រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​-១៩​ថ្មី​ម្នាក់​ លើ​ស្ត្រី​ជនជាតិខ្មែរ​ដែល​ត្រឡប់​ពី​សហរដ្ឋអាមេរិក​​

02-10-2020 8:49 am 612

​ក្រសួង​សុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ករណី​វិជ្ជមាន​វីរុស​កូវី​ដ​១៩​ថ្មី​ម្នាក់ទៀត ដែល​ត្រូវបាន​រកឃើញ​លើ​ស្ត្រី​ជនជាតិខ្មែរ ដែល​ទើប​ត្រឡប់មក​ពី​សហរដ្ឋអាមេរិក​។​

​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា ស្ត្រី​ជនជាតិខ្មែរ​ដែល​ទើប​រកឃើញ​ឆ្លងកូវី​ដ​-១៩ មាន​អាយុ​៣៣​ឆ្នាំ អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ក្តុល ឃុំ​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជា​អ្នកធ្វើដំណើរ​មកពី​សហ​រដ្ឋ​អាមេរិក ដោយបាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២០​។​

បន្ទាប់មក​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២០ គាត់​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្តបាត់ដំបង ក្រោយ​លទ្ធផល​តេស្ត​លើក​ទី​១ របស់គាត់​អវិជ្ជមាន​វីរុស​កូវី​ដ​-១៩​។ នៅ​ថ្ងៃទី​១៣​នៃ​ការធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​របស់គាត់ គឺ​ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ ការវិភាគ​វត្ថុ​សំណាក​លើក​ទី​២ របស់គាត់ គឺ​ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូវី​ដ​-១៩ ហើយ​បច្ចុប្បន្ននេះ អ្នកជំងឺ​ត្រូវ​បានដាក់ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​។​

​ក្រសួង​បាន​បញ្ជាក់ទៀតថា មាន​មិត្តភក្តិ​ពីរ​នាក់ បានមក​ដឹក​ស្ត្រី​ទើប​រកឃើញ​ជំងឺ​កូវី​ដ​១៩​នេះ តាម​រថយន្ត​ផ្ទាល់ខ្លួន​ចេញពី​ភ្នំពេញ ទៅ អាសយដ្ឋាន​ខាងលើ​ក្នុង​ខេត្ត​បាត់ដំបង​។ តាម​ការស្រាវជ្រាវ និង​សាកសួរ​ព័ត៌មាន​ជាបឋម និង​ភ្លាមៗ ដោយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ក្រោយពី​ទទួលបាន​លទ្ធផល វិភាគ​វត្ថុ​នៃ​មន្ទីរពិសោធន៍​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​យប់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ បាន​បង្ហាញថា អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​មាន​ចំនួន​៧​នាក់ (៥​នាក់​ជា​ក្រុមគ្រួសារ និង​២​នាក​ជា​មិត្តភក្តិ​របស់​អ្នកជំងឺ​) ហើយ​អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​នេះ​សរុប​មាន​ចំនួន​៤០​នាក់​។​

​ក្រុមការងារ នឹង​បន្ត​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជា​បន្តទៀត​នៅ​ថ្ងៃទី​២ ខែតុលា​នេះ និង​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ដោយសារ​ស្ថានភាព​អាកាសធាតុ​នៅ​ខេត្ត​បាត់ដំបង នា​យប់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ មាន​ភ្លៀង​ធ្លាក់​ខ្លាំងពេក និង​យប់​ជ្រៅ​ផង​នោះ​។ ក្រសួង​នឹង​បន្ត​ជម្រាបជូន​សាធារណជន​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​នូវពេល​បញ្ចប់​ការងារ​នេះ​។​

​គិត​ត្រឹម​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០​នេះ ប្រទេស​កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូវី​ដ​-១៩ មាន​ចំនួន​សរុប​២៧៨​នាក់ ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៧៥​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចាក់អង្រែ ចំនួន​១​នាក់ មន្ទីរពេទ្យ​ខេត្តសៀមរាប ចំនួន​១​នាក់ និង​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង ចំនួន​១​នាក់​៕

ព័ត៌មានផ្សេងទៀត