ជំនឿ​ប្រជាជន​ខ្មែរ​ចំពោះ​ទូក​ប្រណាំង​

02-10-2020 5:35 pm 318

+.​ជំនឿ​ប្រជាជន​ខ្មែរលើ​ទូកប្រណាំង​

​តាំងពី​បុរាណកាល​មក​ដល់​បច្ចុប្បន្ន ប្រជាជន​ខ្មែរ​នៅ​តែ​ជឿ​ថា គ្រប់​ទូកប្រណាំង​តែងតែ​មាន​ព្រាយ​កាន់ ឬ​គេ​ហៅថា ជំនាង​ទូក ជា​អ្នកថែរក្សា ផ្តល់​សេចក្តីសុខ​សប្បាយ​ដល់​ប្រជាជន និង​អ្នក​ចំណុះ​ទូក​។ ម្យ៉ាងទៀត ជំនាង​ទូក​ក៏​អាច​ផ្តល់​នូវ​ថាមពល ធ្វើឱ្យ​ទូក​មាន​ល្បឿន​លឿន ទទួល​ជ័យជម្នះ​នៅពេល​ប្រកួត ។ ក្រៅពីនេះ គេ​ក៏​មាន​ជំនឿ​ថា ព្រា​យ អាច​ទាក់ទាញ​អារម្មណ៍​មនុស្ស​ឱ្យ​ចូល​ចិត្ត​នឹង​អ្វី​មួយ​ដូចជា​៖ ល្ខោន ការប្រគំ​ភ្លេង​ស្នេហ៍ ជាដើម ។​

​ព្រា​យ ត្រូវបាន​គេ​សម្គាល់​ជា​ពីរ​ប្រភេទ មាន​ព្រាយ​ក្រមុំ និង​ព្រាយ​ក្រឡា​ភ្លើង​។​ពេលខ្លះ​ព្រាយ​ក៏​មាន​គុណវិបត្តិ​ម្តងម្កាល​ដែរ ហើយ​ច្រើន​តែ​ធ្វើបាប​ទៅ​លើ​ស្ត្រីភេទ​ដូចគ្នា ។​

+.​តំណម​ចំពោះ​ទូក​ប្រណាំង​

​តំណម​ចំពោះ​ទូក​ប្រណាំង គឺ គេ​ហាម​ស្ត្រី​ដែល​មាន​ផ្ទៃពោះ មិន​ឱ្យ​មក​ជិត​ទូកប្រណាំង​ទេ ព្រោះ​គេ​មានជំនឿថា បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ ដូចជា​៖​រលូត​កូន ឬ​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ក៏មាន ។​

+.​ការ​ដាក់​ឈ្មោះ​ដល់​ទូក​ប្រណាំង​

​ទូកប្រណាំង​ខ្មែរ ភាគច្រើន​ត្រូវបាន​គេ​ដាក់​ឈ្មោះ​ជា​ស្រី ព្រោះ​គេ​យល់ថា «​ជំនាង​ទូក​» ជា​អមនុស្ស​ស្រី ។​ឧទាហរណ៍​ដូចជា​ឈ្មោះ ស្រី​ស្រាវ ស្រី​ស ស្រី​ខ្មៅ ស្រី​ស្រស់ ស្រី​កែវ​ឧត្តម្ភ នារី​ឧត្តម្ភ រស្មី​នារី នារី​រង្សី នារីរ័ត្ន​មាន​ឫទ្ធិ ជាដើម ។​

​ប៉ុន្តែ ជួនកាល គេ​ជ្រើសរើស​ឈ្មោះ​ទូកប្រណាំង​តាម​លក្ខណៈ​ផ្សេងទៀត​ដូចជា យក​តាម​ឈ្មោះ​វត្ត​, ដាក់​តាម​ឈ្មោះ​ទូក​ចាស់​តាំងពី​បុរាណ​, តាម​នាម​ឈ្មោះ​វត្ថុ​ស័ក្ដិសិទ្ធិ​, ដាក់​ឈ្មោះ​តាម​អ្នក​ចូល​រូប ឬ​ដាក់​ឈ្មោះ​តាម​ការ​សុបិន្ត​ជាដើម​។​

​យ៉ាងណាក៏ដោយ បច្ចុប្បន្ន គេ​ឃើញ​មាន​ទូកប្រណាំង​ខ្លះ បាន​យកឈ្មោះ​អ្នក​ជួយ​ឧបត្ថម្ភ​ទូក​មក​ដាក់​តែម្តង​។​ការណ៍​នេះ ធ្វើឡើង​ដើម្បី​ជាការ​អរគុណ និង​ដឹង​គុណ​ដល់​អ្នក​ដែល​បាន​ផ្តល់ប្រាក់​ដ៏​ច្រើន​មក​ធ្វើ​ទូក​ប្រណាំង ជួនកាល​គេ​សម្រេច​យក​ឈ្មោះ​បុគ្គល​នោះ ទៅ​ដាក់​ឈ្មោះ​ទូក​ប្រណាំង ដោយ​លាយ​ជាមួយ​ឈ្មោះ​ផ្សេងទៀត ដែល​គេ​ចង់បាន ។​

+.​ការបំពាក់​ភ្នែក​ឲ្យ​ទូក​ប្រណាំង​

​តាម​ទម្លាប់​របស់​ប្រជារាស្ត្រ​ទាំងឡាយ រាល់ពេល​ប្រណាំង គេ​តែងតែ​បំពាក់​ភ្នែក​ឱ្យ​ទូកប្រណាំង​ជានិច្ច ព្រោះ​គេ​យល់ថា ភ្នែកមាន​សារសំខាន់​ណាស់ អាច​បំភ្លឺ​ផ្លូវ​ឱ្យ​ទៅ​រក​សេចក្តីសុខ​សប្បាយ​។​ពិសេស​គេ​ជឿថា នៅ​លើ​ទូក​មាន​ព្រាយ​កាន់ ហេតុដូច្នេះ បានជា​មាន​ពិធី​មួយ ដើម្បី​រៀបចំ​ដង្វាយ​សម្រាប់​ពិធី​បំពាក់​ភ្នែក​ឱ្យ​ទូក ។ 

​បន្ទាប់​ពី​រៀប​ដង្វាយ​សម្រាប់​ពិធី​បំពាក់​ភ្នែក​ទូក​ហើយ ចាស់ព្រឹទ្ធាចារ្យ​ជាច្រើន ចាប់ផ្តើម​សូត្រ​ជ​យន្តោ ប្រោះ​ទឹកមន្ត  ដើម្បី​សូម​សេចក្តីសុខ​ពី​បារមី​នៃ​ភ្នែក​ទូក ហើយ​បាន​យក​ខ្សែ​អំបោះឆៅ​ទៅ​ចង​លើ​ដៃ​មនុស្ស​ទាំងឡាយ ឬ​ទៅ​ចងដៃ​អ្នក​ចំណុះ​ទូក ។ ជំនឿ​បែបនេះ គឺ​ដើម្បី​ទប់ស្កាត់​នូវ​សត្រូវ​ដែល​ប៉ុនប៉ង​មក​យារ​យី ។​

+.​ការ​ដោះ​ភ្នែក​ទូក​ប្រណាំង​

​តាម​ទម្លាប់ កាលពី​បុរាណកាល បើ​គេ​អុំ ឬ​ចែវ​ទូក ឆ្លងកាត់​ក្រោម​ស្ពាន គេ​តែងតែ​ឈប់​ចត ដើម្បី​ដោះ​ភ្នែក​ទូក​ចេញ​សិន លុះ​ធ្វើ​ដំណើរ​ឆ្លង​ផុត​ហើយ ទើប​គេ​បំពាក់​ភ្នែក​ឱ្យ​ទូក​វិញ ជួនកាល​គេ​បាន​បញ្ឈប់​ការធ្វើ​ចរាចរ​របស់​ប្រជាជន ដែល​ត្រូវ​ឆ្លងកាត់​លើ​ស្ពាន​មួយ​រយៈពេល​យ៉ាងខ្លី លុះ​ទូក​ឆ្លង​ផុត​ស្ពាន ទើប​អនុញ្ញាតឱ្យ​ធ្វើ​ដំណើរ​ជា​ប្រក្រតី​វិញ ។ 

​មូលហេតុ​ដែល​គេ​ធ្វើបែបនេះ គឺជា​ការគោរព​ដល់​អាទិទេព​ដ៏​មាន​មហិទ្ធឫទ្ធិ​ខ្លាំងពូកែ ដែល​អាទិទេព​នោះ សំដៅត្រង់​ភ្នែក​ទូក​នេះឯង ដែល​អាច​ជួយ​ថែរក្សា និង​ផ្តល់​សេចក្តីសុខ​សប្បាយ​ដល់​ប្រជារាស្ត្រ​ផង​ទាំងមូល ។ ពិសេស​គេ​ជឿថា ភ្នែក​ទូក​នេះ បាន​ជួយ​ឱ្យ​ទូកប្រណាំង​របស់គេ​ទទួលបាន​នូវ​ជ័យជម្នះ ក្នុងពេល​ប្រកួត ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន គេ​ពុំ​សូវ​ឃើញ​មាន​ប្រពៃណី​ទំនៀមទម្លាប់​ដូច្នេះ​ទេ ។​

+.​ពិធី​លើក​ទូកប្រណាំង​ចុះ​ទឹក​

​តាម​ទំនៀមទម្លាប់​របស់​ខ្មែរ ២​ឬ​៣​ថ្ងៃមុន​ការប្រកួត​មកដល់ គេ​តែង​រៀបចំ​ពិធី​ធំ​មួយ ដើម្បី​លើក​ទូក​ដាក់​ចុះ​ទឹក​។ ជួនកាល ពិធី​នេះ​ធ្វើឡើង​នៅពេល​ល្ងាច តែ​ជួនកាល គេ​រៀបចំ​ធ្វើ​នៅ​ពេល​ព្រឹក អាស្រ័យ​ទៅតាម​កាលកំណត់​។​នៅតាម​តំបន់​ខ្លះ គេ​រៀបចំ​ដង្វាយ​សែនពេល​ល្ងាច លុះដល់​ព្រឹក​ឡើង ទើប​គេ​នាំគ្នា​មក​ចូលរួម​ដង្ហែ​ទូកប្រណាំង​ដាក់ចុះ​ទឹក​។ ពិធី​នេះ ក្រៅពី​មាន​រៀបដ​ង្វា​យ គេ​ក៏​មាន​លេងភ្លេង​ថ្វាយ​ផងដែរ ក្នុងនោះ​រួមមាន ភ្លេងខ្មែរ ៣​បទ ភ្លេងពិណពាទ្យ ៣​បទ និង​ឆៃ​យុំ​ា ៣​បទ ។​បន្ទាប់​ពី​ការប្រគំ​ភ្លេង​បញ្ចប់ ចាស់ព្រឹទ្ធាចារ្យ​ម្នាក់ កាន់​សំណុំ​ស្លឹកចេក​ស្រស់​មួយ​ដុំ ដែល​មាន​ទឹក​មួយ​ផ្តិល សូត្រធម៌ រលាស់​ទឹក​នោះ​មក​លើ​អ្នក​ចំណុះ​ទូក​ទាំងអស់ ដែល​អង្គុយ​ជិត​នោះ ដើម្បី​ការពារ​នូវ​គ្រោះថ្នាក់​បម្រុង​ប៉ុនប៉ង​យារ​យី ។​

​ក្រោយមកទៀត ចាស់ព្រឹទ្ធាចារ្យ​ម្នាក់​នោះ​គាត់​បាន​ឡើង​ទៅ​លើ​ទូក ដោយ​កាន់​ដប​ទឹកអប់ ប្រោះព្រំ​ទៅលើ​ក្បាល​ទូក និង​កន្សៃទូក ហើយ​និយាយ​បួងសួង​ដល់​អាទិទេព​ថែរក្សា​ទូក សុំ​សេចក្តីសុខ​សប្បាយ​ដល់​កូនចៅ និង​សូម​ឱ្យ​ប្រណាំង​ទទួលបាន​ជ័យជម្នះ ។​ម្យ៉ាងទៀត គាត់​ក៏​បាន​ផ្តល់​ដំបូន្មាន​ខ្លះៗ​ដល់​អ្នក​ចំណុះ​ទូក​ទាំងឡាយ ពង្រឹង​ស្មារតី ខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ គោរព​តាម​បញ្ជា​អ្នក​បក់​ក្បាល​ទូក ចៀសវាង​ប្រព្រឹត្តិ​ប្រាសចាក​ពី​ដំបូន្មាន​គាត់ ។​

​ឯ​ចំណុះ​ទូក​ទាំងអស់ តម្រូវ​ឱ្យ​អុច​ធូប​ម្នាក់​៣​សរសៃ និយាយ​សច្ចា​នៅ​ចំពោះមុខ​ពិធី​រៀបដ​ង្វា​យ​នោះថា «​បើសិនជា​ខ្លួន​បាន​ប្រព្រឹត្តិ​ខុស​អំពី​ដំបូន្មាន សូម​ឱ្យ​ជំនាង​ទូក​កាច់​» បានន័យថា នឹង​បណ្តាលឱ្យ​ចុកពោះ ឬ​មាន​ជំងឺ​ដង្កាត់​ផ្សេងៗ​កើតឡើង​ភ្លាម ។ ក្រោយមក គេ​បាន​នាំគ្នា​ចូលទៅ​ក្នុង​ព្រះវិហារ ដើម្បី​សូត្រធម៌ ជ​យន្តោ ហើយ​និយាយ​បួងសួង​ដល់​បារមី​វត្ត ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូម​សេចក្តីសុខ​សប្បាយ កុំឱ្យ​មាន​គ្រោះថ្នាក់​កើតមាន​ដល់​កូនចៅ ។​

​បន្ទាប់មកទៀត គេ​នាំគ្នា​ត្រឡប់​មក​រោង​ទូក​វិញ ដើម្បី​រៀបចំ​សែង​ដង្ហែ​ទូក​ចុះ​ទឹក ពេលនោះ មាន​មនុស្ស​យ៉ាងច្រើន​កុះករ ហើយ​មាន​ភ្លេង​ឆៃ​យុំ​ា​លេង​នៅ​ពីមុខ​ទូក​ផង​។​ខណៈនោះ ប្រធាន​ទូក​ស្រែក​បន្ទរ​បី​ដង​ថា «​យក្ខ​អរ​» មនុស្ស​ទាំងអស់ ស្រែក​ឆ្លើយ​បន្ទរ​បី​ដង​ដែរ​ថា «​ហ្អេ​» ហើយ​ពួកគេ​ក៏​ចាប់ផ្តើម​លើក​ទូក​ដង្ហែ​តែម្តង ដោយ​មាន​ក្រុម​ឆៃយ៉ាំ​ប្រគំ​នៅ​ពីមុខ​ក្បួន តែ ពេលនោះ គេ​មាន​តំណម​មួយ គឺ​មិន​ឱ្យ​ស្ត្រី​ដើរ​កាត់​មុខ​ពិធី​ដង្ហែ​ឡើយ ។​

​លុះ​សែង​ដល់​ទឹក អ្នក​ចំណុះ​ទូក​ទាំងអស់ បាន​ទៅ​កាន់​ទីកន្លែង​រៀងៗ​ខ្លួន អ្នក​នៅ​ខាង​ក្បាល ពេល​សង្កេតឃើញ​ថា​បាន​រៀបចំ​មាន​សណ្តាប់ធ្នាប់​សព្វគ្រប់ គាត់​ស្រែក​លើក​ទី​២ គឺ​ស្រែក​៣​ដង «​យក្ខ​អរ​» ពេលនោះ អ្នក​ចំណុះ​ទូក​ស្រែក​ឆ្លើយ​បន្ទរ​៣​ដង​ដែរ «​ហ្អេ​» ។ អ្នក​នៅ​ខាង​ក្បាល​ឱ្យ​សញ្ញា ហើយ​ស្រែក​ថា យោ​មួយ មួយ មួយ តាម​ចង្វាក់ ទូក​ក៏បាន​រំកិល​បន្តិច​ម្តងៗ ឃ្លាត​ចេញពី​មាត់ច្រាំង ។​
​ក្រោយ​ពី​អុំ ឬ​ចែវ​សាកល្បង​ស្ទង់​ល្បឿន​ទូក​រួច គេ​យក​ទូក​ទៅ​ទុក​នៅ​មាត់ច្រាំង ដោយ​ដោត​ឫស្សី​ពី​រ​ដើម​យ៉ាង​វែង បន្ទាប់មក គេ​យក​ទូក​ទៅ​ចង​ភ្ជាប់​ឫស្សី​នៅ​ខាង​ក្បាល និង​ភ្ជាប់​ឫស្សី​មួយ​ទៀត​នៅ​ខាង​កន្សៃ (​កន្ទុយ​ទូក​) ។ ធ្វើ​ដូច្នេះ ដើម្បី​ការពារ​រលក​កប៉ាល់​ធំៗ ខ្យល់ព្យុះ ភ្លៀង បោកបក់​ទៅ​ប៉ះ​នឹង​ច្រាំង​បណ្តាលឱ្យ​បាក់បែក ឬ​ខូច​ទ្រង់ទ្រាយ ។​ជួនកាល​ពេល​ផ្អាក​អុំ ឬ​ចែវ គេ​លើក​ទូក​ទៅ​តម្កល់​នៅ​មាត់ច្រាំង​តែម្តង លុះដល់​ពេល​ព្រលឹម​ឡើង ទើប​គេ​លើក​ដាក់​ទឹក​វិញ​។ នេះ​ជា​វិធី​មួយ​ដ៏​ល្អ​សម្រាប់​ទូកប្រណាំង ព្រោះ​ទឹក​មិន​អាច​ជ្រាបចូល​សាច់​ឈើ ធ្វើឱ្យ​ទូក​ធ្ងន់ ពិសេស​ការពារ​រលក ឬ​ខ្យល់​ព្យុះភ្លៀង ។​

+.​ការរក្សា​ទូកប្រណាំង​ទុក​នៅ​ក្នុង​រោង​

​ក្រោយ​ពី​ផុត​រដូវ​ប្រណាំងទូក គេ​បាន​លើក​ទូក​ដាក់​នៅក្នុង​រោង ដើម្បី​ការពារ​ភ្លៀង ខ្យល់ ឬ​កម្តៅថ្ងៃ កុំ​ឱ្យ​ទូក​ពុកផុយ​បាន​។​តាម​ទំនៀមទម្លាប់​របស់​ខ្មែរ​កាល​ពី​បុរាណ គេ​ច្រើន​តែ​សង់រោង​ទូក​នៅ​ទិស​ឦសាន​នៃ​វត្ត​អារាម ហើយ​ក្បាលទូក​ដាក់​បែរមុខ​ទៅ​ទិស​ខាងកើត កន្ទុយ​មក​ទិស​ខាងលិច​ជា​និច្ច ចំណែកឯ​រោង​ទូក គឺ​ត្រូវមាន​ទ្វារ​ធំ​មួយ​នៅ​ផ្នែក​ក្បាល​ទូក ងាយស្រួល​ក្នុង​ការលើក​ចេញ​ក្រៅ ឬ​លើក​ចូល​ក្នុង​វិញ ហើយ​មាន​រាន​ទេវតា​មួយ នៅ​ជិត​ក្បាល​ទូក ដែល​មាន​រៀប​ដង្វាយ​សម្រាប់​អាទិទេព​ថែរក្សា​ទូក គេ​ហៅថា ជំនាង​ទូក ។​

​តែ​នៅពេល​បច្ចុប្បន្ន បាន​បាត់​នូវ​ទំនៀមទម្លាប់​នេះ​ខ្លះៗ​ហើយ ព្រោះ​ជួនកាល គេ​ឃើញ​ការសាងសង់​រោង​ទូក មិន​នៅ​ទិស​ឦសាន​នៃ​ព្រះវិហារ​ទេ ហើយ​នៅ​តាម​វត្ត​ខ្លះ គេ​យក​ទូក​ទៅ​ទុក​នៅ​ក្រោម​ដើមឈើ ឬ​សង់​រោង​នៅជាប់​នឹង​មាត់ទន្លេ​តែម្តង ៕(​ដោយ​៖​ថា ចាន់​ធី​)

 

 

 


 ពាក្យគន្លឹះ  ជំនឿទូកប្រណាំង

ព័ត៌មានផ្សេងទៀត