ឥណ្ឌា​មាន​អ្នក​ឆ្លង​វីរុស​កូវី​ដ​-១៩​ក្នុង​មួយ​ថ្ងៃ​ដល់​ទៅ​ជាង​៧៥,០០០​នាក់​

04-10-2020 2:48 pm 289

​អាជ្ញាធរ​ឥណ្ឌា​នៅ​ថ្ងៃ​អាទិត្យ​ទី​០៤ ខែតុលា ឆ្នាំ​២០២០​នេះ បាន​រាយការណ៍​ថា ក្នុង​រយៈពេល​២៤​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍​ទី​៣​តុលា ឥណ្ឌា​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​ដល់​ទៅ​ជាង ៧៥,០០០​នាក់ ខណៈ​អ្នកស្លាប់​សរុប​បាន​ហក់​ដល់​ទៅ​ជាង​១០​ម៉ឺន​នាក់​។ ម្យ៉ាង​បើ​គិត​មក​ទល់​ពេល​នេះ​ឥណ្ឌា​បាន​ហក់​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ទី​៣ ដែល​មាន​អ្នកស្លាប់​ដោយសារ​វីរុស​មាន​ដើមកំណើត​ពី​ប្រទេស​ចិន​នេះ​ច្រើនជាងគេ​ទូទាំង​ពិភពលោក​បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក និង​ប្រេ​ស៊ីល​។​

​យោងតាម​របាយការណ៍​អះអាងថា ខែ​កញ្ញា​ជា​ខែ​ដ៏​អាក្រក់​បំផុត​សម្រាប់​ប្រទេស​ឥណ្ឌា ដោយ​ជា​មធ្យម​ប្រជាជន​ឥណ្ឌា​ប្រមាណ​១,១០០​នាក់ បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ អ្នកជំនាញ​វេជ្ជសាស្ត្រ​និយាយថា ភាព​មិន​ប្រក្រតី​ក្នុង​តំបន់​នៅ​តែ​បន្ត​កើតមាន ខណៈ​ដែល​រដ្ឋ​មួយចំនួន​បន្ត​រាយការណ៍​ថា​មាន​អ្នកស្លាប់​ខ្ពស់​ជាង​រដ្ឋ​ផ្សេងទៀត​។ សញ្ញា​នេះ​បង្ហាញ​ថា​វីរុស​បង្ក​ជា​ជំងឺ​រលាក​សួត​ថ្មី​នេះ​កំពុង​រាតត្បាត​ស្ទើរ​ពាសពេញ​ប្រទេស​ឥណ្ឌា​។​

​គួរបញ្ជាក់​ថា រដ្ឋ​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​បង្អស់​នៅក្នុង​ប្រទេស​ឥណ្ឌា គឺ​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា​(Maharashtra)​។ រដ្ឋ​នេះ​ជា​រដ្ឋ​ដ៏​ធំ​មួយ​ក្នុងចំណោម​រដ្ឋ​ធំៗ​របស់​ឥណ្ឌា និង​ថែម​ទាំង​ជា​រដ្ឋ​អ្នកមាន​មួយ​ផង​ដែរ​។ ចំនួន​អ្នក​ស្លាប់​នៅក្នុង​រដ្ឋ​នេះ​មាន​ប្រមាណ ៣៦,០០០​នាក់​។ ជាក់ស្ដែង​វីរុស​កូវី​ដ​-១៩ បាន​ផ្ទុះឡើង​ខ្លាំង​ដំបូង​បំផុត​នៅក្នុង​រដ្ឋ​នេះ និង​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​រហូត​មិន​អាច​គ្រប់គ្រង​បាន​។ ចំនួន​អ្នក​ស្លាប់​ដែល​ត្រូវបាន​រាយការណ៍​ប្រចាំ​ថ្ងៃ​កាលពី​ខែកញ្ញា​នៅក្នុង​រដ្ឋ​នេះ យ៉ាងហោច​ក្នុង​មួយ​ថ្ងៃ​មាន​អ្នកស្លាប់​ចន្លោះ​ពី ៣០០ ទៅ ៥០០​នាក់ ដែល​ជា​តួលេខ​ស្លាប់​ខ្ពស់​ជាង​រដ្ឋ​ដែល​រងគ្រោះ​ខ្លាំង​ដទៃៗ​ទៀត មាន​អ្នកស្លាប់​តិចជាង​១០០​នាក់​ក្នុង​មួយថ្ងៃ​។​

​យ៉ាងណាមិញ ដ្បិត​ឥណ្ឌា​មាន​សន្ទុះ​នៃ​ករណី​ឆ្លង​និង​ស្លាប់​ដោយសារ​វីរុស​កូវី​ដ​-១៩​ខ្ពស់​ក៏​ដោយ ទន្ទឹម​នោះ​ប្រទេស​នេះ​ក៏​មាន​អត្រា​នៃ​ការ​ករណី​ព្យាបាល​ជា​សះស្បើយ​ឡើង​វិញ​ច្រើន​ផងដែរ​។ ពោល​គឺ​មាន​អ្នកជំងឺ​ប្រមាណ​ជាង​៨៣% នៃ​ចំនួន​អ្នក​ឆ្លង​សរុប​បាន​ជាសះស្បើយ​ឡើងវិញ ដោយ​មាន​ប្រមាណ​៥,៥​លាន​នាក់​។ ម្យ៉ាងទៀត​ទោះបីជា​ប្រទេស​នេះ​មាន​ចំនួន​អ្នកស្លាប់​លំដាប់​ទី​៣​ទូទាំង​ពិភពលោក​ក៏ពិតមែន តែ​ភាគរយ​នៃ​អត្រា​មរណ​គឺមាន​ទាប​នោះទេ ដោយ​មាន​ត្រឹមតែ ១,៥៦%​ប៉ុណ្ណោះ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត