កូរ៉េខាងជើង​​នឹងធ្វើ​ព្យុហយាត្រា​​ដ៏​ធំ​មួយ​​ទោះ​កំពុង​​ទប់ស្កាត់​​កូវី​ដ​-១៩

08-10-2020 5:31 pm 243

​បន្ទាប់ពី​ស្ថិតក្រោម​វិធានការ​រឹតបន្ដឹង​អស់​រយៈពេល​៨​ខែ ដោយ​ក្នុងនោះ​មាន​ទាំង​ការប្រកាស​បិទ​ព្រំដែន​ផង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ នៅ​ថ្ងៃទី​១០​តុលា​នេះ​កូរ៉េខាងជើង​នឹង​រៀបចំ​ព្រឹត្ដិការណ៍ដ៏​ធំ​មួយ ដោយ​នឹងមាន​ក្បួនព្យុហយាត្រា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​។ ពិធី​នេះ​ដើម្បី​រម្លឹក​ខួប​៧៥​ឆ្នាំ​នៃ​ការបង្កើត​គណបក្ស​ពលករ​កូរ៉េខាងជើង​។ កងទ័ព​កូរ៉េខាងជើង​រាប់ពាន់នាក់​នឹង​ដើរ​ដង្ហែ​ក្បួន​ឆ្លងកាត់​ទីលាន​គីម អ៊ី​ល​ស៊ុង ជា​បិតា​ស្ថាបនិក​ប្រទេស​កូរ៉េខាងជើង ស្ថិតក្រោម​វត្ដ​មាន​ឃ្លាំមើល​របស់លោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​សព្វថ្ងៃ​។ ក្រៅពី​ក្បួន​កងទ័ព​ក៏មាន​ក្បួន​រថយន្ដយោធា រថក្រោះ​ធ្វើដំណើរ​តាម​ក្រោយ​ផងដែរ​។​

​គេ​មិនទាន់​ដឹង​ឡើយ​ថា​នឹងមាន​អាវុធ​ធុន​ធ្ងន់​អ្វីខ្លះ​ត្រូវបាន​បង្ហាញ​ក្នុង​ថ្ងៃ​រម្លឹក​ខួប​នេះ ប៉ុន្ដែ​កាល​ឆ្នាំ​២០១៧​ចន្លោះពេល​ផ្ទុះ​ភាព​តានតឹង​ខ្លាំង មី​ស៊ី​ល​ផ្លោង​អន្ដរទ្វីប​បានបង្ហាញ​វត្ដ​មាន​នៅក្នុង​ក្បួន​ព្យុហយាត្រា ដែល​កាលនោះ​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​សហគមន៍​អន្ដរជាតិ​។ ប៉ុន្ដែ​ក្នុង​ឆ្នាំ​២០១៨​ក្រោយ​ទីក្រុង​ព្យុងយ៉ាង ទីក្រុង​សេ​អ៊ួ​ល និង​ទីក្រុង​វ៉ាស៊ីនតោន មាន​ទំនាក់ទំនង​ការទូត​ល្អប្រសើរ​ជាង​មុន​បន្ដិច មី​ស៊ី​ល​ឆ្លង​ទ្វីប​ICBM​ពុំមាន​វត្ដ​មាន​ក្នុង​ព្រឹត្ដិការណ៍​ប្រារព្ធ​ខួប​ទៀត​ទេ​។ គ្រា​នោះ​ក៏មាន​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ដោយ​លោក​បាន​និយាយថា​កូរ៉េខាងជើង​ចាប់ផ្ដើម​បង្ហាញ​ឥរិយាបថ​ទន់ភ្លន់ ងាក​ទៅរក​ការរំលាយចោល​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល តាម​កិច្ចព្រមព្រៀង​នៃ​ការចរចា​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៨​ហើយ​។​

​ប៉ុន្ដែ​ក្នុងស្ថានភាព​ជាក់ស្ដែង​បច្ចុប្បន្ន កិច្ចព្រមព្រៀង​ស្ដីពី​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​ត្រូវ​ជាប់គាំង គឺ​ជាប់គាំង​តាំងពី​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម កាលពី​ចុង​ខែកុម្ភៈ​ឆ្នាំ​២០១៩​មកម្ល៉េះ​។ ក្នុងជំនួប​លើក​ទី​ពីរ​បិទ​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​អ្វី​ទាំងអស់ ព្រោះ​ចរចា​មិនត្រូវ​ជុំវិញ​ការបន្ធូរបន្ថយ​ទណ្ឌកម្ម​។ លោក​គីម​ចង់ឲ្យ​លោកត្រាំ​ដក​ទណ្ឌកម្ម​ចេញ​ខ្លះ ប៉ុន្ដែ​លោក​ត្រាំ​ចង់ឲ្យ​លោក​គីម​រំលាយ​កម្មវិធី​នុយក្លេអ៊ែ​រ​មុន​សិន​។ ការខ្វែងគំនិត​គ្នា​ដូច្នេះហើយ​ទើប​រុញច្រាន​ឲ្យ​កិច្ចព្រមព្រៀង​នៅ​នឹងថ្កល់​មួយកន្លែង​ដល់​សព្វថ្ងៃ​។​

​សម្រាប់​ការ​ប្រារព្ធ​ខួប​៧៥​ឆ្នាំ​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ កូរ៉េខាងជើង​អាច​នឹង​បង្ហាញ​ពី​សព្វាវុធ​ទំនើបៗ ដើម្បី​បញ្ចេញ​កំហឹង​ទៀត​ឬ​យ៉ាងណា​? ខណដែល​ពេលនេះ​ទំនាក់ទំនង​ជាមួយ​អាមេរិក​បាន​ធ្លាក់ចុះ និង​កំពុង​ឡើង​កម្ដៅ​ជាមួយ​កូរ៉េខាងត្បូង​រឿង​សម្លាប់​មន្ដ្រីជលផល​កូរ៉េខាងត្បូង​ម្នាក់​ផង​នោះ​?(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត