លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកនិងភរិយា ទើបតែឆ្លងជំងឺកូវីដ-១៩កាលពីដើមខែតុលានេះ បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ស្របពេលជាមួយគ្នាក៏មានការព្រួយបារម្ភពីស្ថានភាពសុខភាពរបស់លោកផងដែរ ដោយសារលោកមានវ័យ៧៤ឆ្នាំទៅហើយ ជាវ័យប្រឈមគ្រោះថ្នាក់ដល់អាយុជីវិត ហើយថែមទាំងលើសទម្ងន់ទៀត។ ម្យ៉ាងនៅបាំងតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងចូលមកដល់។ ដូច្នេះទើបមានសំណួរថា បើស្ថានភាពលោកត្រាំធ្ងន់ធ្ងររយៈពេលយូរ មិនអាចបន្ដកាន់តំណែងបាន មិនអាចចូលរួមការបោះឆ្នោតបាន តើនឹងមានអ្វីកើតឡើង?
ដំបូងចាប់អារម្មណ៍ពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក តើនឹងប៉ះពាល់ទេ?
ជុំវិញយុទ្ធនាការឃោសនាបោះឆ្នោត លោកត្រាំទំនងជាខកខានខ្លះហើយអាចចូលរួមបានខ្លះ មិនខកខានទាំងស្រុងនោះទេ។ ក្រោយឆ្លងកូវីដ-១៩ លោកត្រាំគឺតម្រូវឲ្យធ្វើចត្ដាឡីស័ក១០ថ្ងៃដើម្បីតាមដាននិងព្យាបាល ដូច្នេះលោកទំនងអាចចូលរួមក្នុងកម្មវិធីជជែកដេញដោលលើកទីពីរនៅថ្ងៃទី១៥តុលាបាន។ ជាក់ស្ដែងស្ថានភាពសុខភាពរបស់លោកមិនមានអ្វីធ្ងន់ធ្ងរទេ និងបានវិលត្រឡប់មកសេតវិមានវិញហើយដែរ ដោយលោកប្រកាសនឹងបន្ដយុទ្ធនាការទៅមុខទៀត។ ដូច្នេះបើគ្មានបញ្ហាសុខភាពធ្ងន់ធ្ងរដូចពេលបច្ចុប្បន្ន លោកត្រាំនឹងបន្ដចូលរួមនៅក្នុងយុទ្ធនាការជាបន្ដបន្ទាប់។
យ៉ាងណាមិញចំពោះយុទ្ធនាការដែលរៀបចំឡើងចន្លោះពេលលោកត្រូវធ្វើចត្ដាឡីស័ក គឺត្រូវលុបចោលឬពន្យារទៅធ្វើពេលក្រោយវិញ។ បន្ទាប់ពីលោកត្រាំតេស្ដវិជ្ជមានកូវីដ-១៩ភ្លាម ក្រុមការងាររៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកបានប្រកាសដែរថា ការជួបជុំដែលគ្រោងរៀបចំឡើងអំឡុងពេលនេះ ត្រូវបានលុបចោលនិងពន្យារពេល។
ស្ថិតក្នុងកាលៈទេសៈណាទើបការបោះឆ្នោតប្រធានាធិបតីត្រូវលើកពេល?
ពាក់ព័ន្ធនឹងការបោះឆ្នោតប្រធានាធិបតីនាឆ្នាំនេះ ត្រូវបានកំណត់នឹងធ្វើឡើងនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ការឆ្លងជំងឺកូវីដ-១៩បានធ្វើឲ្យលោកត្រាំត្រូវដាក់ខ្លួនឯងនៅដាច់ឆ្ងាយមួយរយៈ ដែលវាប៉ះពាល់ខ្លះហើយដល់យុទ្ធនាការឃោសនាបោះឆ្នោត ប៉ុន្ដែសួរថាការបោះឆ្នោតអាចពន្យារពេលឬទេ? នោះវាពាក់ព័ន្ធនឹងហេតុផលជាក់ស្ដែង ព្រោះការបោះឆ្នោតប្រធានាធិបតីអាមេរិកអនុវត្ដទៅតាមច្បាប់ ដែលបានកំណត់។ រដ្ឋធម្មនុញ្ញអាមេរិកបានផ្ដល់សិទ្ធិទៅឲ្យសភាកំណត់កាលបរិច្ឆេទបោះឆ្នោត ហើយបើស្ថិតតាមច្បាប់អាមេរិកការបោះឆ្នោតត្រូវធ្វើឡើងនៅថ្ងៃអង្គារដំបូង បន្ទាប់ពីថ្ងៃចន្ទដំបូងស្ថិតក្នុងខែវិច្ឆិការៀងរាល់បួនឆ្នាំម្ដង។ បើចង់មានការផ្លាស់ប្ដូរកាលបរិច្ឆេទនេះ លុះត្រាតែមានការពិភាក្សាពីសមាជិកសភាអាមេរិក ឯប្រធានាធិបតីពុំមានសិទ្ធិទេ។ នោះមានន័យថា ត្រូវការសំឡេងភាគច្រើននៅក្នុងសភាទាំងពីររបស់អាមេរិក ដែលបោះឆ្នោតគាំទ្រឲ្យមានការផ្លាស់ប្ដូរកាលបរិច្ឆេទ។
ការណ៍នេះបើតាមទិដ្ឋភាពជាក់ស្ដែងបច្ចុប្បន្ន ដូចជាទំនងពិបាកឆ្លងផុតរដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យណាស់។ ប៉ុន្ដែបើទោះបីជាមានការផ្លាស់ប្ដូរកាលបរិច្ឆេទបោះឆ្នោតប្រធានាធិបតីមែន ច្បាប់រដ្ឋធម្មនុញ្ញអាមេរិកកំណត់ថា រដ្ឋបាលប្រធានាធិបតីមួយអាណត្ដិមានរយៈពេលយូរបំផុតតែ៤ឆ្នាំប៉ុណ្ណោះ ហេតុនេះអាណត្ដិប្រធានាធិបតីរបស់លោកដូណាល់ ត្រាំនឹងផុតកំណង់ដោយស្វ័យប្រវត្ដិនៅពេលថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ការផ្លាស់ប្ដូរណាមួយលុះត្រាតែមានវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ករណីនេះអាចត្រូវមានការអនុម័តពីរភាគបីនៃសមាជិកសភា បន្ទាប់មកបីភាគបួននៃរដ្ឋរបស់អាមេរិក ដែលនោះក៏មិនទំនងនឹងអាចជោគជ័យឡើយ។
តើនឹងមានអ្វីកើតឡើងនៅពេលលោកត្រាំត្រូវអសមត្ថភាពឬស្លាប់?
ប្រសិនបើលោកប្រធានាធិបតីឈឺយូរពេកមិនអាចបំពេញការងារបាន រដ្ឋធម្មនុញ្ញអាមេរិកបានកំណត់ដូចខាងក្រោម៖
វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទី២៥របស់អាមេរិក(25th Amendment) អនុញ្ញាតឲ្យប្រធានាធិបតីផ្ទេរអំណាចទៅអនុប្រធានាធិបតី ដែលបច្ចុប្បន្នលោកម៉ៃ ផេនអាចក្លាយជាប្រធានាធិបតីស្ដីទី។ នៅពេលដែលស័ក្ដិសមណាមួយលោកត្រាំនៅតែអាចចូលកាន់តំណែងវិញបាន។ ប្រសិនលោកប្រធានាធិបតីមិនស្រួលខ្លាំងដែលមិនអាចបញ្ជាក់ពីការផ្ទេរតំណែងដោយផ្ទាល់ គណៈរដ្ឋមន្ដ្រីនិងអនុប្រធានាធិបតីអាចប្រកាសប្រកាសជំនួសបានថាលោកប្រធានាធិបតីមិនអាចបន្ដតួនាទីបានទៀតទេ ហើយលោកផេននឹងត្រូវជំនួសតំណែងនេះ។
ប្រសិនបើលោកអនុប្រធានាធិបតីផេនអសមត្ថភាពដោយបញ្ហាណាមួយ មិនអាចបំពេញតួនាទីនេះបានទៀត តាមច្បាប់ស្នងតំណែងប្រធានាធិបតីរបស់អាមេរិក អ្នកស្រីណានស៊ី ប៉េឡូស៊ីប្រធានរដ្ឋសភានឹងក្លាយជាមនុស្សបន្ទាប់ត្រូវចូលមកជំនួស ទោះបីជាអ្នកជំនាញខាងរដ្ឋធម្មនុញ្ញលើកឡើងថា ការផ្ទេរអំណាចនេះនឹងជំរុញឲ្យមានការប្រជែងគ្នាតាមផ្លូវច្បាប់ក៏ដោយ។
ប្រសិនបើប្រធានរដ្ឋសភាមិនព្រមទទួលឬមិនអាចទទួលតួនាទីនេះបានទៀត នោះតំណែងប្រធានាធិបតីនឹងត្រូវប្រគល់ទៅឲ្យមន្ដ្រីជាន់ខ្ពស់មួយរូបនៃគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភា គឺលោកឆាល អ៊ី ហ្គ្រាសលី(Charles E Grassley)វ័យ៨៧ឆ្នាំ។ លោកគឺជាមន្ដ្រីជាន់ខ្ពស់បំផុតនៅព្រឹទ្ធសភាអាមេរិកបន្ទាប់ពីប្រធានព្រឹទ្ធសភា ហើយករណីឲ្យលោកមកកាន់តំណែងប្រធានាធិបតី ក៏នឹងរឹងរឹតតែមានការប្រឈមមុខតាមផ្លូវច្បាប់កាន់តែខ្លាំង។
តើអាមេរិកធ្លាប់មានប្រធានាធិបតីដែលមិនអាចបន្ដកាន់តំណែងបានទេពីមុន?
ក្នុងឆ្នាំ១៩៨៥ នៅពេលលោកប្រធានាធិបតីរ៉ូណាល់ រីកហ្គេនវះកាត់ជំងឺមហារីកនៅមន្ទីរពេទ្យ លោកបានផ្ទេរតំណែងឲ្យទៅអនុប្រធានាធិបតី គឺលោកចច អេចដិប្បិលយូ ប៊ូស។ ក្នុងឆ្នាំ២០០២និង២០០៧ ប្រធានាធិបតីចច ដិប្បិលយូ ប៊ូសបានធ្វើដូចគ្នាជាមួយអនុប្រធានាធិបតី នៅពេលលោកត្រូវព្យាបាលជំងឺពោះវៀន។
បើលោកត្រាំមិនអាចឈរឈ្មោះក្នុងការបោះឆ្នោតបាន នរណាជាអ្នកជំនួស?
មិនថាមានហេតុផលអ្វីក៏ដោយ នៅពេលបេក្ខជនប្រធានាធិបតីដែលត្រូវគណបក្សតែងតាំងផ្លូវការមិនអាចចូលប្រជែងការបោះឆ្នោតបាន នោះត្រូវតែមានការជ្រើសរើសអ្នកថ្មីជំនួស។ ស្ថិតក្រោមច្បាប់គណបក្ស សមាជិកគណៈកម្មាធិការជាតិខាងគណបក្សសាធារណរដ្ឋទាំង១៦៨រូប នឹងត្រូវបោះឆ្នោតជ្រើសរើសបេក្ខជនប្រធានាធិបតីតំណាងបក្សថ្មី ដែលលោកអនុប្រធានាធិបតីម៉ៃ ផេនទំនងជាបេក្ខជនម្នាក់ផងដែរ។ ប៉ុន្ដែកន្លងមកមិនថាគណបក្សប្រជាធិបតេយ្យឬគណបក្សសាធារណរដ្ឋ មិនដែលធ្លាប់ផ្លាស់ប្ដូរសមាសភាពបេក្ខជនប្រធានាធិបតីត្រូវបានតែងតាំងជាផ្លូវការហើយនោះទេ។
សរុបមក បើតាមការបញ្ជាក់ពីរូបលោកផ្ទាល់ និងក្រុមគ្រូពេទ្យព្យាបាលលោកផង បច្ចុប្បន្នលោកដូណាល់ ត្រាំពុំមានស្ថានភាពធ្ងន់ធ្ងរគួរឲ្យបារម្ភនោះទេ។ ប៉ុន្ដែក៏មិនមែនមានន័យថាលោកបានជាសះស្បើយដែរ ដោយក្រុមគ្រូពេទ្យកំពុងតែតាមដានស្ថានភាពសុខភាពរបស់លោកយ៉ាងយកចិត្ដទុកដាក់បំផុត។ ស្ថានភាពនៃអ្នកជំងឺកូវីដ-១៩ក៏អាចនឹងប្រែប្រួលបានភ្លាមៗ នេះបើតាមការបញ្ជាក់ពីគ្រូពេទ្យជំនាញ។ ដូច្នេះអ្វីដែលជាក់ស្ដែងពិតប្រាកដ ត្រូវរង់ចាំមើលស្ថានភាពសុខភាពរបស់លោកត្រាំ ប្រសិនបើគ្មានបញ្ហាចោទទេលោកនឹងចូលរួមការបោះឆ្នោតតាមគ្រោងទុក ប៉ុន្ដែបើមានបញ្ហាធ្ងន់ធ្ងរនោះនឹងត្រូវរៀបចំដោះស្រាយតាមវិធានការណាមួយដូចរៀបរាប់ខាងលើ៕(ដោយ៖ពេញ ផេង)