លោក​អាសា​ដសរ​សើរ​​ទ័ព​រុស្ស៊ី ក្នុង​ខួប​៥​ឆ្នាំ​ដែល​ទ័ព​រុស្ស៊ី​អន្តរាគមន៍​នៅ​ស៊ី​រី​

05-10-2020 5:29 pm 197

​ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​និយាយថា វត្ត​មាននៃ​មូលដ្ឋាន​កងទ័ពជើងទឹក​និង​អាកាស​ដ៏​សំខាន់​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​របស់លោក ជួយ​ទប់​ទល់នឹង​ឥទ្ធិពល​នៃ​មហាអំណាច​លោកខាងលិច​នៅក្នុង​តំបន់​។ លោក​អាសាដ​បាន​ថ្លែង​នៅក្នុង​កិច្ចសម្ភាសន៍ ជាមួយ​ប៉ុស្តិ៍​ទូរទស្សន៍​រុស្ស៊ី​Zvezda​នៅក្នុង​ខួប​៥​ឆ្នាំ ដែល​រុស្ស៊ី​បញ្ជូន​ទ័ព​ទៅ​អន្តរាគមន៍​ក្នុងប្រទេស​ស៊ី​រី​ថា ស៊ី​រី​នៅតែ​បន្ត​ត្រូវការ​តួនាទី​របស់​កងទ័ព​រុស្ស៊ី ដែល​មេបញ្ជាការ​យោធា​ស៊ី​រី​និយាយថា ដើម្បី​ការពារ​និង​ប្រឆាំងនឹង​ឥទ្ធិពល​របស់​អាមេរិក​នៅក្នុង​តំបន់​។ 

​លោក​អាសាដ ជា​មេដឹកនាំ​ដែល​អាមេរិក​មិន​ពេញចិត្ត បាន​រំលឹកថា កងទ័ព​របស់លោក​មុនពេល​ការអន្តរាគមន៍​យោធា​របស់​ទីក្រុង​មូ​ស្គូ បាន​ប្រឈម​នឹង​ស្ថានភាព​គ្រោះថ្នាក់ ពី​ក្រុមប្រឆាំង​ប្រដាប់អាវុធ ដែល​ផ្តល់​មូលនិធិ​និង​បំពាក់​អាវុធ ដោយ​ទីក្រុង​វ៉ាស៊ីនតោន និង​មហាអំណាច​លោកខាងលិច​ផ្សេងទៀត រួមជាមួយ​អា​រ៉ាប៊ីសាអូឌីត​និង​កាតា ដែល​ចោមរោម​ដណ្តើម​កាន់កាប់​ទីប្រជុំជន​សំខាន់ៗ ក្នុងប្រទេស​ស៊ី​រី​។​

​សូម​ជម្រាបជូន​ថា រុស្ស៊ី​បាន​ចូល​អន្តរាគមន៍​យោធា នៅក្នុង​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ី​រី​នៅក្នុង​ឆ្នាំ​២០១៥ ក្រោយ​ទទួល​ការស្នើសុំ​ជំនួយ​យោធា​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​ស៊ី​រី ដើម្បី​ប្រឆាំងនឹង​ក្រុម​ឧទ្ទាម​។ រុស្ស៊ី​ចាប់ផ្តើម​ពង្រឹង​វត្តមាន​យោធា​ជា​អចិន្ត្រៃយ៍​របស់ខ្លួន​នៅក្នុង​ឆ្នាំ ២០១៧ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង ជាមួយ​រដ្ឋាភិបាល​នៅ​ក្រុង​ដា​ម៉ាស​។ ក្រៅពី​ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​ដូចជា​ក្រុម​IS រុស្ស៊ី​មាន​គោលដៅ​ជួយ​រដ្ឋាភិបាល​ស៊ី​រី​ដណ្តើមយក​តំបន់​ផ្សេងៗ ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រឆាំង​មកវិញ​។ គិត​ត្រឹម​ចុងឆ្នាំ​២០១៧ រុស្ស៊ី​បាន​ជួយ​រដ្ឋាភិបាល​ស៊ី​រី​ដណ្តើមយក​ក្រុង​បុរាណ Palmyra ពី​ក្រុម​IS​និង​ក្រុង​Aleppo ក្នុង​ឆ្នាំ​២០១៦ និង​បំបែក​ការឡោមព័ទ្ធ​អស់​រយៈពេល​៣​ឆ្នាំ ដោយ​ក្រុម​សកម្មប្រយុទ្ធ​នៅ Deir ez-Zor ក្នុង​ឆ្នាំ​២០១៧​។ រុស្ស៊ី​បាន​ប្រើប្រាស់​មូល​រដ្ឋា​ន​ទ័ព​អាកាស Hmeimim ធ្វើ​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​IS ដែល​អុកឡុក​ខ្លាំង​ក្នុងប្រទេស​ស៊ី​កាលនោះ​។ 

​សកម្មភាព​របស់​រុស្ស៊ី​នៅក្នុង​ប្រទេស​ស៊ី​រី និង​សកម្មភាព​របស់​រដ្ឋាភិបាល​ស៊ី​រី​ផ្ទាល់ បាន​រង​នូវ​ការរិះគន់​និង​ថ្កោលទោស ពី​អាមេរិក អ្នកគាំទ្រ​ក្រុមប្រឆាំង​នៅ​ស៊ី​រី អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​និង​អង្គការ​លើកលែងទោស​អន្តរជាតិ ព្រមទាំង​មន្ត្រី​នៅ​អង្គការសហប្រជាជាតិ​។ ការ​ថ្កោលទោស​ដូចៗ​គ្នា​ថា ការទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​និង​ស៊ី​រី​ទៅលើ​តំបន់ ដែល​កាន់កាប់​ដោយ​ក្រុមប្រឆាំង ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ជា​ដើមហេតុ​នាំឲ្យ​មានជន​ស៊ីវិល​រាប់ពាន់នាក់​ធ្លាក់ខ្លួន​ស្លាប់ និង​មនុស្ស​រាប់លាន​នាក់​ផ្លាស់ប្តូរ​ទីលំនៅ​។ តែ​ទីក្រុង​មូ​ស្គូ​និងក្រុង​ដា​ម៉ាស​បដិសេធ​និង​ថា​ពួកគេ​កំពុងតែ​ប្រយុទ្ធ ដើម្បី​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​IS​។​

​បច្ចុប្បន្ន​មាន​មូលដ្ឋានទ័ព​ចំនួន​២​នៅក្នុង​ប្រទេស​ស៊ី​រី ដែល​កំពុងតែ​ធ្វើ​ប្រតិបត្តិការ​ដោយ​យោធា​រុស្ស៊ី គឺ​មូលដ្ឋាន​ទ័ពអាកាស Hmeimim​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Latakia និង​ទីតាំង​កងទ័ពជើងទឹក​នៅ Tartus ក្នុងប្រទេស​ស៊ី​រី ជា​មូលដ្ឋាន​ទ័ពជើងទឹក​តែ​មួយគត់​របស់ខ្លួន នៅជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ ដែល​ប្រើប្រាស់​តាំងពី​សម័យ​សហភាពសូវៀត​មក​។ យោងទៅតាម​ឯកសារ​របស់​រដ្ឋាភិបាល​រុស្ស៊ី ដែល​ចេញផ្សាយ​កាលពី​ខែសីហា​បង្ហាញថា អាជ្ញាធរ​ស៊ី​រី បាន​យល់ព្រម​ផ្តល់​ដី​និង​ឆ្នេរសមុទ្រ​បន្ថែមទៀត​ដល់​រុស្ស៊ី ដើម្បី​ពង្រីក​មូលដ្ឋាន​ទ័ពអាកាស​របស់ខ្លួន​នៅ Hmeimim៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  ស៊ីរីរុស្ស៊ី

ព័ត៌មានផ្សេងទៀត