ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយអ៊ុយក្រែននៅថ្ងៃព្រហស្បត្តិ៍ទី០១ តុលា ឆ្នាំ២០២០នេះ ឲ្យដឹងថា មនុស្ស ៨នាក់ បានស្លាប់និង ១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃមួយ ស្ថិតនៅភាគខាងជើងនៃតំបន់Luhansk ប្រទេសអ៊ុយក្រែន។
ក្នុងសេចក្តីថ្លែងការណ៍ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយអគ្គិភ័យបញ្ជាក់ថា អគ្គិភ័យបានគំរាមកំហែងដល់លំនៅឋានចំនួន ២២កន្លែង និងបានឡោមព័ទ្ធតំបន់រងគ្រោះប្រមាណ ៩,៣០០ហិកតា ខណៈមនុស្ស ១២០នាក់ត្រូវបានជម្លៀសចេញ។ អាជ្ញាធរមូលដ្ឋានបាននិយាយថាមានកន្លែងឆាបឆេះសរុបចំនួន ១៤៦កន្លែង ហើយក្នុងនោះមាន៨២កន្លែងត្រូវបានពន្លត់។
ទាក់ទងមូលហេតុនៃភ្លើងឆេះព្រៃនេះដែរ អាជ្ញាធរក្នុងតំបន់បាននិយាយថា អគ្គិភ័យនេះអាចបណ្តាលមកពីការបាញ់គ្រាប់ផ្លោងចេញពីតំបន់ក្បែរនោះ ដែលគ្រប់គ្រងដោយក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី៕
ដោយ៖ យឺន សីហា