធនធានទឹក​នៅ​ថ្ងៃទី​១០ ខែតុលា​នេះ បានឲ្យដឹងថា អនុវត្ត​ទៅតាម​បទបញ្ជា​របស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ ២០២០ និង​យោងតាម​ការវិវត្ត​ជាក់ស្តែង នៃ​ស្ថានភាព​អាកាសធាតុ បង្ហាញថា កម្ពុជា កំពុង​ស្ថិតនៅក្នុង​តំបន់​សម្ពាធ​ទាប ហើយក៏​កំពុង​បន្ត​ទទួល​ឥទ្ធិពល នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ទន្ទឹមនឹងនោះ សម្ពាធ​ទាប​សកម្ម (Active Low) នៅ​ចុង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប នឹង​វិវត្ត​ប្រែប្រួល​ជា​បន្តបន្ទាប់​។​

​លក្ខណៈ​បែបនេះ នឹង​បង្ក​ឲ្យ​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ភ្លៀង​បន្ត​ធ្លាក់​ច្រើន ថ្ងៃ​ទៅមុខទៀត ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន ដែល​ធ្វើឲ្យ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង ស្ថិតក្នុង​ភូមិសាស្ត្រ​ជាប់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ អាច​បន្ត​មាន​ជំនន់​ទឹកភ្លៀង​បន្ថែមទៀត​។ អំឡុងពេល​នោះ នៅ​តំបន់​មាត់សមុទ្រ និង​លើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀងខ្យល់​បក់បោក​លាយឡំ និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​សាធារណជន ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​នៅ​តំបន់​ខាងលើ សូមជ្រាប​ជា​ព័ត៌មាន និង​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់​បន្ថែមទៀត ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕ 


ព័ត៌មានផ្សេងទៀត