រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ថ្មី​ម្នាក់​ លើ​ជនជាតិ​ឥណ្ឌូនេស៊ី​​

08-10-2020 8:35 am 386

​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ថ្មី​ម្នាក់ទៀត លើ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី ខណៈ​ករណី​ព្យាបាល​ជាសះស្បើយ​មិនមាន​ថ្មី​នោះទេ​។ 

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​អាយុ​២៦​ឆ្នាំ ដែល​រកឃើញ​វិជ្ជ​មានកូ​វីដ​-១៩​នេះ មាន​អាសយដ្ឋាន​ស្នាក់ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សាំង​ហ្គា​ពួ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ មាន​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់គាត់ វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមបញ្ជាក់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​១១៣​នាក់ (​ស្រី​២៣​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​អាយុ ២៦​ឆ្នាំ​ខាងលើ​។ រីឯ​អ្នកដំណើរ​ចំនួន ១១២​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩​នោះ ត្រូវបាន​ដាក់​ឱ្យធ្វើ​ចត្តា​ឡី​ស័ក​ចំនួន​២​ថ្ងៃ នៅ​វិទ្យាល័យ​បូរី​១០០​ខ្នង​ចំនួន​៤៩​នាក់ សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៦២​នាក់ និង​នៅ​ស្ថានទូត​សិង្ហ​បុរី​ចំនួន​១​នាក់​។​

​គិត​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប ២៨១​នាក់ ។ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២៧៦​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន​៥​នាក់​៕

ព័ត៌មានផ្សេងទៀត