សម្រេចក្តីស្រមៃ ដឹងច្បាស់ពី«វិធីកសាងអាជីវកម្មខ្នាតតូច »

02-10-2020 9:37 am 318

នៅក្នុងនាទីខ្ញុំអាន អ្នកអាន នាសប្តាហ៍នេះ នឹងលើកយកសៀវភៅមួយក្បាលដែលមានចំណងជើងថា «វិធីកសាង អាជីវកម្មខ្នាតតូច» ដែលសៀវភៅនេះនឹងក្លាយជាចម្លើយខ្លះៗក្នុងការបង្កើតគំនិត កសាងអាជីវកម្មដោយខ្លួនឯង ព្រមទាំងអាចជួយអ្នក ថាតើអ្នកគួរត្រៀមខ្លួនយ៉ាងណាខ្លះ ដើម្បីក្លាយជាសហគ្រិន និងម្ចាស់អាជីវកម្មខ្នាតតូចនោះបាន ?ចង់ដឹងច្បាស់កាន់តែច្បាស់ សូមស្តាប់ភិន សុភី ដូចទៅ៖

ប្រសិនបើអ្នកកំពុងតែធុញថប់ក្នុងជីវិតការងារដែលរាល់ថ្ងៃប្រៀបដូចជាមនុស្សយន្ត ដែលត្រូវមនុស្សនិងពេលវេលាគ្រប់គ្រងជីវិត ហើយ ប្រសិនបើអ្នកកំពុងធុញនឹងការស៊កកាតស្កេនក្នុងម៉ាស៊ីនកត់ម៉ោងចូលធ្វើការរាល់ព្រឹក ព្រមទាំងធុញនឹងការធ្វើការងារ ក្រោមបង្គាប់របស់ចៅហ្វាយនាយ ពេលនេះ គឺជាពេលដែលអ្នកគួរតែចាប់ផ្តើមធ្វើជាម្ចាស់លើខ្លួនឯងហើយ។ មនុស្សភាគច្រើនតែងមានក្តីស្រមៃចង់បើកអាជីវកម្មដោយខ្លួនឯង ចង់ធ្វើជាម្ចាស់ធុរកិច្ច !!! ហើយសំនួរដែលតែងតែចោតឡើងគឺថា បើមានលុយ តែគួរប្រកបមុខរបរអ្វីដែលធ្វើឱ្យមានបាន និងមានក្តីសុខ?ប្រសិនបើអ្នក ចង់គ្រប់គ្រងការងារនិងចង់ធ្វើជាចៅហ្វាយនាយខ្លួនឯងហើយនោះ ខ្ញុំជឿថា សៀវភៅ «វិធីកសាង អាជីវកម្មខ្នាតតូច»ប្រាកដជាជំនួយស្មារតីខ្លះៗដើម្បីឱ្យយើងយល់កាន់តែច្បាស់ពីការធ្វើធុរកិច្ច ការក្លាយជាសហគ្រិនស្របតាមក្តីស្រមៃដោយសៀវភៅនេះនឹងប្រាប់អ្នកថា តើគួរចាប់ផ្តើមពីចំណុចណា !!។

យើងសង្កេតឃើញថា មកដល់ពេលនេះ ធុរកិច្ចខ្នាតតូចកំពុងតែចាប់ផ្តើមកើតឡើងជាបន្តបន្ទាប់កាន់តែច្រើន ការលក់ទំនិញ ការផ្តល់សេវាកម្ម បានក្លាយទៅជាគោលដៅថ្មី របស់អ្នកដែលចង់មានអាជីវកម្មផ្ទាល់ខ្លួន តែខ្លះបើកហើយ ក៏ដួលទៅវិញ ខ្លះខាតដើមស្ទើរតែលែងហ៊ានចង់បន្តទៀត ខ្លះក៏ជោគជ័យ ហើយការជោគជ័យនេះដែរគឺមកពីការត្រៀមខ្លួន នឹងមានភាពច្បាស់លាស់ពីមួយដំណាក់កាលទៅមួយដំណាក់ ហើយការអានសៀវភៅ«វិធីកសាង អាជីវកម្មខ្នាតតូច»មួយក្បាលនេះ ក៏ជាត្រីវិស័យដែលអាចជួយអ្នកថាតើចាប់ផ្តើមអាជីវកម្មនោះបានផងដែ។

ក្នុងសៀវភៅ «វិធីកសាង អាជីវកម្មខ្នាតតូច»មាន១៤៦ទំព័រ និងមាន២៦មេរៀនធំៗ ដែលសុទ្ធសឹងតែជាគន្លឹះសំខាន់មិនអាចខ្វះបានមុនសម្រេចចិត្តឈប់ធ្វើការ ទៅបើកអាជីវកម្ម។ដោយមេរៀនដំបូង គឺ ការត្រួតពិនិត្យខ្លួនឯង មុននឹងចាប់ផ្តើមធ្វើជាម្ចាស់ធុរកិច្ចផ្ទាល់ខ្លួន ដោយ នៅត្រង់ចំណុចនេះអ្នកនិពន្ធបានធ្វើការពន្យល់នឹងបកស្រាយយ៉ាងច្រើន ពីការត្រៀមខ្លួនជាមុន ដោយអ្នកត្រូវព្យាយាមសួរខ្លួនឯងឱ្យបានច្រើនដើម្បី ត្រួតពិនិត្យពីភាពពិតប្រាកដក្នុងចិត្តម្តងហើយម្តងទៀតថា យើងត្រៀមខ្លួនហើយឬនៅ ហើយវាជាពេលវេលាស័ក្តិសមចំពោះ ការក្រោកឡើងមកសាងអនាគតដោយដៃទាំងពីរ និងបេះដូងរបស់ខ្លួនហើយឬនៅ?

តើអ្នកជាមនុស្សស្រេកឃ្លានភាពជោគជ័យប៉ុណ្ណា តើភាពពុះកញ្ជ្រោលចង់ឱ្យក្តីស្រមៃក្លាយជាកាពិត ខ្លាំងកម្រិតណា ការស៊ូទ្រាំ ភាពអត់ធ្មត់ធ្វើការមួយដែលមិនទទួលបានប្រាក់ខែ និងការងារដែលគ្មានថ្ងៃឈប់សម្រាក គ្មានថ្ងៃបុណ្យ និងថ្ងៃសៅរ៍អាទិត្យផងនោះ? មនុស្សជោគជ័យនិងមានបាន នោះគេប្រើពេលយូរបំផុត ក្នុងការគិត ការពិចារណាពីគម្រោងផែនការ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរកដំណោះស្រាយពេលជួបបញ្ហា ហានិភ័យ ប្រសិនបើអ្នកពិចារណាលើចំណុចទាំងអស់នេះល្អិតល្អន់ហើយ វាក៏ សមល្មមដែលអ្នកអាចមានអាជីវកម្មខ្នាតតូច ឬភាពជាសហគ្រិនបានហើយ ។

ផ្លូវដែលឆ្លងកាត់ពីមួយជំហានទៅមួយជំហាននោះជាការពិសោធន៍ការខិតខំប្រឹងប្រែង ក្នុងការយកជ័យជម្នះលើឧបសគ្គដែលកំពុងរះផ្លូវ ដោយយើងត្រូវហ៊ានស្រមៃ ហើយហ៊ានស្រមៃអោយធំ ។ជាមួយគ្នានេះ ត្រូវសម្រេចចិត្តដើតាមក្តីស្រមៃនោះ តែកុំបានគ្រាន់តែស្រមៃ ហើយបណ្តោយអោយរបូតទៅបាត់ដោយមិនទាន់បានសាកល្បង »អ្នកឈ្នះមិនមែនជាមនុស្សដែលមិនធ្លាប់បរាជ័យ តែជាមនុស្សដែលក្រោកឡើងម្តងទៀត ពេលបរាជ័យ»។ នៅក្នុងទំព័រទី៨២ «សេវាកម្មល្អជួយអោយធុរកិច្ចបានគង់វង្ស »ក្នុងការធ្វើធុរកិច្ច ក្រៅពីការលក់ទំនិញ សេវាកម្មក៏ជាទំនិញផងដែរ ហើយសេវាកម្មគឺជាបេះដូងសំខាន់ក្នុងការលក់ទំនិញ។មានធុរកិច្ចជាច្រើនត្រូវដួលដោយសារតែសេវាកម្មមិនល្អ មិនអាចសាងឬទាញចិត្តពីអតិថិជនបាន ។ប្រសិនបើអ្នកមានទំនិញល្អ សេវាកម្មល្អនោះ និងជួយធុរកិច្ចអ្នកទទួលបានការនិយមពីអតិថិជន ដូច្នេះធុរកិច្ចនឹងគង់វង្សនិងមានបានយ៉ាងពិតប្រាកដ។

នៅក្នុងទំព័រចុងក្រោយនៃសៀវភៅ «វិធីកសាង អាជីវកម្មខ្នាតតូច»អ្នកនិពន្ធក៏បានលើកទឹកចិត្តឱ្យអ្នកដែលចាប់ផ្តើម ធ្វើធុរកិច្ច គឺត្រូវមើលឃើញបញ្ហាគឺជាឱកាស ព្រោះការចង់សម្រេចក្តីស្រមៃ របស់មនុស្សគ្រប់រូបលុះត្រាតែ ចេះមើលឃើញឱកាស ខណៈដែលអ្នកដទៃមើលឃើញថាវាជាបញ្ហា។ដូច្នេះបើយើងចេះបើកទំព័របញ្ហានោះ យើងនឹងមើលឃើញឱកាស អាចនឹងទាញយកផលប្រយោជន៍ពីវាបាន។

នៅក្នុងសៀវភៅ «វិធីកសាង អាជីវកម្មខ្នាតតូច»មួយក្បាលនេះ នឹងជួយអ្នកអោយយល់ដឹងពីអាជីវកម្មបានកាន់តែច្រើន តែអ្នកត្រូវយកវាទៅអនុវត្តផងដែរ ព្រោះបើដឹងហើយមិនបានធ្វើចាត់ទុកថាមិនបានដឹង ។ដូច្នេះនៅពេលដែលអ្នកសម្រេចចិត្តច្បាស់លាស់ថាចង់ក្លាយជាសហគ្រិន ចង់មានអាជីវកម្មផ្ទាល់ខ្លួនហើយនោះ អ្នកគួរតែសាកល្បង ហ៊ានប្រលូកចូលក្នុងវិស័យធុរកិច្ចនេះទាំងកម្លាំងក្លាយ និងកម្លាំងចិត្ត។អ្នកមានទូទាំងពិភពលោក សុទ្ធតែសាងជីវិតពីធុរកិច្ចខ្នាតតូចមកទាំងអស់ ដែលប្រៀបដូចជាការរៀបឥដ្ឋម្តងមួយដុំៗ រហូតក្លាយជា កំផែង វិមានយ៉ាងធំស្កឹមស្កៃ ដូច្នេះការធ្វើធុរកិច្ចខ្នាតតូចជាគ្រឹះដ៏សំខាន់នៃភាពមានបាន៕ 

 

ព័ត៌មានផ្សេងទៀត