កំណែទម្រង់​ថ្មី​!ការផ្ទេរកម្មសិទ្ធិ​យានយន្ត​អាច​ស្នើសុំ​តាម​ប្រព័ន្ធ​អន​ឡា​ញ​

01-10-2020 2:53 pm 551

​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​រថយន្ត ដែល​អនុញ្ញាត​ឱ្យ​ម្ចាស់​រថយន្ត​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​តាម​ប្រព័ន្ធ​អន​ឡាញ ត្រូវបាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ហើយ​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ​។​

​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​រថយន្ត​នេះ នឹង​បង្ក​លក្ខ​ខណៈ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​រថយន្ត ដោយ​ចូល​ទៅក្នុង​ប្រព័ន្ធ​តាម​អន​ឡាញ vehicle.mpwt.gov.kh ឬ​ទៅកាន់​ទីតាំង​ផ្តល់​សេវា​ដែល​កំណត់​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​រថយន្ត​។ ប្រព័ន្ធ​ថ្មី​ដោយ​មាន​ជំនួយ​ពី​បច្ចេកវិទ្យា​នេះ មាន​ការភ្ជាប់​ប្រព័ន្ធ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ផ្ទេរកម្មសិទ្ធិ​យានយន្ត មិន​លំបាក​ធ្វើដំណើរ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​បង់ពន្ធ​ប្រថាប់ត្រា​ដូច​មុន​ទៀត​នោះ​ឡើយ​។​

​លោក​រដ្ឋមន្ត្រី​បន្តថា ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ផ្ទេរកម្មសិទ្ធិ​រថយន្ត​នេះ នឹង​ផ្តល់​ភាពងាយស្រួល​លើ​ការងារ​គ្រប់គ្រង​យានជំនិះ​គ្រប់​ប្រភេទ​នៅ​កម្ពុជា ផ្តល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ម្ចាស់​យានជំនិះ ព្រមទាំង​រួមចំណែក​ក្នុង​ការប្រមូល​ប្រាក់​ពន្ធ​អាករ ធានាឲ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ទប់ស្កាត់​ការ​ក្លែងបន្លំ​ផ្សេងៗ​ឲ្យមាន​ប្រសិទ្ធិភាព​។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​ដាក់​ពាក្យ​ស្នើសុំ​ផ្ទេរកម្មសិទ្ធិ​រថយន្ត​តាម​អន​ឡាញ​ហើយ​នោះ ម្ចាស់​យានយន្ត​អាច​ទៅ​យក​បណ្ណ​សម្គាល់​រថយន្ត ឬ​កាត​គ្រី នៅ​មជ្ឈមណ្ឌល​ផ្តល់​សេវា​នៅ​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉ល តាម​បណ្តោយ​មហាវិថី​ព្រះរោត្ត​ម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឬ​តាម​កន្លែង​ផ្តល់​សេវា​ដទៃៗ​ទៀត​៕


ព័ត៌មានផ្សេងទៀត