លោក​គីម​ជុង​អ៊ុន​ផ្ញើ​សារ​ជូនពរ​លោក​ត្រាំ​និង​ភរិយា​ឲ្យ​ឆាប់​ជា​ពី​ជំងឺ​កូវី​ដ​១៩

03-10-2020 10:52 am 284

​លោក​គីម ជុង​អ៊ុន ប្រមុខ​ដឹកនាំ​កំពូល​របស់​កូរ៉េខាងជើង បាន​ផ្ញើ​សារ​ជូនពរ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​ភរិយា ឲ្យ​ឆាប់​ជាះ​ស្បើយ​ពី​ជំងឺ COVID-19​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ CNA ដកស្រង់​ចេញពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃ​ទី​០៣ ខែ​តុលា​នេះ​។​

​សារព័ត៌មាន KCNA បាន​ចេញផ្សាយ​ថា «​ប្រមុខ​ដឹកនាំ​កំពូល​លោក គីម ជុង​អ៊ុន មាន​ក្តីសង្ឃឹម​ថា លោក ត្រាំ និង​ភរិយា នឹង​ជាសះស្បើយ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ហើយ​អាច​ឆ្លង​ផុត​បញ្ហា​នេះ​។ 

​គួរបញ្ជាក់​ថា លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​មួយ​នៅ​លើ​គណនី Twitter របស់លោក កាលពី​ថ្ងៃ​សុក្រ​ថា រូបលោក និង​ភរិយា​បាន​ឆ្លង​ជំងឺ COVID-19 ប៉ុន្តែ​ស្ថានភាព​សុខភាព​របស់​អ្នក​ទាំង​ពីរ​គឺ​ល្អ​ជា​ធម្មតា និង​កំពុង​ធ្វើ​ចត្តា​ឡីស័​ក​ក៏ដូចជា​ព្យាបាល​។ ការប្រកាស​ឆ្លង​ជំងឺ COVID-19 ពី​សំណាក់​មេដឹកនាំ​ប្រទេស​មហាអំណាច​រូបនេះ បាន​កើតមាន​ឡើង​បន្ទាប់ពី​ទីប្រឹក្សា​ជំនិត​មួយ​រូប​របស់​លោក ដែល​តែងតែ​បាន​ធ្វើដំណើរ​តាម​យន្តហោះ និង​ចូល​រួច​វេទិកា​ឃោសនា​បោះឆ្នោត​ជាមួយ​គ្នា​នោះ បាន​ឆ្លង​ជំងឺ COVID-19៕

ព័ត៌មានផ្សេងទៀត