លោក​ត្រាំ​ចាកចេញ​ពី​សេត​វិមាន ទៅ​ព្យាបាល​ជំងឺ​កូវី​ដ​១៩​នៅ​មន្ទីរពេទ្យ​

03-10-2020 9:04 am 319

លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​នៅ​ល្ងាច​ថ្ងៃ​សុក្រ បាន​ចាកចេញ​ពី​សេត​វិមាន ដោយ​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ Marine One ទៅកាន់​ជ្ឈ​មណ្ឌល​ជាតិ​វេជ្ជសាស្ត្រ​យោធា Walter Reed  ដើម្បី​សម្រាក​ព្យាបាល​ជំងឺ ក្រោយ​លោក​បាន​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូរ៉ូណា​។ នៅ​ពេលទៅដល់​Walter Reed​លោក​ត្រាំ មិនបាន​ចូលក្នុង​បន្ទប់សង្គ្រោះបន្ទាន់​ឡើយ ប៉ុន្តែ​បាន​ដើរ​សំដៅទៅ​ការិយាល័យ​ប្រធានាធិបតី​ដែល​មាននៅ​ទីនោះ​។ Walter Reed មាន​ទីតាំងនៅ​ជាយក្រុង​វ៉ាស៊ីនតោន គឺជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​យោធា​ដ៏​ធំ និង​ល្បីល្បាញ​បំផុត​មួយ​របស់​អាមេរិក​។ Walter Reed ជា​កន្លែង​ដែល​ប្រធានាធិបតី​អាមេរិក តែងតែ​ទៅពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​។​

​នៅពេល​ដើរទៅ​ឡើង​ជិះ​ឧទ្ធម្ភាគចក្រ លោក​ត្រាំ​បាន​ពាក់​ម៉ាស់ ជាមួយ​ឯកសណ្ឋាន​ធ្វើការ ហើយ​បាន​លើក​មេដៃ ទៅកាន់​អ្នកកាសែត ដែល​ហាក់​ជំនួស​ឲ្យ​ការ​និយាយថា លោក​ពុំមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ​។ អំឡុងពេល​នោះ​លោក​ត្រាំ​មិនបាន​និយាយ​អ្វី​ទៅកាន់​អ្នកកាសែត​ឡើយ​។ បើតាម​សេត​វិមាន​និយាយថា លោក​ត្រាំ​ចេញ​រោគសញ្ញា​ស្រាលៗ ហើយ​មាន​អារម្មណ៍​អស់កម្លាំង ប៉ុន្តែ​មាន​ស្មារតី​ល្អ​។ បើទោះបីជា​លោក​ត្រាំ​ពុំមាន​អ្វី​ធ្ងន់ធ្ងរ ប៉ុន្តែ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជាមុន​។ តាម​ការណែនាំ​របស់​គ្រូពេទ្យ​និង​អ្នកជំនាញ​ខាង​វេជ្ជសាស្ត្រ លោក​ប្រធានាធិបតី​នឹងត្រូវ​ធ្វើការ​ពី​ការិយាល័យ​ប្រធានាធិបតី​នៅ Walter Reed ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​។ ចំណែក​ជំទាវ​ទីមួយ​Melania Trump មាន​អាការៈ ក្អក​ស្រាល និង​ឈឺក្បាល​តិចៗ​។​

​លោកចូ បាយដិន​ជា​គូ​ប្រកួតប្រជែង​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ដែល​នឹង​ឈានចូល​មកដល់​នៅ​រយៈពេល​៣០​ថ្ងៃ​ទៀត​នោះ បាន​ជូនព​រលោក​ត្រាំ​និង​ភរិយា​ឲ្យ​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផងដែរ ខណៈ​លោក​បា​រ៉ាក់ អូ​បា​ម៉ា​អតីត​ប្រធានាធិបតី​អាមេរិក និង​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង សុទ្ធតែ​បាន​ជូនពរ​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ អរគុណ​ដល់​អ្នក​រាល់​គ្នា​ដែល​បារម្ភ និង​ជូនព​រលោក​និង​ភរិយា ជាមួយនឹង​ការ​បញ្ជាក់ថា លោក​មាន​សុខភាព​ល្អ​ទេ ហើយ​ការ​ចេញទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​ប្រាកដថា អ្វីៗ​នឹង​កាន់តែ​ប្រសើរឡើង​។  

​នាយក​ផ្នែក​ទំនាក់ទំនង​នៃ​សេត​វិមាន​លោក Alyssa Farah និយាយថា​ប្រធានាធិបតី​មិនបាន​ផ្ទេរអំណាច​ទៅ​អនុ​ប្រធានាធិបតី Mike Pence ទេ ដោយ​លោក​ត្រាំ​នៅតែ​ទទួលបន្ទុក​ការងារ​ទាំងស្រុង​ដដែល​។ ប៉ុន្តែ​លោក​ត្រាំ​បាន​ដកខ្លួន​ចេញពី​ការធ្វើ​ស​ន្និសិទ​តាម​វីដេអូ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ ដោយ​ទុកឲ្យ​លោក Pence ធ្វើជា​ប្រធាន​កិច្ចប្រជុំ​។ នៅក្រោម​រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក ប្រសិនបើ​លោក​ត្រាំ​ពិតជា​ឈឺធ្ងន់ធ្ងរ នោះ​លោក​អាច​ប្រគល់​អំណាច​ឲ្យទៅ​អនុប្រធានាធិប​តី​ជាប​ណ្តោះ​អាសន្ន​។ នោះ​មានន័យថា​លោក Mike Pence នឹង​ក្លាយជា​ប្រធានាធិបតី​ស្តីទី​រហូតដល់​លោក​ត្រាំ​បាន​ធូរស្បើយ អាច​បន្តការងារ​បាន​។​

​រហូត​មកដល់ពេលនេះ គេ​មិនទាន់​ដឹងថា​​​លោកត្រាំ​និង​ភរិយា បាន​ឆ្លង​ជំងឺកូវីដ១៩​យ៉ាងដូចម្តេច​នោះទេ​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក​និង​ភរិយា​ បាននិយាយ​ពី​បំណង​ចង់​ធ្វើ​ចត្តា​ឡី​ស័ក បន្ទាប់ពី​ជំនួយការ​ជិតដិត​ម្នាក់​របស់លោក​ត្រាំ គឺ​អ្នកស្រី Hope Hicks បាន​ធ្វើតេស្ត​វិជ្ជមាន​​កូវី​ដ​១៩​។ មិនយូរប៉ុន្មាន​លោក​ត្រាំ​និង​ភរិយា ក៏​ទទួលបាន​លទ្ធផល​តេស្ត​វិជ្ជមាន​ដែរ​៕ ដោយ៖អ៊ុន សុខឡា

ព័ត៌មានផ្សេងទៀត