លោក​ត្រាំ​​ចូលធ្វើការ​វិញ​​ក្រោយ​លែង​ចេញ​​រោគសញ្ញា​​កូវី​ដ​-១៩

08-10-2020 11:21 am 799
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក លែងមាន​ចេញ​រោគសញ្ញា​នៃ​ជំងឺ​កូវី​ដ​១៩ អស់​រយៈពេល​ជាង​២៤​ម៉ោង ហើយ​លែងមាន​អាការៈ​ក្តៅខ្លួន​អស់​រយៈពេ​លជាង​៤​ថ្ងៃ​មកហើយ​។ បើតាម​លោក​វេជ្ជបណ្ឌិត​Sean Conley ដែល​មើលថែទាំ​លោក​ត្រាំ​និយាយថា ស្ថានភាព​សុខភាព​របស់លោក​ត្រាំ មាន​ស្ថិរភាព​និង​ស្ថិតក្នុង​កម្រិត​ធម្មតា តាំងពី​ខ្យល់​ដង្ហើម​ឡើងទៅ​។ នៅពេលដែល​ស្ថានភាព​សុខភាព​កាន់តែ​ធូរស្រាល​ច្រើន លោក​ត្រាំ​បាន​ត្រឡប់​ចូលធ្វើការ​នៅក្នុង​ការិយាល័យ​Oval វិញ ហើយ​បាន​ថ្លែង​សារ​ដោយ​បង្ហាញ​ពី​បំណង ចង់ឲ្យ​ប្រជាជន​អាមេរិក ជ្រើសរើស​វិធី​ព្យាបាល​ជំងឺ​កូវី​ដ​១៩​ដូច​លោក​ដែរ​។ នៅពេល​ក្លាយជា​អ្នកជំងឺ​កូវី​ដ​១៩​ដំបូង លោក​ត្រាំ​បាន​ប្រើ​ថ្នាំ​មួយ​ប្រភេទ ដែលោក​អះអាងថា វា​មាន​ប្រសិទ្ធភាព​មិនគួរឲ្យ​ជឿ​។​

​លោក​ត្រាំ​ចង់ឲ្យ​ប្រជាជន​អាមេរិក ប្រើប្រាស់​ថ្នាំ​មួយ​ប្រភេទ​នោះ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ឱសថ អាមេរិកកាំង Regeneron Pharmaceuticals ដោយ​លោក​នឹង​ផ្តល់​ថ្នាំ​នេះ​ឲ្យប្រើ​ប្រាស់​ដោយ​មិន​គិតថ្លៃ​ឡើយ​។ លោក​ថា​នឹង​ធ្វើយ៉ាងណា ដើម្បី​បើកផ្លូវ​ឲ្យមាន​ការអនុញ្ញាត​ប្រើប្រាស់​ថ្នាំ​នេះ​ជាបន្ទាន់ ព្រោះតែ​ថ្នាំ​មិនទាន់មាន​ការអនុម័ត​ឲ្យប្រើ​ប្រាស់ ដោយ​និយតករ​សហព័ន្ធ​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត