លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៧ ខែតុលា បានអនុញ្ញាតឲ្យ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចជំនួបនេះលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្តល់ជំនួយផ្សេងៗដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បើទោះបីជាអាមេរិកខ្លួនឯងកំពុងជួបនូវវិបត្តិកូវីដ១៩នេះដែរ។ ជាមួយគ្នានេះលោកស ខេង បានសម្តែងការអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលនានា រវាងរដ្ឋាភិបាលទាំង២(កម្ពុជា-អាមេរិក) ដែលបានខិតខំនាពេលកន្លងមក។ នេះបើតាមការបញ្ជាក់ពីលោកផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ នៃក្រសួងមហាផ្ទៃ។
លោកផាត សុផានិត បានបញ្ជាក់ទៀតថា ជាការឆ្លើយតបលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានឯកភាពចំពោះការលើកឡើងរបស់លោករដ្ឋមន្ត្រីស ខេង និងបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ដើម្បីរក្សាស្ថេរភាពទាំងក្នុងតំបន់ និងអន្តរជាតិ។ លោក W. Patrick Murphy ក៏បានសម្តែងការអបអរផងដែរសម្រាប់ឆ្នាំ២០២០នេះ គឺជាខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនេះភាគីទាំង២ ក៏បានលើកឡើងពីបញ្ហាការប្រឆាំងការជួញដូរមនុស្ស ការគាំពារកុមារ បទល្មើសបច្ចេកវិទ្យា និងការផ្អាកបណ្តោះអាសន្ន ចំពោះការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ក្នុងស្ថានភាពជំងឺកូវីដ១៩៕
ដោយ៖ សៅ វិសាល