ជំនួយការ​កំពូល​រប​ស់លោក​ត្រាំ​ម្នាក់​ធ្វើតេស្ត​វិជ្ជមាន​​កូវី​ដ​១៩

02-10-2020 9:47 am 279

លោកស្រី Hope Hicks​ជំនួយការ​កំពូល​ម្នាក់​របស់លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បានបង្ហាញ​រោគសញ្ញា​នៃ​ជំងឺ​កូវី​ដ​-១៩ ហើយ​ត្រូវបាន​គេ​ដាក់​នៅ​ដាច់ដោយឡែក​នៅក្នុង​យន្តហោះ Air Force One នៅពេល​ធ្វើដំណើរ​ត្រឡប់មក​ពី​រដ្ឋ Minnesota​វិញ​។ ដូច​ការសង្ស័យ ជំនួយការ​ប្រធានាធិបតី​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩​។​

​មុនពេល​លោកស្រី​ត្រូវបាន​សង្ស័យ​មាន​ជំងឺ​កូវី​ដ​-១៩​និង​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​នេះ លោកស្រី​Hope Hicks បាន​ដើរ​តាម​លោក​ត្រាំ​ជាប់​រហូត​។ កាលពី​ថ្ងៃ​អង្គារ​លោកស្រី​មិនបាន​ពាក់​ម៉ាស់​ទេ នៅពេល​អមដំណើរ​លោក​ត្រាំ តាម​យន្តហោះ Air Force One ទៅ​ចូលរួម​ក្នុង​កម្មវិធី​ជជែក​ដេញដោល នៅ​ទូរទស្សន៍​នៅ​រដ្ឋ​Ohio ហើយ​ថ្ងៃ​បន្ទាប់​លោកស្រី​នៅតែ​បំពេញការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក​ត្រាំ រួមទាំង​ធ្វើដំណើរ​ទៅកាន់​រដ្ឋ Minnesota ផងដែរ​។​

​ចំណែក​លោក​ត្រាំ​វិញ ភាគច្រើន​មើលស្រាល​វីរុស​កូវី​ដ​-១៩ ដោយ​មិន​ព្រម​ពាក់​ម៉ាស់​ទេ ហើយក៏​មិន​រក្សា​គម្លាត​ឲ្យបាន​ត្រឹមត្រូ​វឡើយ ពេល​កំពុង​ស្ថិតនៅ​ជាមួយ​ជំនួយការ​របស់លោក ឬ​ក្នុងជំនួប​ផ្សេងៗ​។ យ៉ាងណាក៏ដោយ សេត​វិមាន​មិន​ធ្វេសប្រហែស​ឡើយ ដោយបាន​ធ្វើតេស្ត​ជំនួយការ​និង​អ្នក​ផ្សេងទៀត ដែល​ធ្វើ​ការជាប់​ជាប្រចាំ​ជាមួយ​លោក​ត្រាំ ជា​រៀងរាល់ថ្ងៃ​ផងដែរ​។ បើ​យោងទៅតាម​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press លោក​ត្រាំ​និង​ជំទាវ​ទីមួយ​លោកស្រី​Melania Trump កំពុងតែ​រង់ចាំ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ចុងក្រោយ​។​

​លោកស្រី​Hope Hicks ជា​មន្ត្រី​នៅ​សេត​វិមាន​មួយរូប​ចុងក្រោយ ដែល​ធ្វើតេស្ត​វិជ្ជមាន​នៃ​វីរុស​កូវី​ដ​-១៩ ក្រោយពី​អ្នកស្រី Katie Miller អ្នកនាំពាក្យ​របស់លោក​អនុ​ប្រធានាធិបតី Mike Pence បាន​រកឃើញ​ផ្ទុក​វីរុស​មួយ​នេះ ក្នុង​ខែឧសភា ប៉ុន្តែ​បាន​ព្យាបាល​ជាសះស្បើយ​ហើយ​។​

​សូម​ជម្រាបជូន​ដែរថា អាមេរិក​ជា​ប្រទេស​ដែលមាន​ករណី​ឆ្លង​និង​ស្លាប់ ដោយសារតែ​វីរុស​កូវី​ដ​-១៩​ច្រើនជាងគេ​បំផុត​។ ករណី​ឆ្លង​នៅ​អាមេរិក​បន្ត​កើនឡើង​ដល់​ជិត​៧​លាន​កន្លះ នៅក្នុង​នោះ​ស្លាប់​ជាង​២១​ម៉ឺន​២​ពាន់​នាក់ និង​ជាសះស្បើយ​ជាង​៤​លាន​៧​សែន​នាក់​។ សរុប​ការឆ្លង​វីរុស​កូវី​ដ​-១៩​នៅ​ទូទាំង​ពិភពលោក កើនឡើង​ដល់​ជាង​៣៤​លាន​នាក់ នៅ​ក្នុងនោះ ស្លាប់​ជាង​១​លាន​នាក់ និង​ព្យាបាល​ជា សះស្បើយ​ជាង​២៥​លាន​នាក់​៕ ដោយ​៖​អ៊ុន សុខ​ឡា​

ព័ត៌មានផ្សេងទៀត