កំពង់ផែ​យោធា​រាម​មិនមែន​ប្រគល់​ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ​ដូច​ការចោទប្រកាន់​ទេ​

07-10-2020 5:17 pm 350

 លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ នៅក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​ខ្នាត​យក្ស​នៅ​កម្ពុជា «​ព្រី​នស៍ ម៉ាណ័រ​» ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ គីឡូម៉ែត្រ​លេខ​២៤ ភូមិ​ដីឥដ្ឋ​កោះ​ផុស​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល នា​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ​ថា កម្ពុជា​មិន​បាន​ប្រគល់​កំពង់ផែ​យោធា​រាម​ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់មុខ ដូច​ការចោទប្រកាន់​ទេ ហើយ​កំពង់ផែ​យោធា​រាម មិនមែន​ប្រើ​ជា​អន្តរជាតិ​នោះទេ នាវា​ទ័ព​បរទេស​ទាំងឡាយ​ដែល​ចង់​ចូល​ចត​ត្រូវសុំ​ការអនុញ្ញាត​ពី​កម្ពុជា មិន​ថា​តែ​ចិន ឬ​ប្រទេស​ណា​នោះទេ ឱ្យ​តែ​សុំ​ការអនុញ្ញាត​គឺអាច​ចូល​ចត​បាន ... 

​សំឡេង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៖

​ជា​ការកត់សម្គាល់ កាលពី​ខែ​មិថុនា​កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី និង​ក្រុម​ការងារ​បច្ចេកទេស នៅ​ខេត្ត​ព្រះសីហនុ ក៏​បាន​មានប្រសាសន៍​ដែរ​ថា កម្ពុជា​មិន​មាន​គោលការណ៍​ណាមួយ​ផ្តល់​ឲ្យ​បរទេស​ប្រើប្រាស់​មូលដ្ឋាន​យោធា​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ ផ្ទុយ​ទៅ​វិញ​លោក​ស្វាគមន៍​គ្រប់​ប្រទេស​ទាំងអស់​ដែល​ចង់​ផ្តល់​ជំនួយ​សាងសង់​ទីតាំង​លំហរ​សមុទ្រ ដែល​កំណត់​ធ្វើ​នៅ​ទីតាំង​ថ្មី​។​

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​នា​ពេល​នេះ​ដែរ កាលពីពេល​កន្លង​មក លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​ប្រាប់​ដល់​ក្រុម​សមាជិកសភា​អាមេរិក​ថា ប្រទេស​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​បរទេស បោះ​ទីតាំង​កងទ័ព នៅលើ​ទឹកដី​របស់​ខ្លួន​ជាដាច់ខាត ប៉ុន្តែ​កម្ពុជា​មាន​សិទ្ធិ​ទទួល​យុទ្ធោបករណ៍ ពី​បណ្ដា​ប្រទេស​នានា ដើម្បី​អភិវឌ្ឍ​កងទ័ព​របស់​ខ្លួន​បាន ខណៈ​ចិន​នឹង​ជួយ​សាងសង់ កំពង់ផែ​ចត​នាវា​ដល់​កម្ពុជា នាពេល​ខាងមុខ​នេះ ។​

​ជាមួយគ្នានេះដែរ លោក​ទៀ បាញ់ ក៏​បាន​ប្រាប់​ដល់​ក្រុម​សមាជិកសភា​អាមេរិក​ថា កុំឲ្យ​មាន​ការព្រួយបារម្ភ និង​មាន​ការសង្ស័យ​ចំពោះ​កម្ពុជា​បន្ត​ទៀត ទាក់ទង​នឹង​មូលដ្ឋាន​កងទ័ព​បរទេស ជាពិសេស​កងទ័ព​ចិន​នៅលើ​ទឹកដី​កម្ពុជា ខណៈ​ករណីនេះ​ត្រូវបាន​ថ្នាក់ដឹកនាំ​កម្ពុជា បញ្ជាក់​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ តាមរយៈ​វេទិកា​នានា​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​នោះ ។​

​ទន្ទឹមនឹងនេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក៏​បាន​ប្រាប់​ពី​គោលបំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដល់​ក្រុម​សមាជិក​សភា​អាមេរិក​ទៀត​ថា កម្ពុជា​មាន​គោលបំណង សាងសង់​កំពង់ផែ​ចត​នាវា ជួសជុល​នាវា និង​ផ្ដល់​នាវា​ខ្នាត​ធំ មធ្យម មួយចំនួន​ពិតមែន ក្រោម​ការជួយឧបត្ថម្ភ​របស់​ចិន ខណៈ​កំពង់ផែ​ចត​នាវា ជួសជុល​នាវា និង​នាវា កំពុង​មាន​បច្ចុប្បន្ន ពុំមាន​លទ្ធភាព​ប្រើប្រាស់​បាន តាម​សេចក្តីត្រូវការ​ជាក់ស្ដែង របស់​កងទ័ព​កម្ពុជា​ដូចជា​៖ កំពង់ផែ​មាន​ទឹក​រាក់​អាច​ចូល​ចត​បានតែ​នាវា​តូចៗ រោង​ជាង​ជួសជុល​នាវា ពុំ​មាន​សមត្ថភាព នាវា​កំពុង​មាន​បច្ចុប្បន្ន ពុំមាន​លទ្ធភាព​ចូលរួម​ក្នុង​លំ​ហាត់​ហ្វឹកហ្វឺន​រួមគ្នា ការជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត និង​ការពារ​ដែន​កោះ​សមុទ្រ របស់​កម្ពុជា​គឺ​មិន​គ្រប់គ្រាន់​ឡើយ ។ 

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ​ដែរ ទោះបីជា​ធ្លាប់​មាន​ការបញ្ជាក់​ម្តង​ហើយ​ម្តងទៀត ពី​ប្រមុខ​រាជរដ្ឋាភិបាលក្តី ពី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ក្តី ទាក់ទង​ទៅនឹង​កំពង់ផែ​យោធា​រាម ក៏​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​បាន​ចោទប្រកាន់​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​កិច្ចសន្យា​ខុស​ច្បាប់​ជាមួយ​រដ្ឋាភិបាល​ចិន ក្នុង​វិស័យ​យោធា និង​ហិរញ្ញវត្ថុ ដែល​ជា​ការរំលោភ​រដ្ឋ​ធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រំលោភ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១​។​

​សូម​បញ្ជាក់​ដែរ​ថា យោងតាម​មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ថា «​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត្យ​អចិន្ត្រៃយ៍ និង​មិន​ចូល​បក្សសម្ព័ន្ធ​។​ព្រះរាជាណាចក្រ​កម្ពុជា រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជា​មួយ​ប្រទេសជិតខាង និង​ប្រទេស​ដទៃ​ទៀត​ទាំងអស់​នៅលើ​សកលលោក​។​ព្រះរាជាណាចក្រ​កម្ពុជា​មិន​ឈ្លានពាន​ប្រទេស​ណា​ដាច់ខាត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ដទៃ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ទោះបី​ក្រោម​រូបភាព​ណាក៏ដោយ ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅវិញទៅមក​។​ព្រះរាជាណាចក្រ​កម្ពុជា​មិន​ចងសម្ព័ន្ធ​យោធា ឬ​ចូល​ក្នុង​កិច្ចព្រមព្រៀង​យោធា​ណាមួយ ដែល​មិន​ស្រប​នឹង​អព្យាក្រឹត្យភាព​របស់ខ្លួ​ន​ឡើយ​។​ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​កដី​របស់​ខ្លួន ហើយក៏​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ លើកលែងតែ​ក្នុង​ក្របខ័ណ្ឌ នៃ​សំណូមពរ​របស់​អង្គការសហប្រជាជាតិ​៕(​ដោយ​៖​ថា ចាន់​ធី​)

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត