UN​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ករណី​មន្ត្រី​កូរ៉េខាងត្បូង ត្រូវ​បាញ់សម្លាប់​ដោយ​កូរ៉េខាងជើង​

06-10-2020 5:18 pm 223

​នៅក្នុង​សេចក្តីថ្លែងការណ៍​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ប្រចាំ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​ប្រទេស​កូរ៉េខាងត្បូង​និយាយថា ប្រទេស​កូរ៉េ​ទាំងពីរ មាន​កាតព្វកិច្ច​អនុវត្ត​ការស៊ើបអង្កេត​ភ្លាមៗ​មិន​លម្អៀង និង​ប្រកបដោយ​ប្រសិទ្ធភាព ទៅ​ក្នុងករណី​បាញ់សម្លាប់​មន្ត្រីជលផល​កូរ៉េខាងត្បូង​ម្នាក់​។ ក៏មាន​ការអំពាវនាវ​ផងដែរ ឲ្យ​កូរ៉េខាងជើង​ប្រគល់​អដ្ឋិធាតុ​រប​ស់បុរ​ស​រូបនោះ​។ នេះ​ជា​ការជំរុញ​បន្ថែម ពីលើ​ការស្នើសុំ​របស់​ប្រទេស​កូរ៉េខាងត្បូង ឲ្យ​កូរ៉េខាងជើង​សហការ​ស៊ើបអង្កេត​រួមគ្នា​បន្ថែម​។ រដ្ឋាភិបាល​កូរ៉េខាងត្បូង ធ្លាប់បាន​ស្នើ​កូរ៉េខាងជើង​បើក​ការស៊ើបអង្កេត​រួមគ្នា​មួយទៀត ពីលើ​ការស៊ើបអង្កេត​តែម្នាក់ឯង​របស់​កូរ៉េខាងជើង តែ​រហូត​មកទល់ពេលនេះ មិនទាន់មាន​ការឆ្លើយ​តប​ទេ​។​

​ការិយាល័យ​សិទ្ធិមនុស្ស​មិនបាន​និយាយ​ពីតួនាទី ​របស់​អង្គការសហប្រជាជាតិ​ថា នឹង​លូកដៃ​ចូល​ដោះស្រាយ​សំណុំរឿង​នេះឡើយ​។ សាច់ញាតិ​ជនរងគ្រោះ​ប្រាប់​អ្នកកាសែត នៅ​ខាងក្រៅ​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ថា ចង់ឲ្យ​អង្គការសហប្រជាជាតិ អន្តរាគមន៍​តាមរយៈ​ការបើក​ការស៊ើបអង្កេត​ដោយផ្ទាល់ ទៅលើ​ករណី​បាញ់សម្លាប់​ជនរងគ្រោះ ក្រៅពី​ដើម្បី​ស្វែងរក​យុត្តិធម៌ ក៏​ដើម្បី​លាតត្រដាង​នូវ​ភាព​សហាវ​ឃោរឃៅ របស់​កូរ៉េខាងជើង​ផងដែរ​។​

​រដ្ឋាភិបាល​កូរ៉េខាងត្បូង​វិញ​ បាន​រង​សម្ពាធ​ពី​គ្រួសារ​ជនរងគ្រោះ ដែល​ត្រូវ​ទា​ហាន​កូរ៉េខាងជើង​បាញ់សម្លាប់ នៅពេលដែល​កូនប្រុស​របស់​ជនរងគ្រោះ ដាក់​លិខិត​ទៅ​ការិយាល័យ​ប្រធានាធិបតី ស្នើសុំ​ស្វែងរក​យុត្តិធម៌​។ នៅក្នុង​លិខិត​នោះ ក្មេងប្រុស​វ័យ​ជំទង់​ម្នាក់នេះ បាន​ចោទ​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​ថា មិនបាន​ជួយសង្គ្រោះ​ជីវិត​ឪពុក​របស់គេ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​នឹង​ឆ្លើយតប​ទៅ​កូនប្រុស​ជនរងគ្រោះ នៅពេល​ក្រោយ​។​

​លោក Lee Dae-jun វ័យ​៤៧​ឆ្នាំ មន្ត្រី​នៃ​នាយកដ្ឋាន​ជលផល​កូរ៉េខាងត្បូង ត្រូវ​ទាហាន​កូរ៉េខាងជើង​បាញ់សម្លាប់ អំឡុងពេល​បំពេញភារកិច្ច​កាលពី​ខែកញ្ញា​ឆ្នាំ​២០២០ នៅ​ព្រំដែន​ទឹក​។ ក្រោយ​កើតហេតុ លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង បាន​សរសេរ​សំបុត្រ​សុំទោស​ដ៏​កម្រ​ផ្ញើជូន​លោក​មូន និង​ប្រគល់​លទ្ធផល​នៃ​ការស៊ើបអង្កេត​ឲ្យ​កូរ៉េខាងត្បូង​ផងដែរ​។ តែ​កូរ៉េខាងជើង បដិសេធថា​មិនបាន​ដុត​សាកសព​ជនរងគ្រោះ​ចោល ដូចជា​ការ​ចោទ​ឡើយ​។ ក្រោយមក​អះអាងថា នឹង​ប្រគល់​សាកសព​ជនរងគ្រោះ​ប្រសិនបើ​រកឃើញ​។ ភាគី​កូរ៉េខាងជើង​និយាយ​នៅ​ថ្ងៃទី​២៥​ខែកញ្ញា​ថា យោធា​បាន​បាញ់ប្រហារ​លើ​អ្នក​ដែល​ចូលលុកលុយ ក្នុង​ដែនទឹក​របស់ខ្លួន​ដោយ​ខុសច្បាប់​។​

ជា​ការកត់សំគាល់ ព្រំដែន​រវាង​កូរ៉េ​ទាំងពីរ​មានការ​រឹតបន្តឹង​ស្រាប់​ជា​យូរណាស់​មកហើយ និង​កាន់តែ​រឹតបន្តឹង​ខ្លាំង​ឡើង ក្រោយ​កូរ៉េ​ទាំងពីរ​មាន​ជម្លោះ​ជាមួយគ្នាចុងក្រោយ រឿង​បង្ហោះ​ខិត្តប័ណ្ណ​រិះគន់​របប​ដឹកនាំ​របស់​កូរ៉េខាងជើង ដោយ​សកម្មជន​កូរ៉េខាងត្បូង​។ កូរ៉េខាងជើង​បាន​បង្កើន​ការ​រឹតត្បឹត​នៅ​ព្រំដែន​បន្ថែមទៀត ចន្លោះពេល​ផ្ទុះ​វីរុស​កូវី​ដ​១៩​។ កូរ៉េខាងជើង​ត្រូវបាន​សន្និដ្ឋានថា ទំនងជា​ដាក់ចេញ​វិធានការ​ទប់ស្កាត់​យ៉ាង​តឹងរឹង ដោយ​ដាក់​បញ្ជា​ឲ្យ​បាញ់​សម្លាប់ចោល​តែម្តង ដើម្បី​ការពារ​ការនាំ​មេរោគ​ចូលមក​ក្នុងប្រទេស​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត