អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ឆ្លងកូវី​ដ​១៩

03-10-2020 11:51 am 618

អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​និយាយថា លោក​ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ប្រហែលជា ២ សប្តាហ៍ បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​ដោយ​ខ្លួនឯង ថា​មាន​ផ្ទុកមេរោគ​កូរ៉ូណា​។ មហាសេដ្ឋី​វ័យ​៧១​ឆ្នាំ​រូបនេះ បាន​រកឃើញថា​បាន​ឆ្លង​មេរោគ​កូរ៉ូណា កាលពី​ចុង​ខែសីហា នៅពេលដែល​លោក​បាន​ធ្វើតេស្ត​ដោយ​ខ្លួនឯង ជាមួយនឹង​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ដែល​លោក​ចូលរួម​វិនិយោគ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រៅផ្លូវការ សម្រាប់​គ្រួសារ​ស៊ីណាវ៉ាត្រា នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​និយាយ​នៅ​ថ្ងៃទី ២ ខែតុលា​ឆ្នាំ​២០២០​។​

​អ្វីដែល​កាន់តែច្បាស់​នោះ លោក​ថាក់ស៊ីន​បាន​ធ្វើតេស្ត​វិជ្ជមាន​ម្តងទៀត នៅពេលដែល​លោក​ទៅ​មន្ទីរពេទ្យ​នៅ​ឌូ​បៃ ជា​កន្លែង​ដែល​លោក​ស្នាក់នៅ​ប្រហែល​មួយ​សប្តាហ៍ ដើម្បី​ទទួល​ការព្យាបាល មុនពេល​ផ្ទេរ​ទៅ​មន្ទីរពេទ្យ​មួយទៀត នៅ​អា​ប៊ូ​ដា​ប៊ីជា​ទីក្រុង​មួយ​ផ្សេងទៀត​នៅ​អារ៉ាប់​រួម ហើយ​ស្នាក់នៅ​ទីនោះ​មួយ​សប្តាហ៍​ទៀត​។ នៅពេល​ចេញ​ក្រៅ​លោក​ថាក់ស៊ីន តែងតែ​ពាក់​ម៉ាស់​ជាប់​ជាប្រចាំ ប៉ុន្តែ​លោក​សង្ស័យ​ខ្លួនឯង​ថា​បាន​ឆ្លង​វីរុស​នេះ ពេល​ភ្លេច​លាងដៃ អំឡុងពេល​ទៅ​កន្លែង​ញ៉ាំ​អាហារ​។ ចំណែក បងប្អូន​ស្រី​របស់លោក​ថាក់ស៊ីន​ចំនួន​ពីរ​នាក់​ទៀត គឺ​លោកស្រី​យី​ង​ឡាក់​និង​លោកស្រី Yaowapa ត្រូវបាន​គេ​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក បើទោះបីជា​លោកស្រី​ទាំង​ពីររូប បាន​ធ្វើតេស្ត​អវិជ្ជមាន​កូវី​ដ​១៩​ក៏ដោយ​។ 

​នៅក្នុង​ប្រទេស​អារ៉ាប់​រួម ជា​កន្លែង​ដែល​លោក​ថាក់ស៊ីន បាន​និរទេស​ខ្លួន​និង​កំពុងតែ​រស់នៅ គឺ វីរុស​កូរ៉ូ ណា​បាន​ឆ្លង​រាលដាល​ដល់​មនុស្ស​សរុប​ជាង​៩៦,០០០​នាក់ នៅក្នុង​នោះ​ស្លាប់​ជាង​៤០០​នាក់ ព្យាបាល ជាសះស្បើយ​ជាង​៨៦,០០០​នាក់ និង​អ្នកជំងឺ​ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅសល់​ជាង​១០,០០០​នាក់​។​

គួរ​ជម្រាបជូន​ថា លោក​ថាក់ស៊ីន បាន​បង្កើត​គណបក្សនយោបាយ​មួយ បន្ទាប់ពី​ក្លាយជា​មហាសេដ្ឋី​ក្នុង​វិស័យ​ទូរគមនាគមន៍ ហើយ​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី បន្ទាប់ពី​បានឈ្នះ​ការបោះឆ្នោត​ឆ្នាំ ២០០១​។ លោក​ត្រូវ​បានជ្រើសរើស​ជាថ្មី​ក្នុង​ឆ្នាំ ២០០៥ ប៉ុន្តែ​កងទ័ព​បាន​បណ្តេញ​លោក​ឲ្យ​ខ្ទាត​ចេញពី​សង្វៀន​នយោបាយ នៅក្នុង​រដ្ឋប្រហារ​ក្នុង​ឆ្នាំ ២០០៦ បន្ទាប់ពីនោះ​លោក​ថាក់ស៊ីន បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ជាច្រើន ទាក់ទង​នឹង​ការរំលោភ​អំណាច​និង​អំពើពុករលួយ​។ លោក​ថាក់ស៊ីន​បាន​អះអាងថា ការធ្វើ​រដ្ឋប្រហារ​ប្រឆាំង​រូបលោក​នេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ហើយ​លោក​ក៏បាន​រត់គេចខ្លួន​ចេញពី​ប្រទេស​ថៃ ខណៈ​កំពុងស្ថិត​នៅក្រៅ​ឃុំ បន្ទាប់ពី​ការផ្តន្ទាទោស​លើ​បទចោទប្រកាន់​មួយ ដែល​លោក​ត្រូវបាន​ផ្តន្ទាទោស ដាក់ពន្ធនាគារ​រយៈពេល ៣​ឆ្នាំ​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត