លោក​ត្រាំ​ថា​ខ្លួន​មាន​អា​ការៈធូរស្រាល​ហើយ​ក្រោយ​ទទួល​ការព្យាបាល​កូវី​ដ​-១៩

04-10-2020 11:36 am 376

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​និយាយ​នៅ​ក្នុង​វីដេអូ​មួយ​ពី​បន្ទប់​សម្រាក​ព្យាបាល​របស់លោក​កាលពី​ថ្ងៃ​សៅរ៍​ថ្ងៃទី​៣ តុលា ឆ្នាំ​២០២០​ថា លោក​មាន​អារម្មណ៍​ធូរស្រាល​ជាង​មុន​ហើយ ខណៈ​លោក​សង្ឃឹមថា​ស្ថានភាព​សុខភាព​របស់​លោក​នឹង​វិលត្រឡប់​មក​ដូចដើម​វិញ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ 

​តាមរយៈ​ខ្សែ​វីដេអូ​រយៈពេល ៤​នាទី​ដែល​លោក​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​Twitter លោក​ត្រាំ​មើលទៅ​ហាក់​អស់កម្លាំង​។ លោក​ត្រាំ​ថា លោក​មិន​មាន​អារម្មណ៍ល្អ​ទេ​នៅពេលដែល​លោក​ទៅ​ដល់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​ជាតិ​Walter Reed នៅ​ថ្ងៃ​ដំបូង ខណៈ​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​ជា ថ្ងៃ​ដ៏​សំខាន់​ដែល​លោក​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូវី​ដ​-១៩​នេះ​។ បើ​តាម​ក្រុម​គ្រូពេទ្យ​នៃ​សេត​វិមាន​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣​តុលា​ថា ស្ថានភាព​របស់​លោក​ត្រាំ កំពុង​មាន​ភាពប្រសើរ​ឡើង​ហើយ និង​បាន​និយាយ​រួច​ហើយ​អំពី​ការវិលត្រឡប់​ទៅកាន់​សេត​វិមាន​។​

​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​អះអាង​ថា លោក​ត្រាំ​ត្រូវបាន​គេ​ប្រើប្រាស់​ខ្យល់​អុកស៊ីសែន​ជំនួយ​បន្ថែម​មុនពេល​ទៅដល់​មន្ទីរពេទ្យ​។ ដោយឡែក​វេជ្ជបណ្ឌិត​នៅ​សេត​វិមាន​លោក​Sean P Conley បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​យោធា​Walter Reed កាលពី​ថ្ងៃ​សៅរ៍​ថា លោក​ត្រាំ​មិន​មាន​ការពិបាក​ដកដង្ហើម​ទេ ហើយ​មិន​ត្រូវបាន​ប្រើ​អុកស៊ីសែន​ជំនួយ​បន្ថែម​ដែរ​។ ជាក់ស្ដែង​នៅ​ល្ងាច​សៅរ៍​ដដែល​លោក​វេជ្ជបណ្ឌិត​Conley និយាយថា លោក​ត្រាំ​មិន​មាន​អាការៈ​គ្រុនក្តៅ​ទេ និង​មាន​ភាពប្រសើរឡើង​បន្ទាប់​ពី​ការព្យាបាល ប៉ុន្តែ​ក៏​មិនមែន​មានន័យថា​លោក​ផុតពី​គ្រោះថ្នាក់​នោះដែរ​។​

​ជាមួយ​គ្នា​លោក​វេជ្ជបណ្ឌិត​Conley បាន​បញ្ជាក់​ឲ្យដឹងថា លោក​ត្រាំ​បាន​ទទួល​ថ្នាំ​Remdesivir នៅ​រយៈពេល​៥​ថ្ងៃ​ដំបូង​។ ថ្នាំ​Remdesivir​ជា​ប្រភេទ​ថ្នាំ​ប្រឆាំងនឹង​មេរោគ​ដែល​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន Gilead Science Inc ហើយ​វា​មាន​មុខងារ​កាត់បន្ថយ​រយៈពេល​នៃ​ការ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​។ យ៉ាងណា​ប្រធានា​ធីបតី​ទី​៤៥​របស់​អាមេរិក​រូប​នេះ ត្រូវបាន​គេ​អះអាងថា អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការឆ្លង​វីរុស​កូវី​ដ​-១៩ ដោយសារ​តែ​ស្ថានភាព​អាយុ​និង​ទម្ងន់​។ 

​គួរ​ជម្រាប​ថា ក្រៅពី​លោក​ត្រាំ ក៏​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​លេចធ្លោ​មួយចំនួន​ក៏​បាន​ឆ្លង​វីរុស​សកល​កូវី​ដ​-១៩​នេះ​ដូច​គ្នា​ដែរ រួមមាន សមាជិក​ព្រឹទ្ធសភា​ចំនួន​៣​រូប គឺ​លោក​Mike Lee លោក​Thom Tillis និង​លោកស្រី​Ron Johnson​។ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​សេត​វិមាន​លោក​Kellyanne Conway និង​អតីត​អភិបាលរដ្ឋ​New Jersey​លោក​Chris Christie​ជាដើម​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត