ឥណ្ឌូនេស៊ី​នឹង​ផ្តល់​វ៉ាក់សាំង​កូវី​ដ​១៩​ដល់​បុគ្គលិក​អាយុ​១៨​ដល់​៥៩​ឆ្នាំ​មុនគេ​

02-10-2020 3:39 pm 247

​អាទិភាព​នៃ​ការចាក់​វ៉ាក់សាំង​បង្ការ នឹងត្រូវ​ផ្តល់ជូន​ដល់​អ្នកធ្វើការងារ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូវី​ដ​១៩​ជួរមុខ ពោលគឺ​បុគ្គលិក​សុខាភិបាល និង​ប្រជាជន​ទាំងអស់​ដែល​ធ្វើការ​នៅតាម​មន្ទីរពេទ្យ​។ បន្ទាប់មក​ទើប​វ៉ាក់សាំង​ចែកចាយ ដល់​អ្នកធ្វើការ​តាម​វិស័យ​សាធារណៈ ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​និង​កម្មករ​ដែលមាន​អាយុ​ចន្លោះ​ពី​១៨​ដល់​៥៩​ឆ្នាំ​។ នេះ​បើតាម​ការលើកឡើង​របស់​រដ្ឋមន្ត្រីក្រសួង​សុខាភិបា​លលោក Terawan Agus Putember​។ បន្ទាប់ពី​ចូលរួម​ប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ជាច្រើន ស្តីពី កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​៣០​ខែកញ្ញា​ឆ្នាំ​២០២០ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​រូបនេះ និយាយថា​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវការ​វ៉ាក់សាំង​ចំនួន ៣២០ លាន​ដូស​។​

​យ៉ាងណាក៏ដោយ អ្នកជំនាញ​ផ្នែក​រោគរាតត្បាត​លោក Pandu Riono មានប្រសាសន៍ថា ការសម្រេចចិត្ត អំពី ថា​តើ​អ្នកណា​គួរតែ​ត្រូវបាន​ផ្តល់​សិទ្ធិឲ្យ​ទទួល​វ៉ាក់សាំង​បង្ការ គួរតែ​ត្រូវបាន​ពិភាក្សា​ជា​សាធារណៈ ពីព្រោះ​វា​នឹង​ពាក់ព័ន្ធ​នឹង​ថវិកា​សាធារណៈ​។​

​បច្ចុប្បន្ន​ឥណ្ឌូនេស៊ី​កំពុងតែធ្វើការ​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​មួយចំនួន ដើម្បី​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​-១៩​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោកស្រី Retno Marsudi និយាយថា​ប្រទេស​ឥណ្ឌូនេស៊ី បាន​ជួបពិភាក្សា​ជាមួយ​ប្រទេស​ជាច្រើន ស្តីពី ការផ្គត់ផ្គង់​វ៉ាក់សាំង រួមមាន​ចិន អារ៉ាប់​រួម​និង​ចក្រភព​អង់គ្លេស អំពី ការផ្តល់​វ៉ាក់សាំង​សម្រាប់​ប្រទេស​ឥណ្ឌូនេស៊ី​។ 

​ប្រទេស​ឥណ្ឌូណេស៊ី​ក៏​កំពុង​ចូលរួម​ក្នុងការ​ធ្វើតេស្ត​វ៉ាក់សាំង​លើ​មនុស្ស​នៅ​ដំណាក់កាល​ចុងក្រោយ នៃ​វ៉ាក់សាំង​មួយ​ប្រភេទ របស់​ក្រុមហ៊ុន​ថ្នាំ​វ៉ាក់សាំង​កូវី​ដ​១៩​ចិន ឈ្មោះ Sinovac Biotech ក្រោម​ការសហការ​ជាមួយ​ក្រុមហ៊ុន​ឱសថ ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ឥណ្ឌូនេស៊ី Bio Farma​។ ការ​ធ្វើតេស្ត​រៀបចំ​ធ្វើ​នៅក្នុង​មន្ទីរពេទ្យ​នៃ​សាលា​ឱសថ របស់​សាកលវិទ្យាល័យ Padjajaran ក្នុង​ទីក្រុង Bandung ដោយមាន​អ្នកស្ម័គ្រចិត្ត​ចំនួន ១,៦២០ នាក់​។ វ៉ាក់សាំង​នេះ​ស្ថិតក្នុង​ចំណោម​វ៉ាក់សាំង​២​ឬ​៣​នៅលើ​ពិភពលោក ដែល​បានទទួល​ការ​ធ្វើតេស្ត​សាកល្បង​ដំណាក់កាល​ទី​៣​។ លោក Honesti Basyir ប្រធាន​ក្រុមហ៊ុន Bio Farma មានប្រសាសន៍ថា​“ ប្រសិនបើ​អ្វីៗ ដំណើរការ​បានល្អ​ដូច​ការគ្រោងទុក Bio Farma នឹង​អាច​ចាប់ផ្តើម​ផលិតកម្ម​នៅ​ខែមករា​ឆ្នាំ ២០២១”​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​នៅ​ឥណ្ឌូនេស៊ី​មាន​មនុស្ស​ឆ្លង​វីរុស​កូវី​ដ​១៩​ជាង​២៩​ម៉ឺន​នាក់ នៅក្នុង​នោះ​ស្លាប់​ជាង​១​ម៉ឺន​នាក់ ជាសះស្បើយ​ជាង​២១​ម៉ឺន​នាក់ និង​អ្នកជំងឺ​កំពុងតែ​សម្រាក​ព្យាបាល​ជាង​៦​ម៉ឺន​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត