កម្ពុជា​រកឃើញ​អ្នក​ឆ្លង​​កូវី​ដ​-១៩​ថ្មី​ម្នាក់ទៀត​ ខណៈ​អ្នកជំងឺ​ម្នាក់​បាន​ជាសះស្បើយ​​

09-10-2020 8:15 am 336

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០៩ ខែតុលា​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ថ្មី​ម្នាក់ទៀត ជា​បុរស​ជនជាតិខ្មែរ​អាយុ​២៩​ឆ្នាំ ដែរ​ទើប​ធ្វើដំណើរ​ត្រឡប់​ប្រទេស​កូរ៉េខាងត្បូង​។ ទទ្ទឹម​និង​ការរកឃើញ​អ្នក​ឆ្លង​ថ្មី​នេះដែរ ក្រសួង​ក៏​បានប្រកាស​ពី​ករណី​ជា​ព្យាបាល​ជាសះស្បើយ អ្នកជំងឺ​កូវី​ដ​-១៩​ម្នាក់​ផងដែរ​។​

នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​សុខាភិបាល បាន​បញ្ជាក់ថា បុរស​ជនជាតិខ្មែរ​ដែល​ឆ្លង​ជំងឺ​កូវី​ដ​-១៩​នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​ពី ប្រទេស​កូរ៉េខាងត្បូង​តាម​ជើងហោះហើរ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើ តេស្ត​វត្ថុ​សំណាក​របស់គាត់ គឺ​វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជ​ជ​ធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្ទ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​ជាមួយគ្នា ក្រសួង​ក៏បាន​បញ្ចាក់​ផងដែ​រថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​១២៨​នាក់ (​ស្រី​៣៣​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជនជាតិខ្មែរ​អាយុ ២៩​ឆ្នាំ​ខាងលើ​នេះដែរ​។ រីឯ​អ្នកដំណើរ​ចំនួន​១២៧​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩​នោះ ត្រូវបាន​ដាក់​ឱ្យធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាល័យ​បូរី​១០០​ខ្នង​ចំនួន​២៩​នាក់ និង​សណ្ឋាគារ​មួយចំនួន ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៩៨​នាក់​។​

ដោយឡែក​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ គឺជា​ស្ត្រី​ជនជាតិខ្មែរ​អាយុ​៣៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង គាត់​ជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក ដោយបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩ ចំនួន​០២​ដង និង​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី មន្ទីរពេទ្យបង្អែក​ខេត្ត បាត់ដំបង​។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៩ ខែតុលា​នេះ ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ នៅ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប​២៨២​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​មាន​ចំនួន ២៧៧​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​០៥​នាក់​៕ ដោយ​៖ វណ្ណ យ៉ា​រី​

ព័ត៌មានផ្សេងទៀត