គណៈកម្មការត្រួតពិនិត្យកម្មវិធីជជែកដេញដោលប្រធានាធិបតីអាមេរិក ហៅកាត់ថាCPD និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នឹងមានការផ្លាស់ប្តូរច្បាប់ នៅក្នុងកម្មវិធីជជែកដេញដោលបេក្ខជនប្រធានាធិបតីអាមេរិកជុំទីពីរ ដើម្បីឲ្យដំណើរការជជែកដេញដោល មានសណ្តាប់ធ្នាប់ជាងជុំទី១។ គណៈកម្មការត្រួតពិនិត្យលើកម្មវិធីជជែកដេញដោលបញ្ជាក់ថា វិធានការថ្មីនេះផ្តោតសំខាន់ទៅលើការបិទសំឡេងមេក្រូ របស់ភាគីម្ខាងណា ដែលព្យាយាមនិយាយបង្អាក់ភាគីម្ខាងទៀត ឬបង្កការរំខានដល់អ្នកសម្របសម្រួល។ ពោល ប្រសិនបើបេក្ខជនរូបណា និយាយកាត់ភាគីទៀតដែលកំពុងតែនិយាយ គេនឹងកាត់ផ្តាច់ម៉ៃក្រូហ្វូនភ្លាមៗតែម្តង។
គណៈកម្មការត្រួតពិនិត្យកម្មវិធីជជែកដេញដោលប្រធានាធិបតី នឹងបញ្ជាក់ពីច្បាប់ថ្មីនេះ ទៅកាន់បេក្ខជនប្រធានាធិបតីទាំងពីររូបគឺ លោកដូណាល់ ត្រាំបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ និងលោកចូបាយ ដិនបេក្ខជនប្រធានាធិបតីមកពីគណក្សប្រជាធិបតេយ្យ ឲ្យបានដឹងមុន ការជជែកដេញដោលជុំទីពីរ។
ផែនការផ្លាស់ប្តូរច្បាប់នៅក្នុងកម្មវិធីជជែកដេញដោលប្រធានាធិបតីនេះ ធ្វើឡើងភ្លាមៗ ក្រោយពីមានជជែកតឹងសរសៃកដាក់គ្នា រវាងលោកត្រាំនិងលោកបាយដិន នៅក្នុងការជជែកដេញដោលជុំទី១កាលពីរាត្រីថ្ងៃអង្គារ។ នៅក្នុងនោះក៏មានការប្រើពាក្យសំដីប្រមាថគ្នាផងដែរ។ មធ្យោបាយនៃការជជែកដេញដោលប្រធានាធិបតីលើកដំបូង ត្រូវបានគេរិះគន់ទូទាំងសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក។ តាមសង្កេតមើលនៅក្នុងការជជែកដេញដោលជុំទី១ លោកត្រាំតែងតែរំខានលោកបាយដិន ដែលជាហេតុនាំឲ្យមានការ ប៉ះទង្គិចពាក្យសំដីគ្នាទៅវិញទៅមក។
ផែនការរឹតបន្តឹងច្បាប់នៅក្នុងកម្មវិធីការជជែកដេញដោលប្រធានាធិបតី ត្រូវបានក្រុមខាងភាគីលោកត្រាំរិះគន់។ នាយកផ្នែកទំនាក់ទំនងនៃយុទ្ធនាការឃោសនារបស់លោកត្រាំ គឺលោក Tim Murtaugh បានពិពណ៌នាការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកកាលពីរាត្រីថ្ងៃអង្គារថាជា ការផ្លាស់ប្តូរគំនិតដោយសេរី និងបានរិះគន់ផែនការផ្លាស់ប្តូរច្បាប់នៅក្នុងកម្មវិធីជជែកដេញដោលនេះ។ លោក Tim Murtaugh បានលើកឡើងហាក់ចោទ គណៈកម្មការត្រួតពិនិត្យលើកម្មវិធីជជែកដេញដោលលម្អៀងទៅរកភាគីម្ខាងទៀតថា ដោយសារតែលោកបាយដិន រងនូវការវាយលុកខ្លាំងពេកពីលោកត្រាំ ទើបបានជាផ្លាស់ប្តូរច្បាប់ជជែកដេញដោលដូច្នេះ។
ចំណែកលោកស្រី Kate Bedingfield នាយករងនៃយុទ្ធនាការរបស់លោកបាយដិនវិញនិយាយថា អតីតអនុប្រធានាធិបតីលោកបាយដិន នឹងចូលរួមអនុវត្តតាមច្បាប់ ដែលបង្កើតឡើងដោយគណៈកម្មការ ដើម្បីព្យាយាមទប់ស្កាត់ឥរិយាបទខុសប្រក្រតីរបស់លោកដូណាល់ ត្រាំ។
សូមបញ្ជាក់ថា ការជជែកដេញដោលរវាងលោកត្រាំនិងលោកបាយដិន ត្រូវធ្វើឡើងចំនួន៣លើក មុនការបោះឆ្នោតឈានចូលមកដល់ នៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០។ នៅក្នុងនោះការជជែកដេញដោលលើកទី១ បានបិទបញ្ចប់ហើយ នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២០ ហើយការជជែកដេញដោលជុំទីពីរ នឹងធ្វើឡើងនៅថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ និងលើកទីបីនៅថ្ងៃទី២២ខែតុលាឆ្នាំ២០២០៕ ដោយ៖អ៊ុន សុខឡា