ក្រសួងសុខាភិបាល​សម្រួលឲ្យសាសនិកឥស្លាម​រៀបចំពិធីបុណ្យសព​និងថ្វាយបង្គំនៅតាមវិហារស៊ូរ៉ាវ ​

07-10-2020 10:50 am 144

ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការ សម្រួលឱ្យសាសនិកឥស្លាមរៀបចំពិធីបុណ្យសព និងថ្វាយបង្គំសព នៅតាមវិហារ-ស៊ូរ៉ាវ និងរាល់ពិធីបុណ្យសាសនានានា ជាដំណាក់ៗ លើកលែងតែការជួបជុំគ្នាដើរធ្វើធម្មយាត្រា។ 

ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពលើលិខិត របស់ក្រសួងសុខាភិបាល ក្នុងការសម្រួលឱ្យសាសនិកឥស្លាមរៀបចំពិធីបុណ្យសព និងថ្វាយបង្គំសព នៅតាមវិហារ-ស៊ូរ៉ាវ និងរាល់ពិធីបុណ្យសាសនានានា ជាដំណាក់ៗ លើកលែងតែការជួបជុំគ្នា ដើរធ្វើធម្មយាត្រាជាក្រុមតូច-ធំ ជួបជុំឃោសនាសាសនា ដោយដំណើរឆ្លងកាត់ពីវិហារ-ស៊ូរ៉ាវ ពីភូមិមួយទៅភូមិមួយ រហូតទៅដល់ក្រុង ស្រុកខណ្ឌ ខេត្ត រាជធានី មួយទៀតនៅកម្ពុជា និងធ្វើការស្នាក់នៅក្នុងវិហារ-ស៊ូរ៉ាវ នៅទូទាំងប្រទេស ដែលត្រូវរង់ចាំរហូតមានការអនុញ្ញាត និងសេចក្ដីជូនដំណឹងជាថ្មីពីរាជរដ្ឋាភិបាល។

ក្រសួងបានបញ្ជាក់ទៀតថា រាល់ពិធីបុណ្យសាសនា និងការជួបជុំទាំងអស់ សាសនិកឥស្លាម ត្រូវតែគោរពឱ្យបានខ្ជាប់ខ្លួន នូវវិធានសុខាភិបាល ដូចជាពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែល និងមានគម្លាតបុគ្គលពីគ្នាយ៉ាងតិច ១,៥ម៉ែត្រ បាញ់ថ្នាំសម្លាប់មេរោគ សំអាតវិហារ-ស៊ូរ៉ាវ ជាប្រចាំ និងត្រូវរក្សាគម្លាត សង្គមឱ្យបានសមស្របនៃចំណុះទីតាំងវិហារ-ស៊ូរ៉ាវ នីមួយៗ។

គណៈដឹកនាំឥស្លាមក៏ត្រូវតាមដាន ត្រួតពិនិត្យអនុវត្តរាល់ពិធីបុណ្យសាសនា និងការជួបជុំឱ្យបានហ្មត់ ចត់ជាទីបំផុត។ ក្នុងករណីដែលមានបញ្ហាទាក់ទងនឹងការសង្ស័យថាមានជំងឺកូវីដ-១៩ ជាយថាហេតុសូម គណៈដឹកនាំវិហារ-ស៊ូរ៉ាវនីមួយៗរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត៕

 

ព័ត៌មានផ្សេងទៀត