កម្ពុជា​សាទរ​ដែល​អង់គ្លេស​ជួយ​ថវិកា​៤,៨​លាន​ផោន​ដល់​ប្រព័ន្ធ​សុខាភិបាល​ប្រទេស​៤

01-10-2020 5:26 pm 203

​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​និង​ចក្រភព​អង់គ្លេស ស្តីពី​ការឆ្លើយតប​នឹង​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២០ ចក្រភព​អង់គ្លេស​បាន​ប្តេជ្ញាចិត្ត​ជួយ​គាំទ្រ​ថវិកា​ចំនួន​៤,៨​លាន​ផោន ដល់​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជាតិ និង​ការការពារ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម​។ ក្នុងនោះដែរ​ចក្រភព​អង់គ្លេស​ក៏​បានប្រកាសថា​នឹង​ចូលរួមចំណែក​បរិច្ចាគ​ថវិកា​ចំនួន​១​លាន​ផោន ដល់​មូលនិធិ​អាស៊ាន​សម្រាប់​ឆ្លើយតប​និង​ជំងឺ​កូវី​ដ​១៩ ក៏ដូចជា​ការគាំទ្រ​យុទ្ធសាស្ត្រ​ថវិកា​ចំនួន​០,៥​លាន​ផោន ដល់​លេខាធិការដ្ឋាន​អាស៊ាន​ដើម្បី​បង្កើត​និង​ដាក់ចេញ​នូវ​គោលនយោបាយ​នានា​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយសារតែ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​។​

​ពាក់ព័ន្ធ​នឹង​ការបេ្តជ្ញាចិត្ត​ជួយ​ដល់​មូលនិធិ​អាស៊ាន​នេះ ប្រទេស​ដែលជា​សមាជិក​អាស៊ាន​មួយ​ដែរ បាន​លើ​ទឹកចិត្ត​ដល់​ចក្រភព​អង់គ្លេស​ឲ្យជួយ​គាំទ្រ និង​ចូលរួមចំណែក​ដល់​ការ​បម្រុង​ទុក​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ក្នុង​តំបន់ ដើម្បី​ជួយ​ឲ្យមាន​ការឆ្លើយតប​យ៉ាង​ឆាប់​រហ័ស​ចំពោះ​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ជាបន្ទាន់​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​រវាង​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​លោកដូ​មីនិក រ៉ា​អាប់ រដ្ឋមន្ត្រីការបរទេស​ចក្រភព​អង់គ្លេស ស្តីពី​ការឆ្លើយតប​នឹង​ជំងឺ​កូវី​១៩​។ នៅក្នុង​កិច្ចប្រជុំ​នេះ បានបង្ហាញ​នូវ​សេចក្តី​ព្រួយបារម្ភ​អំពី​ការបន្ត​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​ដល់​ជីវភាព​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅ​ទូទាំង​ពិភពលោក​។ 

​ក្នុង​បរិការណ៍​នេះ កិច្ចប្រជុំ​បាន​ប្តេជ្ញាចិត្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ថែមទៀត រវាង​បណ្តា​ប្រទេស​សមាជិក​អាស៊ាន និង​ចក្រភព​អង់គ្លេស លើ​ការស្រាវជ្រាវ អភិវឌ្ឍន៍ ផលិតកម្ម និង​ការចែក​វ៉ាក់សាំង និង​ផ្តល់​ការព្យាបាល​ជំងឺ​កូវី​ដ​-១៩ ដោយ​ប្រកាន់ខ្ជាប់​នូវ​វត្ថុបំណង​ប្រសិទ្ធភាព​។​

សូមបញ្ជាក់​ផងដែ​រថា កិច្ចប្រជុំ​ធ្វើឡើង​ស្របពេល​ជំងឺ​កូវី​ដ​១៩​បាន​នឹង​កំពុង​រីក​រាលដាល​យ៉ាង​គឃ្លើន​នៅលើ​ពិភពលោក ក្នុងនោះ​បណ្តា​ប្រទេស​និង​ដែនដី​ជាង​២០០​កំពុងតែ​រងគ្រោះ​។ តាំងពី​ជំងឺ​នេះ​ផ្ទុះ​ដំបូង​កាលពី​ខែ​ធ្នូរ ឆ្នាំ​២០១៩​កន្លងទៅ មនុស្ស​ជាង​១​លាន​នាក់​បាន​ស្លាប់ និង​ឆ្លង​ជាង​៣៤​លាន​នាក់​។ ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវី​ដ​១៩​នេះ កំពុងតែ​ជះឥទ្ធិពល​ដ៏​អាក្រក់​ដល់​វិស័យ​ជាច្រើន ក្នុងនោះ​ក៏មាន​ផលប៉ះពាល់​វិស័យសេដ្ឋកិច្ច​ទូទាំង​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផងដែរ​៕(​ដោយ​៖​ម៉ៅ សុ​ភក្ដ្រា​)


ព័ត៌មានផ្សេងទៀត