សហភាព​អឺរ៉ុប​និង​បេឡា​រុស​ដាក់ទណ្ឌកម្ម​ប្រឆាំង​គ្នា​ទៅវិញទៅមក​

03-10-2020 5:03 pm 273

​ដំបូង​ឡើយ​សហភាព​អឺរ៉ុប​គ្រាន់តែ​គំរាម​ប៉ុណ្ណោះ ថា​នឹង​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​មួយចំនួន ដែល​ស្ថិតក្នុង​ចង្កោម​មនុស្ស​ដែល​ធ្វើការ​បម្រើ​លោក Alexander Lukashenko ប្រធានាធិបតី​នៃ​ប្រទេស​បេឡា​រុស​។ ប៉ុន្តែ​ពេលនេះ ទណ្ឌកម្ម​បាន​ចូល​ជា​ធរមាន​ហើយ ដោយ​ធ្វើឲ្យ​បេឡា​រុស​ខឹងសម្បារ​។ សហភាព​អឺរ៉ុប​សម្រេច​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​សមាជិក​ក្រុមការងារ​របស់ លោក​Lukashenko ចំនួន​៤០​នាក់ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​នៅក្នុង​ការបោះឆ្នោត និង​ការបង្ក្រាប​ដោយ​ហិង្សា​ជា​បន្តបន្ទាប់ ទៅលើ​ក្រុមអ្នកតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​។ 

​ក្នុងចំណោម​អ្នក​រង​ទណ្ឌកម្ម​ទាំងនោះ ក៏មាន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក​Yuri Karaev និង​មន្ត្រី​សន្តិសុខ​កំពូល​លោក​Alexander Valerievich Bykov ដែល​ត្រូវ​សហភាព​អឺរ៉ុប​ចោទថា បានធ្វើ​ទារុណកម្ម​បាតុករ ដែល​តវ៉ា​ដោយ​សន្តិភាព​។ នៅ​ថ្ងៃ​សុក្រ​សហភាព​អឺរ៉ុប បានចេញ​សេចក្តីប្រកាស​ពី​វិធានការ​នានា រួមមាន​ទាំង​បម្រាម​ហាមឃាត់​បុគ្គល​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម មិនឲ្យ​ធ្វើដំណើ​រចូល​ទឹកដី​សហភាព​អឺរ៉ុប និង​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។ 

​ចំណែក​លោក​ប្រធានាធិបតី​បេឡា​រុស មិន​ស្ថិតក្នុង​បញ្ជី​ទណ្ឌកម្ម​នេះ​ទេ ដោយ​ទុក​ឱកាស​ឲ្យ​លោក​ចុះចូល​ក្នុង​ការចរចា​ជាមួយ​ក្រុមប្រឆាំង ដើម្បី​ដោះស្រាយ​បញ្ហា​។ បើទោះបី​មិន​ទទួលរង​ទណ្ឌកម្ម​ជារួម​របស់​សហភាព​អឺរ៉ុប ប៉ុន្តែ​លោក​Lukashenko បានទទួល​ទណ្ឌកម្ម​ដោយឡែក ពី​បណ្តា​ប្រទេស​នៃ​សមាជិក​សហភាព​អឺរ៉ុប​មួយចំនួន​។ អង់គ្លេស​និង​កាណាដា បានដាក់​បម្រាម​មិនឲ្យ​លោក Lukashenko ធ្វើដំណើរ​ចូល​ទឹកដី​គេ​ឡើយ ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ​របស់លោក រួមទាំង​សមាជិកគ្រួសារ​ថែមទៀត​។ ស្រដៀង​គ្នា​នេះ អាមេរិក​បានដាក់​សម្ពាធ​លើ​បេឡា​រុស តាមរយៈ​ការដាក់ទណ្ឌកម្ម​លើ​មន្ត្រី​បេឡា​រុស​ចំនួន​៨​នាក់ ដែល​ចូលរួម​នៅក្នុងការ​រៀបចំ​ការបោះឆ្នោត ដែល​ពោរពេញ​ទៅដោយ​ការ​ក្លែងបន្លំ ដើម្បីឲ្យ​លោក Lukashenko ទទួល​ជ័យជម្នះ​។​

​នៅ​ថ្ងៃ​តែមួយ​ដែល​សហភាព​អឺរ៉ុប ប្រកាស​ទណ្ឌកម្ម​លើ​មន្ត្រី​បេឡា​រុស បេឡា​រុស​ក៏​ប្រកាស​ពី​វិធានការ​ឆ្លើយតប​វិញ ដើម្បី​សងសឹក​។ បេឡា​រុស​សម្រេច​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​នៃ​សហភាព​អឺរ៉ុប​មួយចំនួន ប៉ុន្តែ​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​មន្ត្រី ដែលជា​គោលដៅ​របស់គេ​ឡើយ​។ ក្រៅពីនោះ បេឡា​រុស្ស​បាន​ចាត់វិធានការ​បន្ថែមទៀត​នៅ​ថ្ងៃ​សុក្រ ដោយ​ប្រកាសថា ខ្លួន​កំពុង​លុបចោល​ការទទួលស្គាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ទាំងអស់ ហើយ​អ្នកយកព័ត៌មាន​ក្នុងប្រទេស​បេឡា​រុស ត្រូវដាក់​ពាក្យស្នើសុំ​ឡើងវិញ​។ 

​បេឡា​រុស​ដែលមាន​ចិន​និង​រុស្ស៊ី​នៅ​ពីក្រោយ កំពុងតែ​ជួប​ភាព​តានតឹង​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត ដូចជា ​ប៉ូឡូញ​និង​លី​ទុយ​អា​នី​។ ទាំង​ប៉ូឡូញ​និង​លី​ទុយ​អា​នី បាន​អំពាវនាវ​ឲ្យ​លោក Lukashenko យល់ព្រម​រៀបចំ​ការបោះឆ្នោត​ទូទៅ​មួយទៀត និង​ថ្កោលទោស​អំពើហិង្សា ប្រឆាំងនឹង​ក្រុមបាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។ បេឡា​រុស​ក៏បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ប្រចាំ​នៅ​ប្រទេសប៉ូឡូញ​និង​លី​ទុយ​អា​នី និង​ទាមទារ​ឲ្យ​ប្រទេ​សនានា បន្ថយ​បេសកកម្ម​ការទូត​របស់​ពួកគេ​នៅក្នុង​រដ្ឋធានី Minsk ប្រទេស​បេឡា​រុស​។ បេសកជន​បេឡា​រុស បាន​កំណត់ពេល​ចាកចេញ​ពី​ទីក្រុង Warsaw ប្រទេស​ប៉ូឡូញ​និង​ក្រុង​Vilnius​ប្រទេស​លី​ទុយ​អា​នី នៅ​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០២០​។​

បេឡា​រុស​បានរៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០២០ ហើយ​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​បេឡា​រុសនិយាយថា លោក Lukashenko បានឈ្នះ​អាណត្តិ​ទី ៦ ដោយ​ទទួលបាន​សំឡេងគាំទ្រ​ជាង ៨០​ភាគរយ​។ ប៉ុន្តែ​ក្រុមប្រឆាំង​ចោទថា ការបោះឆ្នោត​នេះ​មានការ​ក្លែងបន្លំ ហើយក៏​ផ្ទុះ​ការតវ៉ា​ប្រឆាំងនឹង​លទ្ធផល​បោះឆ្នោត​។ ក្រុមអ្នកតវ៉ា​បាននាំគ្នា​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​អស់​រយៈពេល ៧ សប្តាហ៍​កន្លងមកហើយ ដោយ​អំពាវនាវ​ឲ្យ​លោក Lukashenko ដែល​កាន់តំណែង​ប្រធានាធិបតី​ អស់​រយៈពេល​២៦​ឆ្នាំ​មកហើយ​នោះ ចុះ​ចេញពី​តំណែង​។ ការតវ៉ា​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្តធ្វើ​នៅ​ចុង​សប្តាហ៍​នេះ​ទៀត បើទោះបីជា​ការតវ៉ា​កន្លងមក ទទួលរង​នូវ​ការបង្ក្រាប​ដោយ​ហិង្សា បណ្តាលឲ្យមាន​មនុស្ស​ស្លាប់ របួស​និង​ចាប់ខ្លួន​ជាច្រើន​នាក់​ក៏ដោយ​៕ ដោយ​៖​អ៊ុន សុខ​ឡា​

 ពាក្យគន្លឹះ  បេឡារុសសហភាពអឺរ៉ុប

ព័ត៌មានផ្សេងទៀត