ការជជែក​ដេញដោល​លើ​ទី​២​រវាង​លោក​ត្រាំ​និង​លោក​បាយដិន​ត្រូវបាន​លុបចោល​

10-10-2020 12:07 pm 342

​ការជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​សាធារណរដ្ឋ​លោក​ដូណាល់ ត្រាំ​និង​បេក្ខជន​ប្រធានា​ធិ​តី មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោកចូ បាយដិន​គ្រោង​ធ្វើនៅ​ថ្ងៃទី​១៥​ខែតុលា​ឆ្នាំ​២០២០ ត្រូវបាន​លុបចោល​ជា​ផ្លូវកា​រហើយ​។ នេះ​បើតាម​គណៈកម្មការ​រៀប​ចំ​កិច្ចពិភាក្សា​ដេញដោល​ប្រធានា​ធិប​តី បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​សុក្រ​។​

​មូលហេតុ​នៃ​ការលុបចោល​ការពិភាក្សា​ដេញដោល​នេះ ដោយសារតែ​លោក​ដូណាល់ ត្រាំ​ដកខ្លួន​ចេញ ព្រោះ​មិន​ពេញ​ចិត្តនឹង​ការផ្លាស់ប្តូរ​ទម្រង់​នៃកម្មវិធីជជែក​ដេញដោល របស់​គណៈកម្មការ​រៀប​ចំ​ការជជែក​ដេញដោល​។ គណៈកម្មកា​នេះ​សម្រេច​កែប្រែ ការពិភាក្សា​ដេញដោល ដោយផ្ទាល់ មកជា​ការជជែក​ដេញដោល​តាម​អន​ឡាញ​វិញ ដើម្បី​រក្សា​គម្លាត​សង្គម ក្នុង​បំណង​ការពារ​ការឆ្លង​វីរុស​កូរ៉ូណា​។ លោក​ត្រាំ​ថ្លែងប្រាប់​សារព័ត៌មាន​Fox Business នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា មិន​ចំណាយ​ពេលវេលា​អត់​ប្រយោជន៍ នៅក្នុង​ការជជែក​ដេញដោល​បែប​សិប្បនិម្មិត​ទេ នេះ​មិនមែនជា​ការជជែក​ដេញដោល​ឡើយ​។ លោក​ត្រាំ​បាន​ចោទ គណៈកម្មការ​រៀបចំ​កម្មវិធី​ជជែក​ដេញ​ដោលថា លម្អៀង​ទៅរ​ក​លោកចូ បាយដិន​ផងដែរ​។  

កាលពីពេលថ្មីៗនេះ​លោក​បាយ​ដិន ​បាន​បដិសេធ​មិន​ចូលរួម​ការជជែក​ដេញដោល​លើក​ទី​២​ បើ​លោក​ត្រាំ​មិនទាន់​ជា​ពី​ជំងឺ​កូវី​ដ​១៩​។ លោក​Tim Murtaugh អ្នកនាំពាក្យ​យុទ្ធនាការ​របស់លោក​ត្រាំ​ថ្លែង​ការពារ​លោក​ត្រាំ​ថា មិនមាន​ហេតុផល​វេជ្ជសាស្ត្រ ដើម្បី​បញ្ឈប់​ការជជែក​ដេញដោល​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១៥ ខែតុលា​នៅ​ទីក្រុង​ម៉ៃ​អា​មី​នោះទេ ព្រោះ​ប្រធានាធិបតី​មាន​សុខភាព​ល្អ​និង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជជែក​។​

​បើទោះបីជា​រំលង​ការជជែក​ដេញដោល​លើក​ទី​២ តែ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ផ្ទុយគ្នា​ទាំងពីរ​រូបនេះ បាន​យល់ព្រម​នៅក្នុង​ការចូលរួម​កម្ម​វិធី​ជជែក​ដេញដោល​លើក​ទី​៣ គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០ ដែល​នឹង​មានការ​ធ្វើតេស្តរ​កវី​រុស​កូរ៉ូណា ពាក់​ម៉ាស់​និង​រក្សា​គម្លាត​ឲ្យ​ឆ្ងាយ​ពីគ្នា​ផងដែរ​។ ការជជែក​ដេញដោល​លើក​ទី​៣​នេះ ក៏​ជា​ការជជែក​ដេញដោល​លើកចុងក្រោយ មុន​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​ឈានចូល​មកដល់​នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកជជែកដេញដោល

ព័ត៌មានផ្សេងទៀត