លោក​ត្រាំ​​អាច​នឹងមាន​​វត្ដ​មាន​​តាម​ទីសាធារណៈ​​វិញ​បាន​​ចុង​សប្ដាហ៍​នេះ​

09-10-2020 5:50 pm 293

​នៅក្នុង​សេចក្ដីជូនដំណឹង​សេត​វិមាន​ឲ្យដឹងថា នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​គឺជា​ថ្ងៃទី​១០​ហើយ គិត​តាំងពី​លោក​ត្រាំ​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​។ ផ្អែកលើ​ការធ្វើ​រោគវិនិច្ឆ័យ​ដែល​ក្រុម​ជំនាញ​បានធ្វើការ លោក​វេជ្ជបណ្ឌិត​Conley​រំពឹងថា លោក​ត្រាំ​អាច​នឹង​ចេញ​ទៅតាម​ទីសាធារណៈ​បាន​វិញ​នៅ​ចុង​សប្ដាហ៍​នេះ​។ លោក​Conley​សង្កត់ធ្ងន់ថា ប្រសិនបើ​ស្ថានភាព​របស់លោក​ត្រាំ​បន្ដ​ល្អប្រសើរ​ដូច​ពេលនេះ ឬ​កាន់តែ​ល្អប្រសើរ​នៅ​ចុង​សប្ដាហ៍​នេះ​និង​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ក្រោយ នោះ​ក្រុមគ្រូពេទ្យ​និង​បញ្ចប់​ការងារ​ជា​លើកចុងក្រោយ​តែម្ដង​។ 

​លោក​ដូណាល់ ត្រាំ​ពេល​ផ្ដល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​Fox News​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា លោក​មាន​អារម្មណ៍​ល្អប្រសើ​រណាស់ ហើយ​សង្ឃឹម​អាច​រៀបចំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​បាន​នៅក្នុង​រដ្ឋ​Florida​។ ជារួម​លោក​ត្រឡប់​មកវិញហើយ ព្រោះ​រាងកាយ​របស់លោក​បាន​ល្អ​ឡើងវិញ​ឥតខ្ចោះ​។ លោក​ឈប់​ប្រើ​ថ្នាំ​ព្យាបាល​ភាគច្រើន​ដោយនៅ​ប្រើ​មួយចំនួន​តូច ហើយនឹង​ធ្វើតេស្ដ​សាជាថ្មី​ក្នុងពេល​ឆាប់ៗ​។​

​យ៉ាងណាមិញ​ទោះបីជា​លោក​វេជ្ជបណ្ឌិត​និយាយថា ឥលូវ​នេះ​លោក​ត្រាំ​គ្មាន​ចេញ​រោគសញ្ញា​អ្វី​ទៀត សំណួរ​នៅតែមាន គឺថា​លោក​ត្រាំ​ឆ្លង​ដំបូង​នៅពេលណា ហើយ​តើ​លោក​អាច​បន្ដ​ឆ្លង​ទៀត​ដែរឬទេ​។ មិន​ថា​មនុស្ស​មួយចំនួន​ដែល​ទាក់ទង​ជាមួយ​លោក​ត្រាំ ហើយ​បាន​ធ្វើតេស្ដ​វិជ្ជមាន​ត្រូវគេ​ស្គាល់​ក៏ដោយ វា​នៅតែ​មិន​ច្បាស់លាស់​ថា​មាន​ប៉ុន្មាន​នាក់​នៅ​សេត​វិមាន​។ វិធានការ​សុវត្ថិភាព​នៅតែ​បន្ដ​អនុវត្ដដ​ដែល​ក្នុង​សេត​វិមាន​។​

​ពាក់ព័ន្ធ​នឹង​ការចូលរួម​កម្មវិធី​ជជែក​ដេញដោល​ជុំ​ទី​ពីរ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៥​តុលា លោក​ត្រាំ​និយាយថា លោក​មិន​ចង់​ខាត​ពេលវេលា​នោះទេ​។ ការលើកឡើង​ដូច្នេះ​បន្ទាប់ពី​អ្នករៀបចំ​កម្មវិធី​ថា​អាច​នឹង​ធ្វើឡើង​នៅពេល​ក្រោយ ព្រោះតែ​លោក​ត្រាំ​បាន​ឆ្លងកូវី​ដ​-១៩​។ ការណ៍​នេះ​ក៏​ធ្វើឲ្យ​មានមន្ទិល​និង​ចោទសួរ​គ្នា​ទៅវិញទៅមក​ថា​គួររៀបចំ​នៅពេលណា ហើយ​រៀបចំឡើង​យ៉ាងម៉េច​។ ចំណែក​ប្រធានរដ្ឋសភា​លោកស្រី​Nancy Pelosi នៅតែ​ដាក់​ចម្ងល់​និង​ព្រួយបារម្ភ​ជុំវិញ​ស្ថានភាព​សុខភាព​របស់លោក​ត្រាំ ថា​ពុំទាន់​មាន​ចម្លើយ​ច្បាស់លាស់​។ លោកស្រី​គ្រោង​នឹង​ណែនាំ​បង្កើត​គណៈកម្មាធិការ​វាយតម្លៃ​សមត្ថភាព​របស់​ប្រធានាធិបតី ដើម្បី​ធានាថា​ពុំមាន​រឿង​អ្វី​ប៉ះពាល់​ដល់​ការដឹកនាំ​។ ធ្វើ​ដូច្នេះ​គឺ​អនុលោម​ទៅ​តាមច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទី​២៥ ដែល​ចែង​ថាបើ​ប្រធានាធិបតី​កំពុង​កាន់តំណែង​អសមត្ថភាព​មិនអាច​បន្ដ​តួនាទី​បាន ត្រូវតែ​ជ្រើសរើស​អ្នកថ្មី​មក​ជំនួស​។ 

​ប៉ុន្ដែ​អ្វីដែ​លោកស្រី​ប្រធានរដ្ឋសភាបាននិ​យាយ លោក​ត្រាំ​ឆ្លើយតប​ថា​លោកស្រី​គឺជា​មនុស្ស​ឆ្កួត​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត