ផ្ទុះ​ការតវ៉ា​ក្រោយ​មាន​ករណី​រំលោភ​បូក បណ្តាល​ឲ្យ​នារី​២​នាក់​ស្លាប់​នៅ​ឥណ្ឌា​

01-10-2020 3:43 pm 179

​ពលរដ្ឋ​ឥណ្ឌា​ជាច្រើន​នាក់​បាន​ផ្ទុះ​កំហឹង​និង​នាំគ្នា​តវ៉ា ក្រោយ​មាន​ករណី​រំលោភ​បូក​លើ​នារី​ចំនួន​២​នាក់ យ៉ាង​ព្រៃផ្សៃ​រហូត​បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត នៅ​ភាគ​ខាងជើង​រដ្ឋ​Uttar Pradesh ប្រទេស​ឥណ្ឌា​។ នារី​រងគ្រោះ​ទាំង​ពីរ​នាក់ មាន​ម្នាក់​ឈ្មោះ​Dalit អាយុ​ប្រហែល​២២​ឆ្នាំ និង​ម្នាក់​ទៀត​ពុំស្គាល់ឈ្មោះអាយុ​ប្រហែល​១៩​ឆ្នាំ​។ នារី​រងគ្រោះ​ទាំងពីរ​ត្រូវ​គេ​អះអាង​ថា ត្រូវ​បាន​បាន​រំលោភ​បូក​ដោយ​បុរស​វណ្ណៈ​ខ្ពស់ៗ​​។ 

​ក្រោយ​កើត​ហេតុការណ៍ ប៉ូលិស​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ពី​បទ​រំលោភ​សេពសន្ថវៈ និង​ឃាតកម្ម ហើយ​បាន​ឃាត់ខ្លួន​បុរស​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ចុងក្រោយ​ដែល​បាន​កើតឡើង នៅក្នុង​ខេត្ត​Balrampur ខណៈ​ករណី​រំលោភ​ដំបូង​បំផុត​លើ​នារី​២២​ឆ្នាំ កើតឡើង​នៅក្នុង​ខេត្ត​Hathras ចម្ងាយ​ប្រមាណ​៥០០​គីឡូម៉ែត្រ​ពី​ករណី​ចុងក្រោយ​។​

​ជនរងគ្រោះ​ទី​១​ត្រូវគេ​រំលោភ​រហូត​រងរបួស​ធ្ងន់ ហើយ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ទីក្រុង​ដេលី កាលពី​ថ្ងៃ​អង្គារ៍​ទី​២៩ កញ្ញា ឆ្នាំ​២០២០​។ ចំណែក​ជនរងគ្រោះ​ទី​២ ក៏​បាន​ស្លាប់​នៅ​ថ្ងៃ​អង្គារ៍​ដូចគ្នា​ដែរ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ឥណ្ឌា ទើប​ទទួលបាន​ព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ទី​០១ តុលា ឆ្នាំ​២០២០​នេះ​។ ករណី​នេះ​បង្ក​ឲ្យ​ប្រតិកម្ម​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម​ជុំវិញ​ការរំលោភ​ផ្លូវភេទ និង​អំពើ​ហិង្សា​ពី​សំណាក់​អ្នក​មាន​វណ្ណៈ​ខ្ពស់​នៅក្នុង​ប្រទេស​ឥណ្ឌា​។​

​បើ​តាម​ម្តាយ​ក្មេងស្រី​រងគ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ទាំង​២​នាក់ បាន​ប្រាប់​លោក​Mishra​អ្នកសារព័ត៌មាន​ឥណ្ឌា​ថា កូនស្រី​របស់​ខ្លួន​បាន​ទៅ​សាលារៀន​ក្បែរ​នោះ ដើម្បី​ដាក់​ពាក្យ​សុំ​ចូលរៀន​នៅ​ព្រឹក​ថ្ងៃកើតហេតុ​។ នៅពេលដែល​នាង​កំពុង​ត្រលប់មក​ផ្ទះ​វិញ​ស្រាប់តែ​មាន​បុរស ៣​ទៅ​៤​នាក់ បាន​ចាប់បង្ខំ​នាង​ចូល​ក្នុង​រថយន្ត​របស់​ពួក​គេ​តែម្ដង​។ ម្ដាយ​ក្មេងស្រី​ដដែល​បន្តថា បុរស​មួយក្រុម​នោះ​បាន​សេព​គ្រឿងញៀន​មុននឹង​ចាប់រំលោភ​កូនស្រី​របស់​ខ្លួន​។ ហើយ​ពួកគេ​បាន​វាយបំបាក់​ជើង​និង​ចង្កេះ​របស់​កូនស្រី​ខ្លួន​ទៀត​។ ក្រោយ​ចាប់រំលោភ​ពួកគេ​បាន​ទុក​នាង​នៅ​ក្នុង​ឆៃ​កែវ​មួយ​មុននឹង​បាន​នាំ​នាង​ទៅ​ផ្ទះ​។​

​យ៉ាងណា​១០​នាទី​ក្រោយ នារី​រងគ្រោះ​បាន​ត្អូញត្អែរ​ពី​អារម្មណ៍​ក្រហាយ​នៅក្នុង​ពោះ ដែល​ជំរុញ​ឱ្យ​ក្រុមគ្រួសារ​របស់​នាង​បាន​ប្រញាប់​បញ្ជូន​នាង​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់​។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របស់​នាង​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បាន​សុំ​ឲ្យ​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​ធំ​មួយ​នៅក្នុង​ទីក្រុង ប៉ុន្តែ​នាង​បាន​ស្លាប់​នៅតាម​ផ្លូវ​។ ព័ត៌មាន​នេះ​ហើយ​បាន​ធ្វើឱ្យ​មាន​ប្រតិកម្ម​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម និង​រហូត​ឈានដល់​ផ្ទុះ​ការតវ៉ា​។​

​តួ​យ៉ាង​កាលពី​ថ្ងៃ​ពុធ​ទី​៣០ កញ្ញា ឆ្នាំ​២០២០ កំហឹង​តវ៉ា​បាន​ផ្ទុះឡើង​ក្នុង​ខេត្ត​Hathras​។ ការតវ៉ា​កើតចេញពី​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ បាន​ចោទប្រកាន់​មន្ត្រី​ប៉ូលីស​ថា បាន​បូជា​សាកសព​កូនស្រី​របស់​ពួក​គេ​ដោយ​មិន​សុំ​ការអនុញ្ញាត​។ ជុំវិញ​បញ្ហា​នេះ​ដែរ​អតីត​អភិបាលរដ្ឋ​Uttar Pradesh​លោក​Akhilesh Yadav បាន​បង្ហោះ​សារ​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស Bharatiya Janata (BJP)​។ ក្រៅពីនេះ​ក៏​នៅ​មាន​មេដឹកនាំ​ប្រឆាំង​និង​ប្រជាជន​ឥណ្ឌា​ផ្សេងទៀត ក៏​បាន​រិះគន់​យ៉ាងខ្លាំង ចំពោះ​ការវាយប្រហារ​ចំពោះ​ករណី​នេះ​លើ​បណ្តាញ​សង្គម​ផង​ដែរ​៕

​ដោយ​៖ យឺន សីហា​

ព័ត៌មានផ្សេងទៀត