ក្រសួងសុខាភិបាល​​ណែនាំ​ឲ្យ​ពលរដ្ខ​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ក្នុងឱកាស​ពិធី​បុណ្យអុំទូក​ខាងមុខ​​

09-10-2020 10:56 am 177

​អនុវត្តន៍​តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្រសួង​សុខាភិបាល កាលពី​ល្ងាច​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ បា​ចេញ​សេចក្តីណែនាំ​ថ្មី​មួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ស្តីពី​ការបង្ការ​ជំងឺ​កូវី​ដ​-១៩ ក្នុងករណី​មាន​ការរៀបចំ​ពិធី​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅតាម​ភូមិ​-​ឃុំ និង​នៅ​ទី​វត្ត​អា​រ៉ា​ម​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ថ្វីត្បិតតែ​ឆ្នាំ​២០២០​នេះ​កម្ពុជា​មិនមាន​ប្រារព្ធ ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ​ក៏ដោយ ប៉ុន្តែ​តាម​ការសង្កេតឃើញថា អាចមាន​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ មាន​រៀបចំ​ការ​ប្រណាំងទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដោយ​ក្រុម​តូចៗ​នៅតាម​ភូមិ​-​ឃុំ និង​នៅតាម​ទី​វត្ត​អា​រ៉ា​ម ឬ​នៅតាម​ផ្ទះសម្បែង​។ ដូច្នេះ​តម្រូវឱ្យមាន​ការយកចិត្ត​ទុកដាក់​យ៉ាង​ហ្មត់ចត់ ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​អ្នករៀបចំ​ពិធី​នេះ ក្នុង​ការធានា​មិន​ឱ្យមាន​ការចម្លង​វីរុស​កូវី​ដ​-១៩ ចូលក្នុង​សហគមន៍​យើង​។​

ជាមួយគ្នា ក្រសួង​សុខាភិបាល ក៏បាន​រំលឹកថា ស្ថានភាព​នៃ​ការចម្លង​នៃ​វីរុស​កូវី​ដ​-១៩ នៅ​បណ្ដា​ប្រទេស​លើ​សកលលោក និង​នៅក្នុង​តំបន់ មិនទាន់មាន​ការ​ធូរស្បើយ​នៅឡើយ​ទេ ឯ​កំណើន​នៃ​ការចម្លង​វីរុស​កូវី​ដ​-១៩ និង​ការស្លាប់​ដោយសារ​ជំងឺ​នេះ ក៏​នៅតែ​បន្ត​មាន ខ្ពស់​នៅឡើយ​ដែរ បើទោះបីជា​ប្រទេស​កម្ពុជា មិនទាន់មាន​ការចម្លង​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​ក៏ដោយ ក៏​ហានិភ័យ​នៃ​ការចម្លង វីរុស​ដ៏​កាច​សាហាវ​នេះ​នៅតែមាន ហើយ​ការចម្លង​អាច​កើតមានឡើង​គ្រប់ពេលវេលា​គ្រប់​កាលទេសៈ និង​គ្រប់​ទីកន្លែង​។ ដូច្នេះ​ក្រសួងសុខាភិបាល ធ្វើការ​ក្រើនរំលឹក និង​អំពាវនាវ​សាជាថ្មី ជូន​ដល់​សាធារណជន ក្រសួង​ពាក់ព័ន្ធ អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​សហគមន៍​យើង​ដោយ​ទាំងអស់គ្នា ត្រូវតែ​បន្ត​អនុវត្តតាម​ការណែនាំ របស់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដែល​បានធ្វើ​ជារឿយៗ ។​

​ក្រសួង បាន​បន្តថា ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​-​ឃុំ មាន​រៀបចំ​ពិធី​អបអរសាទរ​ព្រះរាជ​ពិធី​អុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង អក​អំបុក ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ក្រសួង​ណែនាំ​ដល់​ប្រជាពលរដ្ឋ មិន​ត្រូវមាន​ការជួប​ជុំគ្នា​ក្នុង​ទ្រង់ទ្រាយ​ធំ​ឡើយ ហើយ​ត្រូវ​ចាត់ចែង​រៀបចំ​ការ​ប្រណាំងទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ទៅតាម​ភូមិ​-​ឃុំ វត្ត​អា​រ៉ា​ម (​មិន​ត្រូវធ្វើ​នៅ​ថ្នាក់​ខេត្ត​ឡើយ ដែល​បង្កឱ្យមាន​ការប្រមូល​ផ្តុំគ្នា​ច្រើនពេក​) ទៅតាម​ស្ថានភាព​ជាក់ស្តែង និង​ទីតាំង​ដែល​អាច​ធ្វើបាន​តែប៉ុណ្ណោះ ដោយ​ចាំបាច់​ត្រូវធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូចៗ ដែល​ចំណុះ​ទូក​នីមួយៗ មិនឱ្យ​លើសពី​១០​នាក់ និង​មិនឱ្យ​លើសពី​៦​ទូក ក្នុង​មួយ​ពិធី​ហើយ​មិនឱ្យ​លើសពី​៦០​នាក់ សម្រាប់​អ្នក​ចូល​ទស្សនា ព្រមទាំង​ត្រូវ​ឱ្យមាន​គម្លាត​សុវត្ថិភាព​បុគ្គល​យ៉ាងតិច​មួយ​ម៉ែត្រ​កន្លះ​៕ (​ដោយ​៖ វណ្ណ យ៉ា​រី​)​

ព័ត៌មានផ្សេងទៀត