រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ ថ្មី​ម្នាក់​ទៀតហើយ​ ជា​ស្ត្រី​ជនជាតិ​បារាំង​​

10-10-2020 8:04 am 219

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ករណី​វិជ្ជមាន​វីរុស​ក​វីដ​-១៩ ថ្មី ចំនួន​០១​នាក់ និង​មិនមាន​ករណី​ជាសះស្បើយ​នោះទេ​។ 

​នៅក្នុង​សេចក្តីជូនដំណឹង​ដដែល បាន​បញ្ជាក់ថា ករណី​វិជ្ជ​មានកូ​វីដ​-១៩​ថ្មី​នេះ ត្រូវបាន​រកឃើញ​លើ​ស្ត្រី​ជនជាតិ​បារាំង​អាយុ ៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់ នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ ជា អ្នកធ្វើដំណើរ​ពី​ប្រទេស​បារាំង ដោយ​បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃ ទី​០៨ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់គាត់ គឺ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ក្រសួង​បញ្ជាក់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន ៥៩​នាក់ (​ស្រី ១៨​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​ស្ត្រី​ជនជាតិ​បារាំង​អាយុ ៣៣​ឆ្នាំ​ខាងលើ​។ រីឯ​អ្នកដំណើរ​ចំនួន​៥៨​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ នោះ ត្រូវបាន​ដាក់​ឱ្យធ្វើ​ចត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី​១០០​ខ្នង​ចំនួន​០៦​នាក់ និង​សណ្ឋាគារ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៥២​នាក់​។​

​ជាមួយគ្នានេះ ក្រសួង​សុខាភិបាល សូម​ធ្វើ​ការកែតម្រូវ​នូវ​ព័ត៌មាន​របស់​បុរស​ជ​ន​ជាតិខ្មែរ​អាយុ​២៩​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ ២០២០​ថា បុរស​រូបនេះ​បាន​ធ្វើដំណើរ​មកពី​ប្រទេស​កូរ៉េខាងត្បូង ប៉ុន្តែ​តាម​ការ​សួរ​បញ្ជាក់​ពី​សាមីខ្លួន​ឡើងវិញ គឺ​បុរស​រូបនេះ​ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន ហើយ​បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​។​

​គិត​ត្រឹម​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប ២៨៣​នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៧​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ចំនួន​០៦​នាក់​៕


ព័ត៌មានផ្សេងទៀត