មនុស្ស​ម្នាក់​ក្នុងចំណោម​១០​នាក់​ក្នុង​ពិភពលោក​ប្រហែលជា​បាន​ឆ្លងកូវី​ដ​១៩

06-10-2020 11:59 am 198

​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា​WHO​និយាយថា មនុស្ស​ម្នាក់​ក្នុងចំណោម​១០​នាក់ ក្នុង​ពិភពលោក​ប្រហែ​ជាបាន​ឆ្លង​កូវី​ដ​១៩​។ មន្ត្រីជាន់ខ្ពស់​ម្នាក់​និយាយថា ការប៉ាន់ស្មាន​នេះ​មានន័យថា​“ ភាគច្រើន​នៃ​ពិភពលោក​នៅតែ​ស្ថិតក្នុង​ហានិភ័យ​”​។ បច្ចុប្បន្ន​ករណី​ឆ្លង​កើនឡើង​ដល់​ជាង​៣៥​លាន​នាក់ តែបើ​តាម​ការប៉ាន់ស្មាន​របស់​អង្គការ​សុខភាព​ពិភពលោក តួលេខ​នៃ​ការឆ្លង​អាច​ហក់​ឡើងដល់​ជិត ៨០០ លាន​នាក់ មុន​មាន​វ៉ាក់សាំង​ដ៏​មាន​ប្រសិទ្ធភាព​ពិតប្រាកដ​ដាក់ឲ្យ​ប្រើប្រាស់​។​

​លោក​វេជ្ជបណ្ឌិត Mike Ryan​ប្រធាន​កម្មវិធី​គ្រាអាសន្ន នៃ​អង្គការ​សុខភាព​ពិភពលោក សន្និដ្ឋានថា មនុស្ស​ប្រហែលជា​ង​១០​ភាគរយ នៅលើ​ពិភពលោក​បាន​ឆ្លងកូវី​ដ​១៩​។ វីរុស​កំពុងតែ​បន្តស​កម្ម​ភាព​ចម្លង​យ៉ាង​រស់​រវើក តែ​យ៉ាងណា​ទន្ទឹមនឹងនោះ មាន​វិធី​ទប់ស្កាត់​ការចម្លង ការព្យាបាល ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​។ លោក Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក បន្ត​អំពាវនាវ​ឲ្យមាន​សាមគ្គីភាព និង​ភាពជា​អ្នកដឹកនាំ​រឹងមាំ​ពី​ប្រទេស​នានា​។ 

​ការ​ថ្លែង​ដូច្នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពិសេស នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សុខភាព​ពិភពលោក  នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស ដើម្បី​ពិភាក្សា​ពី​ការឆ្លើយតប​ជា​សកល ចំពោះ​ជំងឺ​រាតត្បាត​នេះ​។ កិច្ចប្រជុំ​ពិសេស ធ្វើឡើង​បន្ទាប់​រយៈពេល​១០​ខែក្រោយ វីរុស​កូរ៉ូណា​ផ្ទុះឡើង ពុំមាន​សញ្ញា​បង្ហាញថា​វា​នឹង​បញ្ចប់​ការឆ្លង​រាលដាល​នៅឡើយ​ទេ​។ ប្រទេស​មួយចំនួន​កំពុងតែ​ប្រមើលមើល​ឃើញ ការឆ្លង​ជា​រលក​ទី​ពីរ បន្ទាប់ពី​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​។​

​ការវិវត្ត​ចុងក្រោយ​នៃ​វីរុស​កូរ៉ូណា ត្រឹម​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២០ បង្ហាញថា​នៅ​អាមេរិក​ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​និង​ស្លាប់​ដោយសារតែ​កូវី​ដ​១៩​ច្រើនជាងគេ គឺ​វីរុស​បាន​ឆ្លង​ទៅដល់​ប្រធានាធិបតី​ដូណាល់ ត្រាំ ហើយ​លោក​បាន​ទៅ​ព្យាបាល និង​ក៏បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​វិញ​ហើយ នៅ​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២២​។ ចំណែក​បារ​កំពុង​ត្រូវបាន​បិទ នៅ​រដ្ឋធានី​ប៉ារីស​ប្រទេស​បារាំង​ចាប់ពី​ថ្ងៃ​អង្គារ​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការកើនឡើង​នៃ​ករណី​ឆ្លង​។ មិន​ខុសគ្នា​ប៉ុន្មាន​ពី​បារាំង​ទេ រដ្ឋធានី​ម៉ា​ឌ្រី​ត​ប្រទេស​អេ​ស្ប៉ា​ញវិញ ស្ថិតនៅក្រោម​ការ​ចាក់សោ​រ​បិទទ្វារ ដោយ​អ្នកស្រុក​ត្រូវបាន​ហាមឃាត់​មិនឲ្យ​ធ្វើដំណើ​រឡើយ បើ​មិនចាំបាច់​។​

​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​វិញ​នៅ​ថ្ងៃទី​៥​តុលា ឆ្នាំ​២០២០ បានប្រកាស​ពី​អ្នកស្លាប់​ថ្មី​ដោយសារតែ​ជំងឺ​កូវី​ដ​១៩​ចំនួន​២៣៥​នាក់​និង​ករណី​ឆ្លង​ថ្មី​ចំនួន​៣,៩០២​នាក់ ដែលជា​កំណត់ត្រា​ថ្មី ចាប់តាំងពី​វីរុស​បាន​ផ្ទុះឡើង​នៅ​ក្នុងប្រទេស​នេះ​។ កាលពី​ចុង​សប្តាហ៍​កន្លងទៅ អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​បិទ​សាលារៀន សាកលវិទ្យាល័យ បណ្ណាល័យ វិហារ​អ៊ីស្លាម​និង​ស្ថាប័ន​សាធារណៈ​ដទៃទៀត នៅក្នុង​រដ្ឋធានី​និង​តំបន់​ជុំវិញ​នោះ ដើម្បី​ទប់ស្កាត់​ការឆ្លង​និង​ចម្លង​។ 

​អ្វីដែល​គួរឲ្យភ្ញាក់ផ្អើល​ដែរនោះ អាកាសយានដ្ឋាន Changi របស់​ប្រទេស​សិង្ហ​បុរី ដែល​ជាប់​ឈ្មោះ​ជា​ព្រលានយន្តហោះ​ល្អ​បំផុត​ក្នុង​រយៈពេល​៨​ឆ្នាំ​ជាប់​គ្នា នៅលើ​ពិភពលោក បាន​ព្រមាន​អំពី​អនាគត​ដ៏​គួរឲ្យ​ភ័យខ្លាច ពី​ការប៉ះពាល់​ដោយសារតែ​កូវី​ដ​១៩ ដែល​មិន​បង្ហាញ​សញ្ញា​បិទ​បញ្ចប់​ការឆ្លង​រាលដាល ត្បិតកូ​វីដ​១៩​បានធ្វើឲ្យ​ជើងហោះហើ​រធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត នៅក្នុង​ប្រវត្តិសាស្ត្រ​។ អាកាសយានដ្ឋាន​Changi បាន​ផ្អាក​ប្រតិបត្តិការ​នៅក្នុង​ស្ថានីយ​ចំនួន​ពីរ និង​ផ្អាក​ការសាងសង់​ស្ថានីយ​ចំណត​ទី ៥ យ៉ាងហោចណាស់​ពីរ​ឆ្នាំ​។​

​យោងទៅតាម​ការចុះផ្សាយ​ដោយ​គេហៈទំព័រ​ធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ​នៃ​វីរុស​កូរ៉ូណា ដែល​បង្ក​ជា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី នៅ​ថ្ងៃទី​៦​ខែតុលា​នេះ​ឲ្យដឹងថា ករណី​ឆ្លង​ទូទាំង​ពិភពលោក​កើនឡើង​ដល់​ជាង​៣៥​លាន​៦​សែន​នាក់ បូក​ករណី​ឆ្លង​ថ្មី​៣,២៤៧​នាក់ ស្លាប់​កើន​ដល់​ជាង​១​លាន​៥​ម៉ឺន​នាក់ បូក​ជាមួយ​ករណី​ស្លាប់​ថ្មី​៦០​នាក់​។ ទន្ទឹមនឹងនោះ​ការព្យាបាល​ជាសះស្បើយ ក៏បាន​កើនឡើង​ដល់​ជាង​២៦​លាន​៨​សែន​នាក់ ខណៈ​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ជាង​៧​លាន​៧​សែន​នាក់​៕

ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  WHOកូវីដ១៩

ព័ត៌មានផ្សេងទៀត