ប្រវត្ដិ​លោកចូ បាយ​ដិន បេក្ខជន​ប្រធានាធិបតី​ប្រជែ​ង​លោក​ដូណាល់ ត្រាំ​

04-10-2020 6:05 pm 706

​លោកចូ បាយដិន​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​អាមេរិក បច្ចុប្បន្នកំពុង​មាន​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា អាច​ផ្ដួល​ប្រធានាធិបតី​បច្ចុប្បន្ន​លោក​ដូណាល់ ត្រាំ ដែល​កំពុង​ស្វែងរក​ការគាំទ្រ​ក្នុង​អាណត្ដិទី​ពីរបាន​។ លោក​បាយដិន​គឺជា​អ្នកនយោបាយ​ជោគជាំ​មួយរូប ដោយ​លោក​ធ្លាប់បាន​ប្រឡូក​ប្រមាណ​៥០​ឆ្នាំ​មកហើយ​។ លោក​ក៏​ធ្លាប់​ធ្វើការ​ជា​មេធាវី​មួយ​រយៈពេល មុន​ចូល​ស៊ប់​ក្នុង​ឆាកនយោបាយ​។ ក្រោយមក​លោក​បានក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​វ័យក្មេង​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក និង​កាន់តំណែង​នេះ​បានយូរ​ឆ្នាំ​ផងដែរ​នៅ​រដ្ឋ​ដេ​ឡាវែ​រ​(Delaware)​។ លោក​ក៏បាន​ក្លាយជា​អនុ​ប្រធានាធិបតី​ទី​៤៧​របស់​អាមេរិក​កាន់តំណែង​ពីរ​អាណត្ដិ​ជាប់គ្នា គឺ​ក្នុង​ឆ្នាំ​២០០៨​និង​ឆ្នាំ​២០១២ គ្រា​លោក​បា​រ៉ាក់ អូ​បា​ម៉ា​កាន់តំណែង​ប្រធានាធិបតី​។ តើ​លោកចូ បាយដិន​មាន​ប្រវត្ដិ​យ៉ាងណាទៀត​?

​ជី​វប្រ​វត្ដិ​និង​ការសិក្សា​

​លោកចូ បាយ​ដិន មានឈ្មោះ​ពេញ​ថា​ចូសេព រ៉ូ​ប៊ី​ណេត បាយ​ដិន ជេអ័រ​(Joseph Robinette Biden Jr) កើត​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​១៩៤២ នៅក្នុង​រដ្ឋ​ផេន​ស៊ីល​វ៉ានៀ បច្ចុប្បន្ន​មាន​វ័យ​៧៧​ឆ្នាំ​។ លោក​មាន​បងប្អូន​បួន​នាក់ ស្រី​ម្នាក់ ប្រុស​បីនាក់ មាន​ឪពុក​ឈ្មោះ​ចូសេព រ៉ូ​ប៊ី​ណេត បាយ​ដិន អេស​អ័រ​(Joseph Robinette Biden Sr.)​និង​ម្ដាយ​ឈ្មោះ​ខា​ធឺ​រី​ន យូ​ជីនៀ ហ្វីន​ណេ​ហ្គែ​ន​(Catherine Eugenia Finnegan)​។ ឪពុក​របស់លោក​ដំបូង​ឡើយ​ជា​អ្នកមាន​ទ្រព្យសម្បត្ដិ​ម្នាក់ ប៉ុន្ដែ​បាន​ជួប​វិបត្ដិ​ហិរញ្ញ​វត្ថិ​ជាច្រើនលើក​នៅពេល​មានកំណើត​កូនប្រុស​។ រយៈពេល​ជាច្រើន​ឆ្នាំ​ដែល​គ្រួសារ​របស់លោក​បាន​ទៅ​រស់នៅ​ជាមួយ​ជីដូន​ជីតា​ខាង​ម្ដាយ​។ ពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ​ខ្លាំង​ក្នុងអំឡុង​ទសវត្ស​ឆ្នាំ​១៩៥០ ឪពុក​របស់លោក​បាយដិន​ពុំ​អាចរក​ការងា​រជាប់​លា​ប់​បានទេ​។ ក្នុង​ឆ្នាំ​១៩៥៣ គ្រួសារ​របស់លោក​បាយ​ដិនបាន​ផ្លាស់​ទៅ​រស់នៅ​តំបន់​ខ្លេយ៍​ម៉ុន​(Claymont)​ក្នុង​រដ្ឋ​ដេ​ឡាវែ​រ​(Delaware)​។ ប៉ុន្មាន​ឆ្នាំក្រោយ​ក៏​ផ្លាស់​ទៅ​ទីក្រុង​Wilmington​ក្នុង​រដ្ឋ​ដេ​ឡាវែ​រ​ដដែល​។ ក្រោយមកទៀត​ឪពុក​លោក​បាយដិ​នក៏​ក្លាយជា​អ្នកល​ក់ឡាន​ជជុះ​ដ៏​ជោគជ័យ​ម្នាក់ អាចជួយ​ឲ្យ​ជីវភាព​គ្រួសារ​បានល្អ​ប្រសើរឡើង​វិញ​។​

​ចំពោះ​ការសិក្សា លោកចូ បាយ​ដិនបាន​ចូលរៀន​នៅ​សាលា​Archmere Academy​នៅ​ខ្លេយ៍​ម៉ុន ក្រោយមកទៀត​លោក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ពី​សាកល​វិទ្យាដេ​ឡាវែ​រ​ក្នុង​ឆ្នាំ​១៩៦៥ លើ​មុខជំនាញ​ពីរ​គឺ​ផ្នែក​ប្រវត្ដិសាស្ដ្រ​និង​វិទ្យាសាស្ដ្រ​នយោបាយ​។ លោក​ក៏បាន​រៀន​ជំនាញ​បន្ទាប់បន្សំ​មួយទៀត​ផ្នែក​ភាសា​អង់គ្លេស​។ បន្ទាប់មកទៀត​លោក​បាន​បន្ដ​រៀន​នៅ​សាកលវិទ្យាល័យ​Syracuse​ជំនាញ​ច្បាប់​ក្នុង​ឆ្នាំ​១៩៦៦ និង​បញ្ចប់​ក្នុង​ឆ្នាំ​១៩៦៨​។  ក្នុង​ឆ្នាំ​១៩៦៨​លោក​បាយដិ​នក៏បាន​ធ្វើជា​ស្មៀន​០៦​ខែ​ផងដែរ​នៅ​ក្រុមហ៊ុន​ច្បាប់​មួយ​ក្នុង​ក្រុង​Wilmington ដឹកនាំ​ដោយ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដ៏​លេចធ្លោ​មួយរូប​។ ក្នុងពេល​ចូលរួម​សកម្មភាព​នានា សមាជិក​គណបក្ស​សាធារណរដ្ឋ​ក្នុង​តំបន់​នោះ ក៏​ព្យាយាម​ជ្រើសរើស​លោក​ចូល​ជា​សមាជិក​ប៉ុន្ដែ​លោក​បាយដិន​បដិសេធ ដោយសារ​មិន​ពេញចិត្ដ​បេក្ខជន​ប្រធានាធិបតី​រី​ឆាត និច​ស៊ុន ហើយ​លោក​ក៏​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ឯករាជ្យ​។​

​នៅ​ឆ្នាំ​១៩៦៩​លោក​បាដិ​ន​បានចាប់ផ្ដើម​ការងារ​ជា​អ្នកច្បាប់​បន្ដទៀត​ក្នុង​ទីក្រុង​Wilmington ដំបូង​ជា​មេធាវី​ការពារ​ក្ដី​សាធារណៈ នៅ​ក្រុមហ៊ុន​ដឹកនាំ​ដោយ​មន្ដ្រី​សកម្ម​ម្នាក់​របស់​គណបក្ស​ប្រជាធិបតេយ្យ​។ គ្រានោះ​លោក​ក៏បាន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ ហើយ​លោក​បាយដិ​នក៏​សម្រេច​ចុះឈ្មោះ​ចូលជា​សមាជិកគណប​ក្ស​ប្រជាធិបតេយ្យ​វិញ​។ 

​ការ​ប្រឡូក​ក្នុង​ឆាកនយោបាយ​

​ចាប់​អាជីព​នយោបាយ​ដំបូង លោកចូ បាយ​ដិនបាន​បម្រើការ​ក្នុង​ក្រុមប្រឹក្សានៅ​តំបន់​New Castle ពី​ឆ្នាំ​១៩៧០-១៩៧២ តែ​ក៏​បន្ដធ្វើ​ការងារ​ឯកជន​ជា​អ្នកច្បាប់​ដដែល​។ ដោយមាន​មហិច្ឆតា​ចង់​ក្លាយជា​សមាជិក​ព្រឹទ្ធសភា លោក​បានចាប់ផ្ដើម​ឈរឈ្មោះ​ជា​បេក្ខភាព​នៅក្នុង​ការបោះឆ្នោត​សមាជិក​ព្រឹទ្ធសភា​ក្នុង​រដ្ឋ​ដេ​ឡាវែ​រ​ក្នុង​ឆ្នាំ​១៩៧២​។ កាលនោះ​ពិតជា​លំបាក​ខ្លាំង​ក្នុងការ​ប្រជែង​ជាមួយ​បេក្ខភាព​ខាង​គណបក្ស​សាធារណរដ្ឋ​លោក​J. Caleb Boggs ដែល​កាន់តំណែង​នេះ​បី​អាណត្ដិ​មកហើយ​។ ប៉ុន្ដែ​ដោយមាន​ការតស៊ូ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក​ខិតខំ​ផ្សព្វផ្សាយ​គោលនយោបាយ​នានា និង​បាន​ជួប​ដោយផ្ទាល់​ជាមួយ​ពលរដ្ឋ​ដើម្បី​អូសទាញ​ទឹកចិត្ដ​ម្ចាស់ឆ្នោត​។ ទីបំផុត លោក​ក៏​ទទួល​ជ័យជម្នះ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ក្នុង​រដ្ឋ​ដេ​ឡាវែ​ររៀបចំឡើង​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​១៩៧២ មាន​សំឡេងគាំទ្រ​៣,១៦២​សំឡេង​។

នៅ​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​១៩៧៣ លោកចូ បាយ​ដិនបាន​ស្បថ​ចូល​កាន់តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ដេ​ឡាវែ​រ ក្នុង​វ័យ​ត្រឹមតែ​៣០​ឆ្នាំ​ប៉ុណ្ណោះ ជា​សមាជិក​ព្រឹទ្ធសភា​វ័យក្មេង​ជាងគេ​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក​។ លោក​បាន​ជាប់​ជា​សមាជិកសភា​៦​អាណត្ដិទៀត គឺ​នៅ​ឆ្នាំ​១៩៧៨, ១៩៨៤,  ១៩៩០, ១៩៩៦, ២០០២ និង​ឆ្នាំ​២០០៨ ដោយ​កាន់តំណែង​សមាជិក​ព្រឹទ្ធសភា​សរុប​ពី​ឆ្នាំ​១៩៧៣​រហូតដល់​ឆ្នាំ​២០០៩​។ 

​ក្រៅពី​តំណែង​សមាជិក​ព្រឹទ្ធសភា នៅ​ឆ្នាំ​១៩៨៧​លោកចូ បាយដិ​នក៏បាន​ប្រកាស​ចូលរួ​ម​ជា​បេក្ខភាព​ដណ្ដើម​ការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ​ផងដែរ ដើម្បី​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​១៩៨៨​។ លោក​ចង់​ក្លាយជា​ប្រធានាធិបតី​វ័យក្មេង​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​អាមេរិក រាប់​ចាប់ពី​លោក​John F. Kennedy ប៉ុន្ដែ​មិន​ទទួលជោគជ័យ​ទេ​។ នៅ​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០០៧ លោក​បានប្រកាស​ពី​ការចូលរួមប្រជែកយ​កការតែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​តំណាងប​ក្ស​ម្ដងទៀត ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០០៨ ប៉ុន្ដែ​ត្រូវ​បរាជ័យ​ជាថ្មី​ខណៈ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​ត្រូវ​បានជ្រើសរើស​។ 

​បន្ទាប់ពី​ត្រូវបាន​ដក​ឈ្មោះ​ចេញពី​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស លោកចូ បាយដិន​ត្រូវបាន​លោក​បារ៉ាក់ អូ​បា​ម៉ា​ដែល​ជាប់​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ប្រជាធិបតេយ្យ​ពេញចិត្ដ ហើយ​ចង់រក​កន្លែង​សំខាន់​មួយ​ឲ្យ​លោក​បាយដិន​នៅក្នុង​រដ្ឋាភិបា​លរបស់​លោក គឺ​តំណែង​ជា​អនុ​ប្រធានាធិបតី​តែម្ដង​។ ដំបូង​លោក​បាយដិន​បដិសេធ ប៉ុន្ដែ​ក្រោយមក​ក៏​យល់ព្រម​។ នៅ​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០០៨ លោក​អូ​បា​ម៉ា​បានប្រកាសថា លោក​បាយដិ​ននឹង​ក្លាយជា​អនុប្រធានា​ធិបតី​នៅពេល​លោក​ជាប់ឆ្នោត​។ បន្ទាប់ពី​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៨​បានបញ្ចប់ ដែល​លោក​អូ​បា​ម៉ា​ទទួលជោគជ័យ​ដូច​រំពឹងទុក នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០០៩ លោកចូ បាយ​ដិនបាន​ក្លាយជា​អនុប្រ​ធានា​ធិបតី​ទី​៤៧​របស់​អាមេរិក​។ នៅ​ឆ្នាំ​២០១០​លោក​ក៏​ត្រូវបាន​លោក​អូ​បា​ម៉ា​ស្នើសុំ​ឲ្យធ្វើជា​អនុប្រធានាធិប​តីម្ដង​ទៀត ដើម្បី​ប្រកៀក​ស្មា​គ្នា​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១២​។ ក្រោយ​លោក​អូ​បា​ម៉ា​ឈ្នះឆ្នោត​ប្រធានាធិបតី​អាណត្ដិ​ទីពីរ​ក្នុង​ឆ្នាំ​២០១២ នៅ​ថ្ងៃទី​២០ ខែ​មករា ឆ្នាំ​២០១៣ លោក​បាយដិ​នក៏​ក្លាយជា​អនុប្រធានា​ធិបតី​អាមេរិក​ក្នុង​អាណត្ដិទីពី​រដែរ ដែល​បន្ដ​កាន់តំណែង​ដល់​ឆ្នាំ​២០១៧​។ 

​ក្រោយ​ចប់​អាណត្ដិ​ក្នុង​ឆ្នាំ​២០១៧ លោក​បាយដិន​មិនងាក​ចេញពី​រឿងន​យោបា​យ​ទេ ហើយ​នៅ​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ លោក​បាយ​ដិនបាន​បញ្ជាក់ថា​លោក​អាច​នឹងចូលរួម​ប្រជែង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ឆ្នាំ​២០២០​។ នៅ​ទីបំផុត​នា​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២០ លោកចូ បាយដិន​ត្រូវបាន​ប្រកាសតែងតាំ​ង​ជា​ផ្លូវការ ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​គណបក្ស​ប្រជាធិបតេយ្យ ដើម្បី​ប្រជែង​ជាមួយ​លោក​ដូណាល់ ត្រាំ ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។ បច្ចុប្បន្ន​បេក្ខភាព​ទាំងពីរ​កំពុងមាន​ជំនឿ​រៀងៗ​ខ្លួន​នឹង​អាច​ជាប់ឆ្នោត ខណៈ​បើតាម​ការស្ទង់មតិ​បង្ហាញថា លោកចូ បាយដិន​ជា​អ្នក​នាំមុខ​លោក​ដូណាល់ ត្រាំ គឺ​លោក​បាយដិន​ទទួលបាន​សំឡេងគាំទ្រ​៥០​ភាគរយ ចំណែក​លោក​ត្រាំ​តែ​៤៣​ភាគរយ​ប៉ុណ្ណោះ​។ យ៉ាងណាក៏ដោយ​មិនទាន់​អាច​កំណត់​បានទេ​ថា នរណា​នឹង​ជា​អ្នកឈ្នះ​ពិតប្រាកដ​។​

​ស្ថានភាព​គ្រួសារ​

​លោកចូ បាយ​ដិនបាន​រៀប​ការចំនួ​ន​ពីរលើក លើកទីមួយ​ជាមួយ​អ្នក​ស្រីណេ​លលៀ ហាន់ធ័​រ​(Neilia Hunter) ក្នុង​ឆ្នាំ​១៩៦៦​។ ប៉ុន្ដែ​អ្នកស្រី​និង​កូនស្រី​អាយុ​១​ឆ្នាំ​បាន​ស្លាប់​ក្នុង​ឆ្នាំ​១៩៧២ ដោយសារ​រថយន្ដ​របស់​អ្នកស្រី​ត្រូវ​រថយន្ដដឹក​ជំនិញ​បុក​។ ចំណែក​កូនប្រុស​ពីរ​នាក់​ដែល​នៅក្នុង​រថយន្ដ​នោះដែរ ត្រូវបាន​បញ្ជូនទៅ​ង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ​នៅ​រស់រានមានជីវិត​ដល់​សព្វថ្ងៃ​។ នៅ​ឆ្នាំ​១៩៧៧ លោក​បាយ​ដិនបាន​រៀប​ការជាមួ​យ​ភរិយា​ទី​ពីរ គឺ​អ្នកស្រី​ជី​ល បាយ​ដិន​(Jill Biden)​។ លោក​មានកូន​ចំនួន​៤​នាក់ ប្រុស​ពីរ​នាក់​ស្រី​ពីរ​នាក់​។ ក្នុងនោះ​បីនាក់​កូន​ជាមួយ​ភរិយា​មុន​ដែល​ស្លាប់​ស្រី​ម្នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ និង​កូនស្រី​ម្នាក់ទៀត​ជាមួយ​ភរិយា​ទី​ពីរ​សព្វថ្ងៃ​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត