អាមេរិក​ព្រមាន​ចិន​ដែល​ប៉ុនប៉ង​វាយប្រហារ​ប្រឆាំង​កោះ​តៃវ៉ាន់​

08-10-2020 4:09 pm 1323

​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​Robert O'Brien និយាយ​នៅក្នុង​ព្រឹត្តិការណ៍​មួយ នៅក្នុង​សកល​វិទ្យាល័យ​Nevada​រដ្ឋ​Las Vegas​ថា ចិន​បាន​ចូលរួម​ក្នុង​ការបង្កើត​កង​នាវាចរ​ដ៏​ធំ​មួយ​។ ជា​កង​នាវាចរ​ខ្នាត​ធំ ដែល​ប្រហែលជា​មិន​ធ្លាប់​ឃើញ ចាប់តាំងពី​ការប៉ុនប៉ង​របស់​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ប្រកួតប្រជែង​ជាមួយ​កងទ័ពជើងទឹក​អង់គ្លេស មុន​សង្គ្រាមលោកលើកទី​១​។ កង​នាវាចរ​ដ៏​ធំ​នេះ ក៏​ទំនង​បង្កើតឡើង​ដើម្បី​ប្រើប្រាស់ សម្រាប់​ដឹកនាំ​កងទ័ព​បោះពួយ ទៅកាន់​ដែន​កោះ​តៃវ៉ាន់​នៅពេល​ចាំបាច់​ណាមួយ​។​

​លោក Robert O'Brien ថ្លែងថា មិន​ងាយស្រួល​ឡើយ សម្រាប់​កងទ័ព​ចិន ក្នុងការ​ចុះចត​លើ​ដែន​កោះ​តៃវ៉ាន់ ដោយ​លោក​បាន​ផ្តោតទៅលើ​ចម្ងាយ​ពី​ចិនដីគោក ទៅ​កោះ​តៃវ៉ាន់​មាន​រហូតដល់​១៦០​គីឡូម៉ែត្រ​។ ប៉ុន្តែ តៃវ៉ាន់​ត្រូវ​ពង្រឹង​វិស័យ​ការពារជាតិ​និង​អនុវត្ត​ការធ្វើកំណែទម្រង់​យោធា ដើម្បី​ទប់​ទល់នឹង​ការប៉ុនប៉ង​លុកលុយ​របស់​ចិន ដោយ​សង្កត់ធ្ងន់​ទៅលើ​ការបន្ថែម​កញ្ចប់​ថវិកា​ការពារជាតិ​។ លោក Robert O'Brien ថា មិនមែន​ចំណាយ​ត្រឹមតែ​១​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប ហើយ​សង្ឃឹមថា​អាច​រារាំង​ឬ​យកឈ្នះ​ចិន ដែល​បាន​កសាង​យោធា​ដ៏​ធំ​មហិមារ អស់​រយៈពេល​៧០​ឆ្នាំ​មកហើយ​នោះ​បានឡើយ​។ 

​កាលពី​ថ្ងៃ​អង្គារ​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​អាមេរិក​ប្រចាំ​អាស៊ី​បូព៌ា បាន​ហៅ​ផែនការ​របស់​តៃវ៉ាន់ ក្នុង​ការជំរុញ​ការចំណាយ​ផ្នែក​ការពារជាតិ​ចំនួន​១,៤​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំក្រោយ​ថា មិនទាន់​គ្រប់គ្រាន់​ទេ​។ តៃវ៉ាន់​ត្រូវ​បន្ថែម​ការចាយវាយ ក្នុង​ការវិនិយោគ​ទៅលើ​មី​ស៊ី​ល​ការពារ​តាម​ឆ្នេរ ដែល​ប្រៀបដូចជា​របង​ការពា​រកោះ​តៃវ៉ាន់​, ឧបករណ៍​ផ្ទុក​រំសេវ​ផ្ទុះ​ដែល​ដាក់​បង្កៃក្នុង​ទឹក ដើម្បី​បំផ្លាញ​នាវា​លើ​ផ្ទៃ​ទឹក​ឬ​នាវាមុជទឹក​, នាវាចម្បាំង​ល្បឿន​លឿន​, កាំភ្លើង​ធំ​ចល័ត​និង​ឧបករណ៍​ឃ្លាំមើល​ឆ្លាត​វ័យ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បាន​ជំរុញ​ឲ្យ​តៃវ៉ាន់ ត្រូវ​ប្រែខ្លួន​ឲ្យក្លាយ​ទៅជា​សត្វ​កាំ​ប្រម៉ា porcupines ដែល​ជាទូទៅ​តោ​មិន​ចូលចិត្ត​ស៊ី​វា​ឡើយ​។​

​ចំណែក​អាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ជិតដិត​និង​ជា​អ្នកលក់​គ្រឿង​សព្វាវុធ​ដ៏​ធំ​ទៅឲ្យ​កោះ​តៃវ៉ា​ន់នោះ មិន​បានបញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ​ថា នឹងធ្វើ​អន្តរាគមន៍​យោធា ក្នុងករណី​មាន​ការវាយប្រហារ​របស់​ចិនឬ​យ៉ាងណា​? ស្ថិតក្នុង​ដំណាក់កាល​នេះ អាមេរិក​នៅមាន​ភាពស្រពេចស្រពិល​ជាច្រើន អំពី អ្វីដែល​នឹងធ្វើ ដើម្បី​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​របស់​ចិន​លើ​កោះ​តៃវ៉ាន់​។ នេះ​បើតាម​ការបញ្ជាក់​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​។​

​ការព្រមាន​របស់​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ធ្វើ​ឡើងខណៈ​ចិន​បង្កើន​សកម្មភាព​យោធា​នៅ​ជិត​កោះ​តៃវ៉ាន់ និង​បោះពាក្យ​គំរាម​តៃវ៉ាន់​កាន់តែ​ញឹកញាប់ ដោយ​បញ្ជាក់​ពី​ការមិន​បោះចោល​ជម្រើស​យោធា ប្រឆាំង​តៃវ៉ាន់​ឡើយ បើ​ដែន​កោះ​ដែល​ចិន​ចាត់ទុក​ដូចជា​ខេត្ត​មួយ​របស់ខ្លួន នៅតែ​មានះ​រើ​បម្រាស់​ចង់​ផ្តាច់ខ្លួន​ទៅជា​កោះ​ឯករាជ្យ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  អាមេរិកចិនតៃវ៉ាន់

ព័ត៌មានផ្សេងទៀត