លោក​ដូណាល់ ត្រាំ​ចេញពី​មន្ទីរពេទ្យ​វិញ​ហើយ​

06-10-2020 9:14 am 239
លោកដូណាល់ ត្រាំដើរចេញពីមន្ទីរពេទ្យយោធាWalter Reedនៅថ្ងៃទី៥ខែតុលាឆ្នាំ២០២០ក្រោយព្យាបាលជំងឺកូវីដ១៩អស់៣ថ្ងៃ

​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អា​មេ​រិក បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​យោធា Walter Reed​ហើយ នៅ​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២០ បន្ទាប់ពី​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​១៩​អស់​រយៈពេល​៣​ថ្ងៃ​។ លោក​ត្រាំ​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ ដោយ​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ Marine One ត្រឡប់​ទៅកាន់​សេត​វិមាន​វិញ មុនពេល​បញ្ជាក់​លើ​បណ្តាញ​សង្គម​tweeter​ថា លោក​ពិតជា​មាន​អារម្មណ៍​ល្អ និង​ថា​កុំឲ្យ​ខ្លាច​កូវី​ដ​១៩​។ លោក​ត្រាំ​បន្ថែមថា ក្រោម​ការដឹកនាំ​របស់​រដ្ឋបាល​ត្រាំ អាមេរិក​មាន​ការអភិវឌ្ឍ ដោយមាន​ថ្នាំ​និង​ចំណេះដឹង​ដ៏​អស្ចារ្យ​មួយចំនួន​។ 

​បន្ទាប់ពីនោះ​លោក​ត្រាំ​បន្ត​ការងារ​ឲ្យបាន​ពេញលេញ​វិញ ជាពិសេស​ការ​បន្តធ្វើ​យុទ្ធនាការ សម្រាប់​ការប្រកួតប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី ដែល​នឹង​ឈានចូល​មកដល់ នៅ​ថ្ងៃទី​៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​។ ប៉ុន្តែ​មុននឹង​ការបោះឆ្នោត​មកដល់ លោក​ត្រាំ​ដែលជាបេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ នៅ​ប្រឈម​នឹង​ការជជែក​ដេញដោល ជាមួយ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោកចូ បាយដិន​ចំនួន​២​ជុំ​ទៀត គឺ​នៅ​ថ្ងៃទី​១៥​ខែតុលា និង​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០២០ ក្រោយ​ការជជែក​ដេញដោល​ជុំទីមួយ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០​។​

​សូម​ជម្រាបជូន​ថា លោក​ដូណាល់ ត្រាំ​បាន​ធ្វើតេស្ត​វិជ្ជ​មានកូ​វីដ​១៩​នៅ​ថ្ងៃទី​២ខែតុលា​ឆ្នាំ​២០២០ ហើយ​បាន​រួសរាន់​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​ភ្លាមៗ​តែម្តង​។ រហូត​មកដល់ពេលនេះ គេ​មិនទាន់​ដឹងថា​តើ​លោក​បាន​ឆ្លង​ជំងឺ​នេះ យ៉ាងដូចម្តេច​នោះទេ​។ កាលពី​ថ្ងៃទី​១​ខែតុលា លោក​ត្រាំ​និយាយ​ពី​បំណង​ចង់​ធ្វើ​ចត្តា​ឡី​ស័ក បន្ទាប់ពី​ជំនួយការ​ជិតដិត​ម្នាក់​របស់លោក គឺ​អ្នកស្រី Hope Hicks បាន​ធ្វើតេស្ត​វិជ្ជមាន​វីរុស​កូវី​ដ​១៩​។ មិនយូរប៉ុន្មាន​លោក​ត្រាំ ក៏​ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​ដែរ​៕​

ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត