តារា​ស្រី​​ឥណ្ឌា​​សង្ស័យ​​សម្លាប់​​មិត្ដប្រុស​​ត្រូវ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​

07-10-2020 9:36 pm 346

​តារា​សម្ដែង​បូលីវូដ​របស់​ឥណ្ឌា​នាង​Rhea Chakraborty ត្រូវបាន​អនុញ្ញាតឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ បន្ទាប់ពី​នាង​ជាប់​ពន្ធនាគារ​ជិត​មួយខែ ក្រោម​ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​សម្លាប់​មិត្ដប្រុស​។ មិត្ដប្រុស​របស់​នាង​ឈ្មោះ​Sushant Singh Rajput វ័យ​៣៤​ឆ្នាំ ក៏​ជា​តារា​សម្ដែង​ផងដែរ ត្រូវបាន​រកឃើញ​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ផ្ទះ កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​កន្លង​ទៅ​។ កាល​នោះ​ប៉ូលិស​បាន​និយាយថា​លោក​បាន​សម្លាប់​ខ្លួនឯង ប៉ុន្ដែ​ករណី​នេះ​បាន​ប្រែក្លាយ​ជា​រឿង​មិន​នឹកស្មាន​ដល់ នៅពេល​គ្រួសារ​របស់​លោក​ចោទ​នាង​Chakraborty​ថា ជា​អ្នក​រួមគំនិត​ក្នុងការ​ធ្វើ​អត្ដ​ឃាត​របស់លោក​Rajput​។ ប៉ុន្ដែ​នាង​Chakraborty​បាន​ច្រានចោល​រាល់​ការចោទប្រកាន់ និង​អះអាងថា​ខ្លួន​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​។​

​អស់​រយៈពេល​ជាច្រើន​ខែ ដែល​នាង​Chakraborty​ត្រូវ​រង​ការចោទប្រកាន់​តាម​អន​ឡាញ ថា​បាន​ធ្វើឲ្យ​លោក​Rajput​ញៀន​ថ្នាំ រហូត​ជំរុញ​ឲ្យ​លោក​ធ្វើ​អត្ដ​ឃាត​។ ការចោទប្រកាន់​ពី​បទ​ឃាតកម្ម​ក៏​លេចឡើង ខណៈ​ទីភ្នាក់ងារ​សហព័ន្ធ​ចំនួន​៣​ផ្សេងគ្នា បាន​បើក​ការស៊ើបអង្កេត​ករណីនេះ​។ ប៉ុន្ដែ​ក្រុម​វេជ្ជបណ្ឌិត​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ដ្រ​វេជ្ជសាស្ដ្រ បាន​បញ្ជូន​របាយការណ៍​ទៅ​ភ្នាក់ងារ​ស៊ើបអង្កេត​កាលពី​សប្ដាហ៍​មុន ដើម្បី​កាត់សេចក្ដី​ឃាតកម្ម​នេះ​។ វេជ្ជបណ្ឌិត​ដឹកនាំ​ការ​ធ្វើ​កោសល្យវិច័យ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពីដើម​សប្ដាហ៍​នេះ​ថា លោក​Sushant Singh Rajput ស្លាប់​ដោយសារ​ធ្វើ​អត្ដ​ឃាត​៕(​ដោយ​៖​ពេញ ផេង​) 

ព័ត៌មានផ្សេងទៀត