លោក​ត្រាំ​រង​ការរិះគន់ ក្រោយ​ចេញមក​ស្វាគមន៍​អ្នកគាំទ្រ​ទាំង​កំពុងមាន​ជំងឺ​កូវី​ដ​១៩

05-10-2020 11:13 am 261

​នៅ​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២០ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បានធ្វើឲ្យ​អ្នកគាំទ្រ​មាន​ការផ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​លោក​ចាកចេញ​ពី​មន្ទីរពេទ្យ មក​ស្វាគមន៍​អ្នកគាំទ្រ​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​យោធា​Walter Reed ជា​កន្លែ​ដែល​លោក​កំពុង​ទទួល​ការព្យាបាល​ជំងឺ​កូវី​ដ​១៩​។ លោក​ត្រាំ​មិនបាន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកគាំទ្រ​ឲ្យបាន​ជិតស្និ​ទ្ធ​ទេ​។ ពោល ប្រធានាធិបតី​ដែល​កំពុង​តែមាន​ជំងឺ​កូវី​ដ​១៩ បាន​ចំណាយពេល​ខ្លី ជិះ​រថយន្ត​ពណ៌​ខ្មៅ ឆ្លងកាត់​ហ្វូង​អ្នកគាំទ្រ​ដែល​ឈរ​អម​សងខាង​ផ្លូវ ហើយ​បាន​លើកដៃ​រា​ដាក់​ពួកគេ ជាមួយនឹង​ការពាក់​ម៉ាស់​។​

​អ្នកនាំពាក្យ​សេត​វិមាន​លោក Judd Deere បាន​ពណ៌នាថា នេះ​ជាការ​ជិះ​រថយន្ត​រយៈពេល​ខ្លី ហើយ​ក្រោយមក​លោក​ត្រាំ​បាន​វិលត្រឡប់​ទៅ​បន្ទប់​នៃ​មន្ទីរ​ពេទ្យវិញ​​ភ្លាមៗ​។ លោក Deere និយាយថា ការប្រុងប្រយ័ត្ន​ត្រឹមត្រូវ​ ត្រូវបាន​អនុវត្តមុនពេល​ជិះ​រថយន្ត​ចេញ​ក្រៅ ដើម្បី​ការពារ​ប្រធានាធិបតី​និង​អ្នក​ដែល​គាំទ្រ​លោក​។ ដំណើរ​នេះ​ត្រូវបាន​ក្រុម​វេជ្ជសាស្ត្រ​សម្អាត ដើម្បី​ប្រាកដថា​មាន​សុវត្ថិភាព​។​

​យ៉ាងណាក៏ដោយ ឥរិយាបទ​របស់លោក​ត្រាំ បាន​រង​នូវ​ការរិះគន់​ពី​សហគមន៍​វេជ្ជសាស្ត្រ ថា អាចធ្វើឲ្យ​អ្នកដទៃ​ប្រឈម​នឹង​ហានិភ័យ ជាពិសេស​អ្នក​នៅក្នុង​រថយន្ត​ជាមួយ​លោក​ចំនួន​២​នាក់​។ ក្រុម​អ្នកជំនាញ​លើកឡើងថា ការចាកចេញ​របស់លោក​ត្រាំ បាន​រំលោភ​លើ​គោលការណ៍​ណែនាំ​សុខភាព​សាធារណៈ​របស់​រដ្ឋាភិបាល​ខ្លួនឯង ដែល​តម្រូវឲ្យ​អ្នកជំងឺ​ដាក់ខ្លួន​ដាច់ដោយឡែក នៅពេល​ពួកគេ​កំពុង​ព្យាបាល​ជំងឺ​កូវី​ដ​១៩ និង​ធ្វើឲ្យមាន​គ្រោះថ្នាក់​ដល់ ភ្នាក់ងារ​សេវាកម្ម​សម្ងាត់​របស់លោក​ត្រាំ​ផងដែរ​។ ពួកគេ​អាច​ប្រឈម​នឹង​ការឈឺ ពួកគេ​អាច​ស្លាប់ សម្រាប់​ល្ខោន​នយោបាយ​។ ការធ្វើ​តាម​បញ្ជា​របស់លោក​ត្រាំ អាចធ្វើឲ្យ​ជីវិត​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​។ នេះ​បើតាម​លោក James Phillips សាស្ត្រាចារ្យ​ជំនួយការ​ផ្នែក​វេជ្ជសាស្ត្រ​បន្ទាន់ នៃ​សាលា​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ George Washington​និយាយ​នៅលើ​បណ្តាញ​សង្គម​Twitter​។ 

​អ្នក​រិះគន់​មើលឃើញ​ពី​ភាព​មិនចាំបាច់​ទាល់តែសោះ ដែល​លោក​ត្រាំ​ត្រូវ​ចេញមក​ខាងក្រៅ អំឡុងពេល​កំពុង​ព្យាបាល​ជំងឺ​កូវី​ដ​១៩​។ លោក Zeke Emanuel ប្រធាន​ផ្នែក​ក្រមសីលធម៌​វេជ្ជសាស្ត្រ និង​គោលនយោបាយ​សុខភាព​នៅ​សកល​វិទ្យាល័យ Pennsylvania និង​ជា​ទីប្រឹក្សា​អង្គការ​សុខភាព​ពិភពលោក ពណ៌នា​ថា​ការបង្ហាញ​ខ្លួន​របស់លោក​ត្រាំ ជា​រឿង​គួរឲ្យ​ខ្មាស់អៀន​។ ភ្នាក់ងារ​សេវាកម្ម​សម្ងាត់​របស់លោក​ត្រាំ អង្គុយ​ក្នុង​រថយន្ត​ក្នុងនាម​ជា​អ្នក​បើកឡាន​និង​អមដំណើរ​អ្នកជំងឺ​កូវី​ដ​១៩ ដែល​ធ្វើឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការឆ្លង​។ តើ​ដើម្បី​អ្វី​ទៅ​? អ្នក​ដែល​ធ្វើតេស្ត៍​វិជ្ជមាន​ជំងឺ​កូវី​ដ​១៩​ ជាទូទៅ​គេ​តម្រូវឲ្យធ្វើ​ចត្តា​ឡីស័​ក​រយៈពេល ១៤ ថ្ងៃ​ដើម្បី​ចៀសវាង​ការឆ្លងដល់​អ្នកដទៃ​។ 

​លោក​ត្រាំ​បាន​ធ្វើតេស្ត​វិជ្ជមាន នៃ​វីរុស​កូវី​ដ​១៩ដែល​បានសម្លាប់​ប្រជាជន​អាមេរិក​ជាង​២០​ម៉ឺន​នាក់ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ហើយ​បាន​ទៅ​ព្យាបាល​ជំងឺ​នៅ​ជ្ឈ​មណ្ឌល​ជាតិ​វេជ្ជសាស្ត្រ​យោធា Walter Reed ស្ថិតនៅ​ជាយក្រុង​វា​ស៊ីន​តោន​។ បើតាម​ការបញ្ជាក់​ពី​គ្រូពេទ្យ ស្ថានភាព​ជំងឺ​របស់លោក​ត្រាំ​ធូរស្រាល​ជាង​មុន​ហើយ ខណៈ​លោក​ត្រាំ​សង្ឃឹមថា​ស្ថានភាព​សុខភាព​របស់លោក​ នឹង​វិលត្រឡប់​មក​ដូចដើម​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕ ដោយ​៖​អ៊ុន សុខ​ឡា 

ព័ត៌មានផ្សេងទៀត