«​គុន​ល្បុក្កតោ​»​បានកកើតឡើង​ជាង​២​ពាន់​ឆ្នាំ​មក​ហើយ​លើ​ទឹកដី​កម្ពុជា​

09-10-2020 5:33 pm 268

+.​អត្ថន័យ​នៃ​ពាក្យ​«​ល្បុក្កតោ​»

«​ល្បុក្កតោ​» គឺជា​បន្សំ​នៃ​ពាក្យ​«​ល្បុ​ក្ក​»​បូក​នឹង​«​តោ​»​មានន័យ​ថា សត្វ​តោ​មហា​កម្លាំង ឬ​មហា​ថាមពល​។​យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត «​ល្បុក្កតោ​»​ជា​អាវុធ​ដំបង​ខ្លី​មួយ​ប្រភេទ អប​ភ្ជាប់​នឹង​កំផួនដៃ​សម្រាប់​រងនឹង​ដំបង​វែង ឬ​បុក​ប៉ះ​ការពារ​ខ្លួន​។ 

​ដូចនេះ​មាន​ន័យ​ថា «​គុន​ល្បុក្កតោ​» គឺជា​ក្បាច់គុន​មហា​កម្លាំង ប្រើប្រាស់​នៅក្នុង​ចម្បាំង​ប្រឆាំង​សត្រូវ​ឈ្លានពាន ដើម្បី​ការពារ​ប្រទេស ប្រាសាទ គ្រួសារ ស្រុក​ភូមិ ព្រមទាំង​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ទ្រព្យសម្បត្តិ និង​ទប់ទល់​ជាមួយ​សត្វ​សាហាវ​។​ល​។​

+.​ប្រវត្តិ​នៃ​ការកកើត​«​គុន​ល្បុក្កតោ​»

«​គុន​ល្បុក្កតោ​» គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ ដែល​ត្រូវបាន​បង្កើតឡើង ដោយ​ជនជាតិខ្មែរ​នៅលើ​ទឹកដី​ខ្មែរ តាំងពី​មុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌា ជាង​២​ពាន់​ឆ្នាំ កន្លងមកហើយ​។ 

​តាម​ការ​ដំណាល​តៗ​គ្នា​របស់​ដូនតា​ខ្មែរ ប្រវត្តិ​ដ៏​ចំណាស់​របស់​«​គុន​ល្បុក្កតោ​»​កើតចេញ​ពី​ពលទាហាន​ម្នាក់ ដែល​បាន​ប្រើប្រាស់​ដំបង រួមជាមួយ​នឹង​ក្បាច់​ដៃ​និង​ជង្គង់ ដើម្បី​វាយ​សត្វ​តោ​មួយ​ក្បាល ដែល​តែងតែ​មក​វាយប្រហារ យាយី សម្លាប់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ​ជា​ញឹកញាប់​។ លើសពីនេះទៅទៀត ភស្តុតាង​ជាក់ស្តែង​នៃ​ប្រវត្តិ​ក្បាច់គុន​នេះ ត្រូវបាន​ប្រវត្តិវិទូ រកឃើញថា មាន​ឆ្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទ​តាំង​ពី​សតវត្សរ៍​ទី​៩ ដូចជា​៖​ប្រាសាទ​ព្រះ​គោ បន្ទាយស្រី អង្គរវត្ត និង​បាពួន​។​ក្បាច់គុន​នេះ បាន​ចាក់គ្រឹះ​យ៉ាងរឹងមាំ នៅក្នុង​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា ហើយ​បាន​ក្លាយទៅជា​និមិត្តរូប នៃ​អរិយធម៌​ខ្មែរ​រហូត​មកដល់​បច្ចុប្បន្ន​។​

+.​ក្បាច់​និង​ស្នៀត​នៃ​«​គុន​ល្បុក្កតោ​»

​ក្បាច់​«​គុន​ល្បុក្កតោ​» បាន​ប្រមូលផ្តុំ​នូវ​ក្បាច់ និង​ស្នៀត​ជាច្រើន ដែល​យក​តម្រាប់​តាម​តថភាព​ធម្មជាតិ នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​នា​សម័យ​នោះ និង​កាយវិការ​របស់​សត្វ​ដូចជា​៖​សត្វ​បក្សី សេះ ខ្លា ដំរី ពា​នរ កិន្ន​រ ក្រពើ ក្តាម ពស់ នាគ និង​ទា​។​ល​។​ជាងនេះទៅទៀត ទម្រង់​នៃ​«​គុន​ល្បុក្កតោ​»​បាន​បង្កប់ខ្លួន នៅក្នុង​សិល្បៈ​បុរាណ​របស់​ខ្មែរ ដូចជា​៖​របាំ​ប្រជាប្រិយ ល្បែង​ប្រជាប្រិយ និង​របាំ​បុរាណ​។​ចំណែក ចលនា ស្នៀត ក្បាច់ និង​កាយវិការ​នី​មួយៗ​នៃ​ក្បាច់គុន​នេះ បាន​បង្កប់​នូវ​ភាពទន់ភ្លន់ ស្លូតបូត រស់​រវើក រឹងមាំ រហ័សរ​ហួន និង​ឥរិយាបថ រស់នៅ​របស់​មនុស្ស​នៅក្នុង​សង្គម​។​ក្បាច់គុន​នេះ​តម្រូវឲ្យ​វាយ​កៀក​នឹង​គូប្រយុទ្ធ ដោយ​ប្រើ​កែងដៃ​និង​ជង្គង់​ជា​មូលដ្ឋាន​។​

+.​ទ្វា​រទាំង ១២ នៃ​«​គុន​ល្បុក្កតោ​»

«​គុន​ល្បុក្កតោ​» ចែកចេញ​ជា ១២​ទ្វារ ដែល​ទ្វារ​ទី​១ ដល់​ទី​៨ ប្រើប្រាស់​កាយសម្បទា ហើយ​ទ្វារ​ទី​៩​ដល់​ទី​១២​ប្រើប្រាស់​អាវុធ ដែល​រួមមាន​អាវុធ​គ្រោះថ្នាក់ និង​អាវុធ​គ្មាន​គ្រោះថ្នាក់​។​អាវុធ​គ្រោះថ្នាក់​រួម​មាន​៖​កាំបិត ដាវ លំពែង ព្រួញ និង​ស្នា​។​អាវុធ​គ្មាន​គ្រោះថ្នាក់​រួម​មាន​៖​តម្បៀត​បោក​ស្រូវ ដំបង​ខ្លី ដំបង​វែង ខែល និង​ដំបង​ផ្កាឈូក​។​ជាងនេះទៅទៀត «​គុន​ល្បុក្កតោ​»​ក៏​អាច​ប្រើ​ក្រមា​ធ្វើ​ជា​អាវុធ​បានដែរ​។​និយាយ​ជា​រួម​ទៅ ក្បាច់​នេះ​មាន​ភាពបត់បែន អាច​ការពារ​ខ្លួន​ទប់ទល់​នឹង ការវាយប្រហារ​ពី​ទិស​ទាំង​៨ ហើយ​អ្វីៗ​ដែល​នៅ​ជុំវិញខ្លួន សុទ្ធ​តែ​អាច​យកមកប្រើ​ជា​អាវុធ​បាន​ទាំងអស់​។​

+.​កម្រិត​ក្បាច់​«​គុន​ល្បុក្កតោ​»

​កម្រិត​នៃ​«​គុន​ល្បុក្កតោ​»​ត្រូវបាន​បែងចែក​ជា ៧​កម្រិត ដែល​កម្រិត​នីមួយៗ​ត្រូវបាន​សម្គាល់ ដោយ​ពណ៌​នៃ​ក្រមា​ដែល​រួមមាន​៖ ក្រ​មាស​, បៃតង​, ក្រហម​, ត្នោត​, ខៀវ​, និង​ក្រមា​ខ្មៅ ហើយ​កម្រិត​ចុងក្រោយ​គេ​បង្អស់​គឺ​កម្រិត​ក្រមា​មាស​។ 

​ក្រមា​ខ្មៅ​មាន​ចាប់ពី​កម្រិត ១​ជាន់ រហូត​ដល់​កម្រិត ១០​ជាន់ ដែល​សិស្ស​គុន​ទាំងអស់​ត្រូវ​ហាត់​យ៉ាងតិច​១០​ឆ្នាំ និង​ចេះ​យ៉ាងហោច​ណាស់​ចំនួន​មួយ​ពាន់​ក្បាច់​។​ចំណែក​កម្រិត​ខ្ពស់​បង្អស់​នៃ​«​គុន​ល្បុក្កតោ​» គឺ​កម្រិត​ក្រមា​មាស ដែល​អ្នក​ទទួល​បាន​កម្រិតនេះ ត្រូវ​ចេះ​គុន​ល្បុក្កតោ​ស្ទើរ​គ្រប់​សព្វ​ទាំងអស់​។​អ្នក​ហាត់គុន​ល្បុក្កតោ​មាន​ឯកសណ្ឋាន ស្រដៀង​នឹង​ទាហាន​ខ្មែរ​នា​សម័យ​បុរាណ​។ សិស្ស​គុន​ត្រូវយក​ក្រមា​មក​ចង​ជុំវិញ​ចង្កេះ ហើយ​យក​រង្វេល​សូត្រ​ពណ៌​ក្រហម «​ថ្ងៃ​សង្វារ​» មក​ចង​ជុំវិញ​ក្បាល​ដែល​ជា​និមិត្តរូប​នៃ​ព​លានុ​ភាព​។​

+.​សម័យកាល​រីកចំរើន និង​ធ្លាក់ចុះ​នៃ​«​គុន​ល្បុក្កតោ​»

-​សម័យអង្គរ : នៅ​សម័យ​អង្គរ​«​គុន​ល្បុក្កតោ​» បាន​ផ្សារភ្ជាប់​យ៉ាងជ្រៅ​ទៅក្នុង​យុទ្ធសាស្ត្រ​ការពារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​អ្នក​ចម្បាំង​សម័យអង្គរ គឺជា​ភស្តុតាង​ជាក់ស្តែង ដែល​បាន​ច្បាំង​ពង្រីក​ចក្រភព​ខ្មែរ ឲ្យ​គ្របដណ្តប់​លើ​ទឹកដី​ច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​ចំណែក​ចម្លាក់​នៅ​តាម​ជញ្ជាំង​ប្រាសាទ ដែលមាន​ចាប់តាំងពី​សតវត្សរ៍​ទី​៩ ដល់​ទី​១២ បាន​បង្ហាញឲ្យឃើញថា ព្រះមហាក្សត្រ​និង​បុព្វបុរស​យើង បាន​យក​«​គុន​ល្បុក្កតោ​»​ធ្វើជា​មូលដ្ឋាន​មួយ​យ៉ាង​សំខាន់ ក្នុង​ការការពារ និង​កសាង​ប្រទេស​ក្នុងសម័យ​មុន​អង្គរ សម័យអង្គរ និង​សម័យ​ក្រោយ​អង្គរ​។​ជាងនេះទៅទៀត «​គុន​ល្បុក្កតោ​»​បាន​ផ្សារភ្ជាប់​ទៅ​នឹង​វប្បធម៌​ជាតិ​ផង​ដែរ​។ 
​បន្ថែម​ពីលើ​នេះ នៅពេល​មាន​ពិធីបុណ្យ​ផ្សេងៗ ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ ភ្ជុំ​បិណ្ឌ បុណ្យដារលាន ឬ​ពិធីបុណ្យ​ដទៃ​ទៀត​អ្នក​ហាត់គុន​ល្បុក្កតោ តែងតែ​ណាត់​ជួប​គ្នា ដើម្បី​ប្រកួត​ជា​ការកម្សាន្ត​កំដរ​ពិធីបុណ្យ​។​

-​សម័យ​អាណានិគម​បារាំង : នៅក្នុង​សម័យ​អាណាព្យាបាល​បារាំង​ពី​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣ «​គុន​ល្បុក្កតោ​»​បាន​ទៅ​លាក់ខ្លួន​នៅ​តាម​ទី​វត្ត​អារាម និង​នៅតាម​តំបន់​ដាច់ស្រយាល ដោយ​មិន​មាន​ស្ថាប័ន​ទ្រទ្រង់​ជា​លក្ខណៈ​ប្រព័ន្ធ​ឲ្យបាន​ត្រឹមត្រូវ​ទេ​។​ព្រះសង្ឃ និង​ចាស់ព្រឹទ្ធាចារ្យ​នៅតាម ភូមិ​ស្រុក បាន​ដើរតួនាទី​ជា​អ្នកថែរក្សា​ក្បាច់គុន​នេះ ដោយ​បាន​ផ្ទេរ​ចំណេះដឹង​ក្បាច់គុន​ទៅ​អ្នកជំនាន់ក្រោយ នៅក្នុង​ន័យ​អភិរក្ស​ផង សម្រាប់​ការពារ​ខ្លួន​ទប់ទល់​នឹង​អំពើ​ឆក់​ប្លន់​ផង និង​ដើម្បី​កសាង​កម្លាំង​ប្រឆាំង នឹង​ការត្រួតត្រា​របស់​បារាំង​ផង​។​

-​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ឬ របប​ខ្មែរក្រហម :«​គុន​ល្បុក្កតោ​»​បាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​បំផុត នៅក្នុង​សម័យ​នៃ​របប​ខ្មែរក្រហម ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។​ដូច​ប្រជាជន​កម្ពុជា​នៅ​ទូទាំង​ប្រទេស​ដែរ អ្នក​ដែល​ចេះ​ក្បាច់​«​គុន​ក្បុ​ក្ក​តោ​»​ជាច្រើន​នាក់​ត្រូវបាន​សម្លាប់ ជម្លៀស​ឲ្យទៅ​រស់នៅ​តំបន់​ដាច់ស្រយា​ល និង​បង្ខំ​ឲ្យធ្វើ​ការជា​ទម្ងន់​។​គ្រូ​គុន​ល្បុក្កតោ​ផ្សេងទៀត បាន​លាក់​អត្តសញ្ញាណ​មិន​ហ៊ាន​បង្ហាញ ឬ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​នេះ​ទេ ដោយសារ​តែ​ការហាត់​ក្បាច់គុន និង​សកម្មភាព​ទាំងឡាយ មិន​ត្រូវបាន​អនុញ្ញាត​ដោយ​អង្គការ​ខ្មែរ​ក្រហម និង​ហាមឃាត់​ជាដាច់ខាត​។​

 ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​នៅ​ខែ​មករា ឆ្នាំ​១៩៧៩ អ្នកចេះ​ក្បាច់គុន​ល្បុក្កតោ ដែល​នៅ​រស់រាន​មានជីវិត​ពី​របប​នេះ មាន​ចំនួន​តិចតួច​ណាស់​។​គ្រូ​គុន​ល្បុក្កតោ​មួយចំនួន បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស ហើយ​គ្រូ​គុន​ដែល​សេសសល់​ក្នុង​ប្រទេស មិន​មាន​លទ្ធភាព​បន្តសកម្មភាព​ក្បាច់គុន​នេះ​បាន​ទេ ដោយសារ​ប្រទេស​ទើបតែ​ងើប​ពី​របប​ប្រល័យ​ពូជសាសន៍ ដោយ​មិន​មាន​ការស្រាវជ្រាវ និង​អភិរក្ស​ផង​នោះ «​គុន​ល្បុក្កតោ​» ស្ទើរតែ​ត្រូវបាន​បំភ្លេចចោល និង​បាត់ឈ្មោះ​ពី​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទៅហើយ​។

+.​ការស្តារ​ឡើង​វិញ​នៃ​«​គុន​ល្បុក្កតោ​»

«​គុន​ល្បុក្កតោ​»​ត្រូវបាន​ស្តារឡើងវិញ ដោយសារ​គ្រូ​តា​ជាង ១០​នាក់ ដែល​នៅ​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម និង​ដោយ​មាន​ការយកចិត្តទុកដាក់ ពី​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ លោកគ្រូ​តា​ទាំងអស់​បាន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​ឯកសារ បង្កើត​សាលា​គុន លើកទឹកចិត្ត និង​បំផុស​ឲ្យមាន​ការហ្វឹកហាត់​គុន​ល្បុក្កតោ កសាង​ក្លិប និង​សមាគម​នៅ​ទូទាំង​ប្រទេស ហើយ​ថែមទាំង​បាន​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដោយ​ជោគជ័យ​នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០០៤ ដើម្បី​អភិរក្ស​ក្បាច់គុន​ល្បុក្កតោ ដែល​ជា​ព្រលឹង​វប្បធម៌​ជាតិ និង​ជា​កេរ​មរតក​ដូនតា​ទុក សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​ចាប់តាំងពី​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​នេះ​មក គុន​ល្បុក្កតោ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន ពី​សំណាក់​សាធារណជន តាមរយៈ​ការ​ចងក្រង​ជា​ខ្សែភាពយន្ត ការអញ្ជើញ​ឲ្យទៅ​ចូលរួម​សម្តែង ការចូលរួម​ប្រកួត នៅក្នុង​កម្មវិធី​សំខាន់ៗ​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ​។​នៅ​ទីបំផុត ក្បាច់គុន​ល្បុក្កតោ​ត្រូវបាន​ដាក់បញ្ចូល ក្នុង​បញ្ជី​សារពើ​ភ័ណ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នា​ឆ្នាំ​២០១១​។ 

​ជាងនេះទៅទៀត រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀបចំ​ដាក់​ស្នើ​ក្បាច់គុន​ល្បុក្កតោ​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៅ​ចុងឆ្នាំ​២០២០​នេះ ដើម្បី​អភិរក្ស​និង​លើកតម្កើង​វប្បធម៌​ខ្មែរ ទៅកាន់​អន្តរជាតិ​ឱ្យ​គេ​ស្គាល់​កាន់តែ​ច្បាស់​នូវ​គុណ​តម្លៃ​នៃ​វប្បធម៌​មួយ​នេះ​៕(​ដោយ​៖​ថា ចាន់​ធី​)


 ពាក្យគន្លឹះ  គុនល្បុក្កតោ

ព័ត៌មានផ្សេងទៀត