បើតាមគិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ក្រុមប្រឹក្សាឃុំ-សង្កាត់ បានអនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយចំនួន៨,២៤៤នាក់ ចូលរួមសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះ ឆ្នោតឆ្នាំ២០២០។ ក្នុងនោះភ្នាក់ងារពេញសិទ្ធិមានចំនួន២,៨៣៥នាក់ និងភ្នាក់ងារបម្រុងមានចំនួន៥,៤០៩នាក់។ នេះបើតាមយោងតាមសេចក្ដីប្រកាសរបស់គ.ជ.ប នៅថ្ងៃទី៤ ខែតុលានេះ។
គណបក្សនយោបាយ ដែលបានដាក់ភ្នាក់ងារដើម្បីពិនិត្យមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០នោះ រួមមាន៖គណបក្សប្រជាជនកម្ពុជា,គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ,គណបក្សខ្មែររួបរួមជាតិ,គណបក្សហ្វ៊ុនស៊ិនប៉ិច,និងគណបក្សយុវជនកម្ពុជា។
ប្រការដែលត្រូវហាមឃាត់ចំពោះភ្នាក់ងារគណបក្សនយោបាយទាំងអស់ ក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០រួមមាន៖ការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬការរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ ផ្ដល់ការណែនាំ ឬស្ដីបន្ទោសដល់មន្ត្រីចុះឈ្មោះបោះឆ្នោត។ ជ្រៀតជ្រែក ឬបង្កការអុកឡុក ឬបង្កការរំខាន ឬការរារាំងសកម្មភាពជាប្រក្រតីក្នុងការិយាល័យចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ និយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យប្រមាថមាក់ងាយទៅលើគណបក្សនយោបាយ ឬភ្នាក់ងារគណបក្សនយោបាយឬអ្នកសុំចុះឈ្មោះបោះឆ្នោត ឬមន្ត្រីចុះឈ្មោះបោះឆ្នោត៕ ដោយ៖ឃួន សុភ័ក្រ