បក្ស​នយោបាយ​អំពាវនាវ​ឲ្យ​ពលរ​ដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​

02-10-2020 2:13 pm 385

​គណបក្សនយោបាយ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២០​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា​។ ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​នៅ​ថ្ងៃ​ទី​២ ខែ​តុលា​នេះ បានចេញ​សេចក្ដី​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ទូទាំង​ប្រទេស និង​ប្រពល​រដ្ឋ​ដែល​កំពុង​ចំណាកស្រុក ទៅ​បំពេញ​ការងារ​នៅ​ក្រៅប្រទេស ដែល​មិន​ទាន់​មាន​ឈ្មោះ​បោះឆ្នោត ឬ​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះឆ្នោត សូម​ចំណាយ​ពេលវេលា​នៅក្នុង​ឪ​កាស​ដ៏​មាន​តំលៃ​នេះ អញ្ជើញ​ទៅ​សា លា​ឃុំ​-​សង្កាត់​ដើម្បី​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២០​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា និង​ទាន់ពេល​វេលា​។ 

​ជាមួយគ្នា​នេះ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​យល់ឃើញថា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ការចុះ​ឈ្មោះ​ឆ្នោត​ឲ្យមាន​ឈ្មោះ​នៅក្នុង​បញ្ជី​បោះឆ្នោត គឺ​កាតព្វកិច្ច​មួយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដ៏​សំខាន់ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​អាចបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ដែល​ខ្លួន​ពេល​ចិត្ត​សម្រាប់​ដឹកនាំ​ឃុំ​-​សង្កាត់ និង​ប្រទេសជាតិ​របស់​ខ្លួន​។​

​ចំណែក​គណបក្ស​យុវជន​កម្ពុជា​តាមរយៈ​លោក​ឆុម ចាន់ថន ដែល​ជា​អគ្គលេខាធិការ​នៃ​គណបក្ស​នេះ ក៏​បាន​ស្នើសុំ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ដែល​មាន​អា​យុ១៨​ឆ្នាំ និង​អ្នក​មិនទាន់​មាន​ឈ្មោះ​បោះឆ្នោត​ទាំងអស់ អញ្ជើញ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​កុំបី​ខាន ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ជា​សសរទ្រូង​នៃ​ជាតិ និង​ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​អ្នកដឹកនាំ​ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត​។​

​សូម​ជម្រាប ថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៩ ខែតុលា​នៅតាម​បណ្ដា​ឃុំ​-​សង្កាត់ និង​ភូមិ​មួយចំនួន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ការពិនិត្យ​បញ្ជី​ឈ្មោះ​និង​ការចុះឈ្មោះ​បោះឆ្នោតឆ្នាំ​២០២០ មាន​គោលដៅ​ធានា​ឲ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាពត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព​៕ ដោយ​៖​ឃួន សុភ័​ក្រ 

ព័ត៌មានផ្សេងទៀត