គ្រូពេទ្យ​ថា​​លោក​ត្រាំ​​នឹង​នៅតែ​អាច​​បន្ដការងារ​បាន​​ទោះ​ឆ្លងកូវី​ដ​-១៩

02-10-2020 2:06 pm 362

​បើទោះបីជា​បាន​ឆ្លងកូវី​ដ​-១៩​និង​កំពុងស្ថិត​ក្នុងដំណាក់កាល​ព្យាបាល​ក៏ដោយ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​នឹង​នៅតែ​បន្ដ​បំពេញ​តួនាទី​និង​ការងារ​របស់លោក​ដដែល ដោយ​គ្មាន​ការបង្អាក់​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​គ្រូពេទ្យ​របស់លោក​នៅ​ថ្ងៃទី​០២​តុលា​នេះ​។ លោក​Sean Conley វេជ្ជបណ្ឌិត​មើលថែ​ជំងឺ​លោក​ដូណាល់ ត្រាំ បានលើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា បច្ចុប្បន្ន​លោក​ប្រធានាធិបតី​និង​ភរិយា​មាន​ស្ថានភាព​ល្អប្រសើរ ហើយ​លោក​ទាំងពីរ​គ្រោង​នឹង​បន្ដ​ស្នាក់នៅ​ក្នុង​សេត​វិមាន ក្នុងពេល​សម្រាក​តាមដាន​និង​ព្យាបាល​កូវី​ដ​-១៩​នេះ​។ 

​លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា លោក​រួមជាមួយ​ក្រុម​វេជ្ជបណ្ឌិត​នៃ​សេត​វិមាន បាននិងកំពុង​បន្ដ​តាមដាន​សុខភាព​លោក​ត្រាំ​និង​ភរិយា​យ៉ាង​យកចិត្ដទុក្ខដាក់​បំផុត​។ ដូច្នេះ​លោក​ក៏​រំពឹងថា​លោក​ប្រធានាធិបតី​នឹង​អាច​បន្ដ​បំពេញការងារ​ដោយ​គ្មាន​បញ្ហា នៅ​ចន្លោះពេល​សម្រាក​ព្យាបាល​។ លោក​នឹង​បន្ដ​ជូនដំណឹង​ពី​ស្ថានភាព​សុខភាព​លោក​ត្រាំ​នៅ​ពេលខាងមុខ​។​

​គួរ​ជម្រាបជូន​ដែរថា លោក​ដូណាល់ ត្រាំ​បច្ចុប្បន្ន​មាន​វ័យ​៧៤​ឆ្នាំ ជា​វ័យ​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​នៅពេល​ឆ្លង​ជំងឺ​កូវី​ដ​-១៩​។ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ដ្រ​និង​អង្គការ​សុខភាព​ពិភពលោក​ធ្លាប់​បានប្រកាសថា អ្នក​ដែល​ឆ្លង​ជំងឺ​កូវី​ដ​-១៩​ហើយ​ប្រឈម​ភាគរយ​ស្លាប់​ខ្ពស់ គឺ​មនុស្ស​វ័យ​ចំណាស់​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង និង​មាន​ជំងឺ​ប្រចាំកាយ ដូចជា​លើសឈាម ទឹកនោមផ្អែម​ជាដើម​។ 

​ចំពោះ​លោក​ត្រាំ​បច្ចុប្បន្ន​ក៏​ត្រូវបាន​គេ​សន្និដ្ឋានថា​លើស​ទម្ងន់ ថ្វីបើ​ពេលនេះ​លោក​មាន​សុខភាព​ល្អ ប៉ុន្ដែ​មិន​ត្រូវបាន​គេ​ដឹងថា​លោក​នឹង​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ និង​ទទួលទាន​របប​អាហារ​ដែលមាន​ផាក​សុខភាព​យ៉ាងណាទេ ដើម្បី​អាច​ជាសះស្បើយ​ឡើងវិញ​បាន​ឆាប់រហ័ស​។ លោក​ត្រាំ​បានប្រកាស​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រ​ថា លោក​និង​ភរិយា​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ដោយ​បន្ថែមថា​លោក​ជាមួយ​ភរិយា​នឹង​អាច​ឆ្លងកាត់​យកឈ្នះ​ជំងឺ​នេះ​បាន​៕(​ដោយ​៖​ពេញ ផេង​)

ព័ត៌មានផ្សេងទៀត